វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
អតីតមន្ត្រី​ជាន់ខ្ពស់រ​បស់​ក្រសួង​ការពារ​ប្រទេស​ថា ក្រុមហ៊ុន Google បាន​ដោះស្រាយ​បញ្ហា «​គ្រោះ​ថ្នាក់លើ​ក្រមសីលធម៌​»
03, Jul 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​រដ្ឋធានី​វ៉ាស៊ីនតោន ៖ អតីតមន្ត្រី​ជាន់ខ្ពស់​ម្នាក់​របស់​ការិយាល័យ​ការពារ​ប្រទេស​របស់​សហរដ្ឋអាមេរិក ចោទសួរ​អំពី​ក្រមសីលធម៌​នៃ​សេចក្តីសម្រេច​របស់​ក្រុមហ៊ុន Google ដែល​មិន​បន្ត​កិច្ចសន្យា​ជាមួយ​ក្រសួង​ការពារ​ប្រទេស​របស់​សហរដ្ឋ​អាម​រិ​ក​។​



​អតីត​អនុ​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស លោក Bob Work បាន​និយាយ​ក្នុង​សម្តី​ដើម​កាល​ពីថ្ងៃ​អង្គារ ទី​២៦ ខែមិថុនា​ថា​៖

«​ខ្ញុំ​ជឿជាក់ថា បុគ្គលិក​របស់​ក្រុមហ៊ុន Google បាន​បង្កើត​គ្រោះថ្នាក់​សីលធម៌ លើ​ខ្លួនឯង​»​។​

​ក្រុមហ៊ុន Google បានប្រកាស​កាលពីដើម​ខែមិថុនា​នេះ​ថា ខ្លួន​នឹងមិន​បន្ត​កិច្ចសន្យា​លើ​គម្រោង Maven ទេ បន្ទាប់ពី​បុគ្គលិក​របស់ខ្លួន​ចំនួន​១៣​នាក់ បាន​លាឈប់ និង​បុគ្គលិក​ចំនួន ៤៦០០​នាក់​ទៀត បាន​ចុះហត្ថលេខា​លើ​ញត្តិ ប្រឆាំង​ទៅនឹង​ការយក​សមិទ្ធផល​ការងារ​របស់​ពួកគេ​ទៅប្រើ​នៅក្នុង​កិច្ចការ​សង្គ្រាម​។​

​គម្រោង Maven បាន​ព្យាយាម​ប្រើប្រាស់​បញ្ញា​និម្មិត ដែលជា​ភាសារ​អង់គ្លេស​ថា Artificial Intelligence ដើម្បី​រុករក និង​កំណត់​អត្តសញ្ញាណ​របស់​រូបភាព ដែល​បាន​ថត​ដោយ​ប្រើប្រាស់ Drone​។​

​បុគ្គលិក​ក្រុមហ៊ុន Google ជាច្រើន​នាក់ ដែល​ប្រឆាំង​ទៅនឹង​គម្រោង​នេះ បានលើកឡើង​ពី​គោលការណ៍​ការពារ​ផលិតផល​របស់​ក្រុមហ៊ុន​ខ្លួន ពី​ការប្រើប្រាស់​ដោយ​មិន​បង្ក​គ្រោះភ័យ​។ ប៉ុន្តែ​លោក Bob Work ដែលជា​អតីត​អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​សហរដ្ឋអាមេរិក ដែល​បាន​បំពេញការងារ​ពី​ចន្លោះ​ឆ្នាំ​២០១៤ ដល់​ខែកក្កដា​ឆ្នាំ​២០១៧ បាន​រៀបរាប់ថា ក្រុមហ៊ុន Google មិនបាន​គិត​ឲ្យ​វែងឆ្ងាយ​ទេ​។ លោក​បាន​ប្រាប់​ទៅ​អ្នកចូលរួម​នៅឯ​កិច្ចប្រជុំ​កំពូល​ស្តីពី​កិច្ច​ការពារជាតិ និង​បច្ចេកវិទ្យា Defence One Tech Summit នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា​៖

«​យើង​នឹង​អាចធ្វើ​កិច្ចការ​នេះ​ដោយ​ខ្លួនឯង ប៉ុន្តែ​វា​អាចជួយ​សង្គ្រោះ​មនុស្ស​ជាច្រើន​នាក់​បាន​»​។​

​លោក Work ក៏បាន​ពិពណ៌នា​ក្រុមហ៊ុន Google​ថា លាក់ពុត ដោយ​លើក​ឧទាហរណ៍​ពី​កិច្ចការ​របស់​ក្រុមហ៊ុន​នេះ ជាមួយនឹង​ប្រទេស​ផ្សេងៗ​ទៀត ដូចជា ប្រទេស​ចិន​ជាដើម​។​

