ជាតិ
៦ខែដើមឆ្នាំរដ្ឋប្រមូលចំណូលពីការលក់ប័ណ្ណទស្សនារមណីដ្ឋានអង្គរបានជាង ៦១លានដុល្លារ
× សៀមរាប៖ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៨ ពីខែមករា ដល់ខែ មិថុនា ចំណូលពីការលក់ប័ណ្ណទស្សនារមណីយដ្ឋានអង្គរ មានជាង ៦១លានដុល្លារសហរដ្ឋអាមេរិក ដែលចំនួននេះកើនឡើងជិត ១៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងលើការលក់ប័ណ្ណ ឬសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរខេត្តសៀមរាប រយៈពេល៦ខែដើមឆ្នាំ២០១៨ មានភ្ញៀវទេសចរអន្ដរជាតិចំនួន ១,៣៤៦,៩៦១នាក់ ដែលបានមកទស្សនារមណីយដ្ឋានអង្គរ ហើយចំនួននេះកើនឡើងជាង ១០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។ តួលេខនេះ បើគិតជាទឹកប្រាក់ រដ្ឋរកចំណូលបានពីការលក់សំបុត្រមានចំនួន ៦១,៤៧២,៣៤៧ ដុល្លារអាមេរិក កើនឡើងជិត ១៨ភាគរយ។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ត្រឹមខែ មិថុនា ការលក់ប័ណ្ណទស្សនាដល់ភ្ញៀវទេសចរមានចំនួន ១៥០,៧៧៣នាក់ កើនជាង ៧ភាគរយ គិតជាទឹកប្រាក់ស្មើនឹង ៦,៤៧៨,៩៥៦ដុល្លារ កើនឡើងជាង ៣ភាគរយធៀបនឹងឆ្នាំទៅ។
ក្នុងរយៈពេល៦ខែនេះដូចគ្នា ទឹកប្រាក់ចំនួន ២,៧១៣,៩២២ដុល្លារ ដែលរកបានពីការលក់ប័ណ្ណនេះ ត្រូវបានដកយកទៅឧបត្ថម្ភដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា៕
© រក្សាសិទ្ធិដោយ thmeythmey.com