ជាតិ
លោក ជា សុផារ៉ា សុំ​ឲ្យ​ពលរដ្ឋ​កុំ​លក់​ដី​សម្បទាន​សង្គមកិច្ច ឬ​យកទៅ​បញ្ចាំ​
03, Jul 2018 , 9:39 pm        
រូបភាព
ដោយ:
​ខេត្តក្រចេះ​៖ «​សូមកុំ​លក់​ដី និង​កុំ​យក​ប្លង់ដី​ទៅ​ដាក់បញ្ចាំ​នៅ​ធនាគារ ព្រោះ​អាចធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​លើដី​សម្បទាន​នេះ កាន់តែ​ក្រលំបាក​ជាង​មុន​»​។ នេះ​គឺជា​ការស្នើសុំ​របស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី ទៅកាន់​ពលរដ្ឋ ដែល​ទទួលបាន​ប្លង់​កម្មសិទ្ធិ​ដី​សម្បទាន​សង្គមកិច្ច ក្នុង​ឃុំ​សំបុក ស្រុក​ចង្ក្រង ខេត្តក្រចេះ​។ ក្រៅពី​ការ​អំពាវ​សុំ​មិន​ឲ្យ​លក់​ដី និង​ដាក់បញ្ចាំ​ក្នុង​ធនាគារ លោក​រដ្ឋមន្ត្រី ក៏បាន​សុំ​ឲ្យ​ពលរដ្ឋ ដាំ​ដំណាំ​ហូប​ផ្លែ ចិញ្ចឹមសត្វ និង​ដាំ​ប្រភេទ​ឈើប្រណិត​នៅក្នុង​ដី​លំនៅដ្ឋាន​បន្ថែមទៀត​។​



​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ក្នុង​កម្មវិធី​ប្រគល់​ប្លង់​កម្មសិទ្ធិ​ដី​សម្បទាន​សង្គមកិច្ច លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី បាន​សង្កត់ធ្ងន់​ទៅកាន់​ប្រជាពលរដ្ឋ​ថា ធ្វើយ៉ាងណា​កុំ​លក់​ដី​សម្បទាន​សង្គមកិច្ច ដែល​ទទួលបាន​ប្លង់​កម្មសិទ្ធិ​នេះ​។ រដ្ឋមន្ត្រី​រូបនេះ បាន​បញ្ជាក់ថា មាន​ដី​គឺមាន​ក្ដីសង្ឃឹម ហើយ​ជា​កេរ​មរតក​សម្រាប់​កូនចៅ និង​ជា​ទុន​នៃ​ប្រាក់ចំណូល​ប្រចាំថ្ងៃ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ជីវភាព​ប្រសើរ​ជាង​មុន​។ មិនតែប៉ុណ្ណោះ លោក ក៏​សុំ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​យក​ប្លង់ដី​នេះ ទៅ​ដាក់បញ្ចាំ​ផងដែរ ដោយសារតែ​លោក បារម្ភ​ខ្លាច​ការប្រើប្រាស់​កម្ចី​រប​ស់​ពលរដ្ឋ​មិន​ចំ​គោលដៅ​។​

​លោក ជា សុផារ៉ា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​វា​ក្លាយជា​ទុន​របស់​បងប្អូន​ហើយ ជា​ទុន​នៃ​ក្ដីសង្ឃឹម និង​ប្រាក់ចំណូល​ទៀងទាត់​។ បើ​លំបាក​តិចតួច ដែល​បងប្អូន​អាច​ទ្រាំទ្រ​បាន សូម​តស៊ូ​។ បើ​បងប្អូន​យក​ប្លង់​ទៅ​បញ្ចាំ​នៅ​ធនាគារ មិន​ចំ​គោលដៅ បងប្អូន​នឹង​ជួប​ការលំបាក ហើយ​អាច​លំបាក​លើស​ដើម​ថែម​ទៀតផង​»​។​