​លោក​បាន​ថ្លែងថា​៖

«​ក្រុមហ៊ុន Google បាន​បើក​មជ្ឈមណ្ឌល បញ្ញា​និម្មិត​នៅក្នុង​ប្រទេស​ចិន​។ អ្វីៗ​គ្រប់យ៉ាង​ដែល​ដាក់​ឲ្យ​ដំណើរការ​នៅឯ​មជ្ឈមណ្ឌល បញ្ញា​និម្មិត​ក្នុងប្រទេស​ចិន គឺ​នឹង​ត្រូវបាន​ទៅលើ​រដ្ឋាភិបាល​របស់​ប្រទេស​ចិន ហើយ​នៅ​ទីបញ្ចប់ វា​នឹង​ធ្លាក់​ទៅលើ​ដៃ​របស់​យោធា​ចិន​»​។​

​គម្រោង Maven របស់​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋអាមេរិក ត្រូវបាន​អនុម័ត​នៅក្រោម​ការគ្រប់គ្រង​រប​ស់លោក Work នៅក្នុង​ឆ្នាំ​២០១៦ ដែលមាន​ថវិកា​ជាដំបូង​ឡើយ​ប្រមាណ​ជា ៧០​លាន​ដុល្លា​សហរដ្ឋអាមេរិក​។ មន្ត្រី​ក្រុមហ៊ុន Google បាន​ប្រាប់​ទៅកាន់​បុគ្គលិក​របស់​ក្រុមហ៊ុន​របស់ខ្លួន​ថា ក្រុមហ៊ុន​នេះ​រកចំណូលបាន​មិន​ដល់​១០​លាន​ដុល្លា​អាមេរិក​ផង ប៉ុន្តែ​គម្រោង​នេះ​អាច​ផ្តល់​ការងារ​បន្ថែម​ដល់​ពួកគេ​។​

​មន្ត្រី​យោធា​របស់​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋអាមេរិក បាន​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ ទៅលើ​ការសម្រេច​របស់​ក្រុមហ៊ុន Google ស្តីពី​ការមិន​បន្ត​កិច្ចសន្យា​គម្រោង​នេះ ដោយ​ពន្យល់ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ មិនមែនជា​អ្នកម៉ៅការ​ចម្បង​ឡើយ​។​

​លោកស្រី Audricia Harris អ្នកនាំពាក្យ​របស់​ក្រសួង​ការពារ​ប្រទេស បាន​ប្រាប់ VOA តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច​ថា​៖

«​វា​មិន​សមរម្យ​ទេ​សម្រាប់​ក្រសួង​ការពារ​ប្រទេស ក្នុងការ​ប្រាប់​អំពី​ទំនាក់ទំនង​រវាង ភាគី​កិច្ចសន្យា​ចំបង និង​ភាគី​កិច្ចសន្យា​បន្ទាប់បន្សំ​»​។​

​លោកស្រី​បាន​បន្ថែមថា​៖

«​យើង​ឲ្យ​តម្លៃ​ទៅលើ​ទំនាក់ទំនង​របស់​ពួកយើង​ជាមួយនឹង​ស្ថាប័ន​សិក្សាធិការ និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ទាំងអស់​ដែលមាន​ការពាក់ព័ន្ធ​នឹង​គម្រោង Maven​។ ការសហការ​ជាមួយ​សាកលវិទ្យាល័យ និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ដ៏​ល្អ​បំផុត​នៅលើ​ពិភពលោក នឹង​ជួយ​រក្សា​ការឈាន​មុខ​របស់​សហ​រដ្ឋ​អាមេរិក​ក្នុង​វិស័យ​បញ្ញា​និម្មិត​»​។​

VOA បាន​សួរ​ទៅ​ក្រុមហ៊ុន Google ប៉ុន្តែ​មិនបាន​ទទួល​ការឆ្លើយតប​ទេ​។​

​នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​នៃ​ការបង្កើត​ថ្មី​សម្រាប់​កិច្ច​ការពារជាតិ លោក Josh Marcuse​បាន​បដិសេធ​មិន​ផ្តល់​ការអត្ថាធិប្បាយ​ដោយផ្ទាល់​ណាមួយ អំពី​ក្រុមហ៊ុន Google និង គម្រោង​Maven​ទេ ប៉ុន្តែ លោក​បាន​ថ្លែងថា លោក​សង្ឃឹមថា ការពិចារណា​ផ្នែក​ក្រមសីលធម៌ នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន​ធ្វើការ​ជាមួយនឹង​យោធា​។​

