អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ ត្រូវចាប់ខ្លួន
03, Jul 2018 , 3:37 pm        
រូបភាព
ដោយ: ថ្មីៗ
 ចុងក្រោយ​អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ ត្រូវបាន​អាជ្ញាធរប្រឆាំងពុករលួយម៉ាឡេស៊ីចាប់ខ្លួននៅថ្ងៃ​អង្គារទី ៣ ខែកក្កដានេះដោយជាប់ពាក់ព័ន្ធសំណុំរឿងកិបកេង​លុយ​មូលនិធិរដ្ឋ 1MDB។ នេះបើតាមទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama។  


អង្គភាពប្រឆាំងអំពើពុករលួយម៉ាឡេស៊ីដែលអនុវត្តសំណុំរឿង​ និងចុះចាប់ខ្លួនអតីតប្រមុខរដ្ឋាភិបាលនេះបាន​លើកឡើងថា វាពិតជាមានការចាប់​ខ្លួនមែន ហើយការ​ចោទ​ប្រកាន់នឹងចាប់​ផ្តើមជាបន្តប​ន្ទាប់។

ដោយឡែក បើតាមទូរទស្សន៍សិង្ហបុរី Channel News Asia ដែលស្រង់សម្តីមេធាវីគ្រួសារលោក ណាជីប  ការចាប់ខ្លួននេះ​កើតឡើង​នៅផ្ទះរបស់លោក ណាជីប ផ្ទាល់ ខណៈដែលការចោទប្រកាន់អាចនឹងត្រូវធ្វើ​ឡើងនៅថ្ងៃស្អែកផង។ 

ការចាប់ខ្លួនអតីតមេដឹកនាំម៉ាឡេស៊ីនេះ កើតឡើង​ប្រហែលបួនថ្ងៃប៉ុណ្ណោះ ក្រោយនាយករដ្ឋមន្ត្រីវ័យ ៩២ ឆ្នាំ មហាធៀ មហាម៉ាត់ អះអាងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Bernamaថា ការចាប់ខ្លួននឹង​កើតឡើង​ឆាប់ៗ។ លោកបានបន្ថែមថា ការពន្យារពេលចាប់​ខ្លួន​គឺដោយសារ​អាជ្ញាធរកំពុងបន្តប្រមូលភស្តុតាងឲ្យបានរឹងមាំសិន ដើម្បី​កុំឲ្យមានការថ្លោះថ្លោយនោះ។ 

«​ខ្ញុំ​គិតថា ណា​ជីប នឹងត្រូវ​នាំមក​តុលាការ​ឆាប់ៗ​។ មនុស្សជាតិ​បានបង្ហាញ​ការងឿងឆ្ងល់​ហេតុអ្វី​បានជា​មិនមាន​ការចាត់វិធានកា​រ ហើយ​ទុក​ឲ្យ​លោក ណា​ជីប រស់នៅ​ស្រួល​បែបនេះ​។ ខ្ញុំ​ចង់​បញ្ជាក់ថា ការនាំ​សុំ​ណុំ​រឿងនេះ​មក​តុលាការ វា​ចាំបាច់​ត្រូវមាន​ភស្តុតាង​គ្រប់គ្រាន់​។ ដូច្នេះ​យើង​មិន​បរាជ័យ​ពេល​ចាប់ផ្តើម​ដំណើរការ​ចោទប្រកាន់​ជា​ផ្លូវការ​»​។​ នេះជាការលើកឡើងរបស់លោក មហាធៀ។   

ក្រោយចាញ់ឆ្នោត​ក្នុងការ​បោះឆ្នោតជាតិ​លើក​ទី ១៤ កាលពី​ដើមខែឧសភា​ លោក ណាជីប ត្រូវប្រឈមបញ្ហាជាថ្មី ព្រោះ​សំណុំរឿង​មូលនិធិ 1MDB ដែល​ពាក់ព័ន្ធ​នឹង​រូបលោក ក៏ត្រូវ​លោក មហា​ធៀ បញ្ជា​ឲ្យ​គេ​ចាប់ផ្តើម​ស៊ើបអង្កេត​ឡើងវិញ​ទៀត​។ ណាជីប ក៏ត្រូវប្រឈមបម្រាមចាកចេញពីប្រទេសផងដែរ។ ក្រោយ​មានបញ្ជាឲ្យ​ស៊ើបអង្កេតឡើងវិញហើយ ​ប៉ូលិស​ម៉ាឡេស៊ីបាន​ចុះ​ឆែកឆេរ​ផ្ទះ និង​ខុន​ដូ​របស់លោក ណា​ជីប ច្រើនដង និង​រឹបអូស​បាន​លុយ គ្រឿងអលង្ការ​និង​របស់​មានតម្លៃ​ផ្សេងទៀត​មាន​ទំហំ​ជាង ២៧០​លាន​ដុល្លារ​ឯណោះ​។ ក្រៅពី​រឿង​កិបកេង​លុយ​មូលនិធិ​រដ្ឋ លោក ណា​ជីប ក៏​ពាក់ព័ន្ធ​នឹង​សុំ​ណុំ​រឿង​ឃាតកម្ម​ជនជាតិ​ម៉ុង​ហ្គោល Altantuya Shaariibuu ផង​។ 

បង្កើត​ក្នុង​ឆ្នាំ​២០០៩ មូលនិធិ 1MDB មាន​គោលដៅ​ប្រែក្លាយ​ទីក្រុង​គួ​ឡា​ឡាំ​ពួរ ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ និង​ជំរុញ​សេដ្ឋកិច្ចជាតិ តាមរយៈ​ការវិនិយោគ​យុទ្ធសាស្ត្រ​។ ប៉ុន្តែ​មន្ត្រី​ក្រសួងយុត្តិធម៌​អាមេរិក​ដែល​បាន​ស្រាវជ្រាវ​ក្នុងករណីនេះ​បាន​អះអាងថា មន្ត្រី​ក្នុង​មូលនិធិ​នេះ​បាន​កិបកេង​លុយ​ប្រហែល ៤,៥ ពាន់​លាន​ដុល្លារ​អាមេរិក​ហើយ​មួយផ្នែក​នៃ​លុយ​នោះ​មាននៅ​ក្នុង​គ​ណី​ធនាគារ​របស់លោក ណា​ជីប រ៉ា​ហ្សា​ក់ ផង​។ ក្នុង​ឆ្នាំ ២០១៣ លុយ​មាន​ទំហំ ៦៨១ លាន​ដុល្លារ នៃ​មូលនិធិ​នេះ ត្រូវបាន​ផ្ទេរ​ទៅកាន់​គណនី​ធនាគារ​របស់លោក​។ ប៉ុន្តែ​លោក​នៅតែ​បន្ត​បដិសេធ និង​អះអាងថា វា​ជា​លុយ​អំណោយ​ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​ផ្តល់​ឲ្យ​ប៉ុណ្ណោះ​៕
អត្ថបទទាក់ទង



Tag:
 ណាជិប រ៉ាហ្សាក់
  មហាធៀ មហាម៉ាត់
  1MDB
© រក្សាសិទ្ធិដោយ thmeythmey.com