សង្គមអន្តរជាតិ
អន្តរជាតិ
ក្មេងៗទាំង១៣នាក់ ត្រូវបំប៉នរយៈពេលរាប់ខែ ទើបចេញពីរូងភ្នំវិញបាន រូបភាព៖ ហ្វេសប៊ុកលោក Tossapol Chaisamritpol
× អភិបាលខេត្តឈៀងរ៉ៃបានឲ្យដឹងនៅថ្ងៃទី៣ ខែកក្កដានេះថាក្មេងប្រុស១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ដែលបានរកឃើញមានជីវិតបន្ទាប់ពីបាត់ខ្លួនរយៈពេល ១០ថ្ងៃមកហើយនោះស្ថិតក្នុងរូងភ្នំនៅឡើយទេ។ ក្រុមអ្នកជួយសង្គ្រោះមិនអាចបញ្ជូនកុមារទាំងនោះចេញមកក្រៅបានភ្លាមៗនោះទេ ព្រោះស្ថានភាពទឹកក្នុងរូងភ្នំជ្រៅពេក ដោយត្រូវការរយៈពេលរាប់ខែឯណោះ។ ក្រៅពីទទួលអាហារបំប៉ន ក្មេងៗទាំងនោះក៏ត្រូវបង្រៀនឲ្យមុជទឹកជ្រៅដើម្បីអាចហែលឆ្លងចេញរួចពីរូងភ្នំដែលពួកគេកំពុងជាប់នោះផងដែរ។
លោកអភិបាលខេត្តឈៀងរ៉ៃ Narongsak Osottanakhorn ថាក្រុមក្មេងៗដែលជាជនរងគ្រោះនោះត្រូវបានគេប្រទះឃើញស្ថិតនៅទីទួលដែលស្ថិតក្នុងរូងភ្នំ Tham Luang (មានឈ្មោះក្រៅផ្លូវការថា ឆ្នេរប៉ាតាយ៉ា)។ ទីភ្នាក់ងារព័ត៌មាន AFP ដកស្រង់សម្តីទាហានថៃដែលដឹកនាំក្រុមសង្គ្រោះថា មកដល់ពេលនេះ ខាងអាជ្ញាធរបានបញ្ជូនចំណីអាហារប៉ូវកម្លាំងរួមទាំងជែលសម្រាប់បរិភោគដែលមានកាឡូរីខ្ពស់ និងថ្នាំប៉ារ៉ាសេតាម៉ុល ក៏ដូចជាក្រុមគ្រូពេទ្យចូលទៅសង្គ្រោះ និងពិនិត្យសុខភាពដល់ជនរងគ្រោះទាំងនោះដើម្បីធានាថា ការនាំពួកគេចេញអាចធ្វើទៅបានដោយសុវត្ថិភាព។
ប៉ុន្តែយ៉ាងណា ខាងក្រុមសង្គ្រោះដឹងច្បាស់ថា ដោយសារសុខភាពជនរងគ្រោះនៅមានសភាពទន់ខ្សោយដ្បិតខ្វះចំនីអាហាររយៈពេល១០ថ្ងៃមក ហើយស្ថានភាពផ្លូវក្នុងរូងភ្នំត្រូវលិចទឹកអស់និងមានចម្ងាយឆ្ងាយពីមាត់រូងផងនោះទើបធ្វើឲ្យពិបាកនាំពួកគេមុជទឹកដើម្បីចេញពីរូងភ្នំ។ ជារួម វាចាំបាច់ត្រូវបង្រៀនឲ្យពួកគេចេះមុជទឹកដើម្បីហែលឆ្លងកាត់តាមផ្លូវទឹកដែលជាច្រកក្រោមដីដ៏ស្មុគស្មាញនោះដើម្បីចេញមកក្រៅរូងភ្នំបាន។
លោក Osottanakhorn បានបន្ថែមថា បញ្ហាសំខាន់នៅពេលនេះ គឺធ្វើយ៉ាងណារកវិធីជួយក្មេងៗទាំងនោះចេញមកក្រៅដោយសុវត្ថិភាព ខណៈទឹកអាចនឹងបន្តកើនឡើងថែមទៀត។ បើតាមអ្នកជំនាញគេអាចនឹងចំណាយពេលដល់រាប់ខែ ឯណោះទើបអាចនាំក្មេងៗទាំងនោះចេញពីរូងភ្នំ Tham Luang Nang Non ដែលស្ថិតក្នុងស្រុកម៉ៃសៃ ខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃនេះបាន។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ចំណីអាហារដែលគេបានបញ្ជូនចូលទៅផ្គត់ផ្គង់ក្មេងៗនោះអាចប្រើប្រាស់បានរយៈពេលដល់ទៅបួនខែឯណោះ៕
Tag:
ក្មេងប្រុសបាត់ខ្លួននៅថៃ
រូងភ្នំ Tham Luang
© រក្សាសិទ្ធិដោយ thmeythmey.com