កីឡាជាតិ
ជាតិ
AFF U19៖ ជួបគ្នាបីលើកកន្លងមកកម្ពុជាមិនដែលឈ្នះម៉ាឡេស៊ីនោះទេ ចុះរសៀលនេះ? ក្រុម U19 កម្ពុជាអបអរជ័យជម្នះក្នុងជំនួបបើកឆាកជាមួយព្រុយណេ, រូបភាពពីហ្វេសប៊ុក FFC
× ក្រោយយកឈ្នះព្រុយណេ ៥-០ នាជំនួបបើកឆាកពូល B ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា បន្តជួបម៉ាឡេស៊ី សម្រាប់ជំនួបលើកទី២នៃពានរង្វាន់ AFF U19 Championship 2018 នាម៉ោង៣:៣០នាទីរសៀលថ្ងៃទី៤ ខែកក្កដា នៅកីឡដ្ឋាន Gelora Joko Samudro Stadium ប្រទេសឥណ្ឌូណេស៊ី។ ចំណែកព្រុយណេតទល់ជាមួយទីម័រខាងកើតនៅម៉ោង៧យប់ នាកីឡដ្ឋាននេះដូចគ្នា។
ជ័យជម្នះ ៥-០ លើព្រុយណេក្នុងជំនួបបើកឆាកពូល B កាលពីថ្ងៃទី២ ខែកក្កដា ជាកាដូលើកទឹកចិត្តដ៏សំខាន់សម្រាប់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា ក្នុងការតទល់ជាមួយក្រុមម៉ាឡេស៊ី នាជំនួបលើកទី២នៃពានរង្វាន់ AFF U19 Championship នៅម៉ោង៣:៣០នាទីរសៀលនេះ។ តាមរយៈការជួបគ្នាកន្លងមក កម្ពុជាមិនដែលយកឈ្នះម៉ាឡេស៊ីនោះទេ។ តើលើកនេះកម្ពុជាអាចប្រើទុនជ័យជម្នះក្នុងជំនួបបើកឆាកយកឈ្នះម៉ាឡេស៊ីបានឬយ៉ាងណា?
បើតាមប្រវត្តិក្រុមទាំងពីរធ្លាប់ជួបគ្នាបីលើករួចមកហើយ។ នៅឆ្នាំ២០០៣ ម៉ាឡេស៊ីបានយកឈ្នះកម្ពុជាក្នុងលទ្ធផល ៣-០ នាវគ្គជម្រុះតាមពូល។ ដោយកាលនោះ ម៉ាឡេស៊ីជាម្ចាស់ជើងឯករងក្រោយចាញ់មីយ៉ាន់ម៉ា ៤-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ នៅឆ្នាំ២០១១ ដែលម៉ាឡេស៊ីទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះហ្វីលីពីន ៦-០ នាការប្រកួតដណ្តើមមចំណាត់ថ្នាក់លេខ៣ ក្រុមទាំងពីរបានបញ្ចប់ដោយគ្មានការស៊ុតបញ្ចូលទីគ្នា។ នៅឆ្នាំ២០១៧ ដែលមីយ៉ាន់ម៉ាធ្វើម្ចាស់ផ្ទះ ម៉ាឡេស៊ីបានយកឈ្នះកម្ពុជាក្នុងលទ្ធផល ២-០។ នៅឆ្នាំនោះ ម៉ាឡេស៊ីគ្រងជើងឯករងក្រោយចាញ់ថៃ ២-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។
បន្ថែមលើនេះ ម៉ាឡេស៊ីបានគ្រងជើងឯករង់៣ឆ្នាំជាប់គ្នា គឺនៅឆ្នាំ២០០៥, ២០០៦ និង ២០០៧ ក្រោយចាញ់មីយ៉ាន់ម៉ា, អូស្ត្រាលី និងវៀតណាមជាបន្តបន្ទាប់ក្នុងលទ្ធផល ១-០ ដូចគ្នា នាការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ នៅឆ្នាំ២០០៩ និង ២០១៥ ក្រុមនេះទទួលបានចំណាត់ថ្នាក់លេខ៤។ ចំណែកកម្ពុជាមិនដែលឆ្លងផុតវគ្គជម្រុះតាមពូលនោះឡើយ។
បន្ទាប់ពីជំនួបរវាងកម្ពុជាមួយម៉ាឡេស៊ី ក្នុងពូល B នេះដែរ ក៏មានការប្រកួត១គូទៀតផងដែរ គឺជំនួបរវាងក្រុមព្រុយណេជាមួយទីម័រខាងកើត ដែលរៀបចំនៅម៉ោង៧យប់នាកីឡដ្ឋាន Gelora Joko Samudro Stadium។ នាការប្រកួតបើកឆាកទីម័រខាងកើតបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយមីយ៉ាន់ម៉ា ខណៈព្រុយណេចាញ់កម្ពុជា ៥-០៕
Tag:
AFF U19 Championship
U19 កម្ពុជា
ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com