​លោក Josh Marcuse បាន​និយាយថា​៖

«​បញ្ញា​និម្មិត គឺមាន​គ្រោះថ្នាក់​ខ្លាំង​។ យើង​ចង់​ធ្វើការ​ជាមួយនឹង​ក្រុមហ៊ុន​ទាំងនេះ និង​វិស្វករ​របស់​ពួកគេ​»​។​

​លោក Josh Marcuse បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​កំពូល​បច្ចេកវិទ្យា​សម្រាប់​វិស័យ​ការពារជាតិ​ថា​៖

«​យើង​ត្រូវតែ​ការពារ​ប្រជាធិបតេយ្យ ប្រឆាំង​ទៅនឹង​សត្រូវ ឬក៏​អ្នកប្រកួតប្រជែង ដែលមាន​ទស្សនៈ​ផ្សេង​។ ខ្ញុំ​មិន​ចង់បង្ហាញ​ពី​អាវុធ​ដ៏​ល្ងង់ខ្លៅ​នៅលើ​ទីលានប្រយុទ្ធ​បច្ចេកវិទ្យា​ឆ្លាត​វ័យ​នេះ​ទេ​។​

​ប៉ុន្តែ​អ្នកជំនាញ​បាន​និយាយថា សំណួរ​ជាច្រើន​ពាក់ព័ន្ធ​ទៅនឹង​លទ្ធភាព​ជោគជ័យ​នៃ​ការធ្វើ​ជំនួញ​ប្រកបដោយ​ក្រមសីលធម៌ គឺ​ទំនងជា​នឹង​បន្ត​ចោទសួរ​ទៅ​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ផ្សេងទៀត ដែល​ត្រូវ​បានស្នើ​ឲ្យ​ធ្វើការ​ជាមួយនឹង​ក្រសួង​ការពារ​ប្រទេស​របស់​សហរដ្ឋអាមេរិក​។​

​លោកស្រី Heather Roff ដែល​ធ្វើការ​នៅ មជ្ឈមណ្ឌល​Leverhulme សម្រាប់​អនាគត​នៃ​បញ្ញា​និម្មិត នៅ​សាកលវិទ្យាល័យ Cambridge បាន​និយាយថា​៖ «​អតិថិជន​របស់​ពួកគេ មិន​ត្រឹម​តែមាន​ទីតាំងនៅ​សហរដ្ឋ​អាម​រិ​ក​នោះទេ​។ ការជួយ​វិស័យ​ការពារ​ប្រទេស​របស់​សហរដ្ឋអាមេរិក អាច​នាំ​ឲ្យ​មានការ​រាំងស្ទះ ភាពជោគជ័យ ឬ​ក៍​លទ្ធភាព​ជោគជ័យ​រប​ស់ប​ណ្តា​ប្រទេស​ផ្សេងៗ​។​

​លោក Paul Scharre អតីតមន្ត្រី​របស់​ក្រសួង​ការពារ​ប្រទេស ទទួលបន្ទុក​រឿង​បច្ចេកវិទ្យា​ថ្មីៗ លើកឡើងថា លោក​ខកចិត្ត​ចំពោះ​ការសម្រេច​របស់​ក្រុមហ៊ុន Google​។​

​លោក Scharre ដែល​បច្ចុប្បន្ននេះ​កំពុង​បម្រើការ​នៅឯ​មជ្ឈមណ្ឌល​សម្រាប់​ស​ន្តិ​សុខ​របស់​អាមេរិក​កាំ​ង​ជំនាន់​ថ្មី​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា​៖

«​មាន​ក្រុមហ៊ុន​ផលិត​អាវុធ​ជាច្រើន​ដែល​កំពុងតែ​ផលិត​អាវុធ​។ ដូច្នេះ ខ្ញុំ​អាច​យល់បាន​ថា ហេតុអ្វី​បានជា​ក្រុមហ៊ុន Google មិន​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​វិស័យនេះ​»​។​

​លោក​បាន​ថ្លែង​ទៀតថា លោក​មិន​គិតថា គម្រោង​Maven នឹង​បង្ក​គ្រោះថ្នាក់​នោះទេ​។ ច្បាស់​ណាស់​វា​មិនមែនជា​អាវុធ​បច្ចេកវិទ្យា​នោះទេ​។ វា​នឹង​ជួយ​មនុស្ស​ឲ្យ​មាន ការយល់ដឹង​កាន់តែ​ប្រសើរឡើង​អំពី​ការប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com