​យ៉ាងណា​ការសម្រេចចិត្ត​ដាក់បញ្ចាំ​ឬ​អត់ គឺ​អាស្រ័យទៅលើ​ពលរដ្ឋ​តែប៉ុណ្ណោះ​។ នេះ​ជាការ​បន្ថែម​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ដែនដី​។ តែ​ចំពោះ​ការលក់​ដី​វិញ ជាការ​ទទូច​បំផុត​ពី​លោក ជា សុផារ៉ា ដោយសារ​នេះ គឺជា​ដី​សម្បទាន​សង្គមកិច្ច ដោយមាន​ការចូលរួម​ពី​រដ្ឋាភិបាល និង​ធនាគារពិភពលោក ដែលជា​ហេតុ​ធ្វើ​ឲ្យ​តំបន់​សម្បទាន​សង្គមកិច្ច​នេះ មានការ​ឃ្លាំមើល​ពី​ការអភិវឌ្ឍ ជាពិសេស​ជា​តឹកតាង​បញ្ជាក់​អំពី​គុណភាព​ការងារ​នៃ​អ្នកអនុវត្ត​គម្រោង​។ កាលណា​ការអភិវឌ្ឍ​នេះ​ទទួលបាន​ជោគជ័យ មាន​ពលរដ្ឋ​រស់នៅ​ពិតប្រាកដ នោះ​ជាស​ញ្ញា​វិជ្ជមាន​បង្ហាញ​ទៅ​ដៃគូ​អភិវឌ្ឍន៍ នឹង​ងាយស្រួល​ស្វែងរក​ដៃ​សហការ នូវ​គម្រោង​ក្រោយៗ​ទៀត​។​

​ចំណែក​ប្រធាន​កម្មវិធី​ប្រចាំ​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា នៃ​ធនាគារពិភពលោក លោក Mark A.Austin បាន​រំពឹងទុក​ថា លោក​នឹង​បានឃើញ​ការរីកចម្រើន​បន្ថែមទៀត នៅ​លើដី​សម្បទាន​សង្គម​កិច្ច​នេះ​។ ហើយ​គម្រោង LASED II នៅតែមាន​បំណង​ជួយ​ដោះស្រាយ​រាល់​បញ្ហាលំបាក​ដែល​គ្រួសារ​សម្បទា​និក​នៅ​ប្រឈម ជាពិសេស​ប៉ុស្តិ៍​សុខភាព​។ លើសពីនេះ លោក​ក៏បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ជូន​កូន​ឲ្យ​ទៅ​សាលារៀន និង​មានការ​ពិនិត្យ​សុខភាព​ជាប្រចាំ​ផងដែរ​។



​ខេត្តក្រចេះ​ជា​ខេត្ត​គោលដៅ​ក្នុងការ​អនុវត្ត​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច ការអភិវឌ្ឍ​សេដ្ឋកិច្ច ទាំង​ជំហាន​សាកល្បង (LASED) ចាប់តាំងពី​ឆ្នាំ​២០០៨ និង​ជំហាន​ទី​២ (LASED II) ចាប់ពី​ឆ្នាំ​២០១៦ មកដល់​បច្ចុប្បន្ន​។ ឃុំ​សំបុកមាន​សម្បទា​និក​ស​រុ​ប​ចំនួន ៥៥៤​គ្រួសារ ស្មើនឹង ២.៦៩១​នាក់ ស្ត្រី​ចំនួន​១.៣០៥​នាក់ លើ​ផ្ទៃដី​ទំហំ ៣.២៩៤​ហិកតា និង​ឃុំ​ចង្ក្រង់ មាន​សម្បទា​និក​សរុប​ចំនួន ៣៣១​គ្រួសារ ស្មើនឹង​១.៧០៨​នាក់ ស្ត្រី​ចំនួន ៨៣៧​នាក់ លើ​ផ្ទៃដី​ទំហំ ៦១២​ហិកតា​។



​សូមជម្រាបថា ការប្រគល់​ប្លង់​កម្មសិទ្ធិ​ដី​សម្បទាន​សង្គមកិច្ច​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៨ ទៅ​ឲ្យ​ពលរដ្ឋ​ចំនួន ៦២៣​គ្រួសារ ស្មើនឹង​៧០​ភាគរយ ក្នុងចំណោម​ពលរដ្ឋ សរុប​៨៨៥​គ្រួសារ​។ អ្នក​ដែល​ទទួលបាន​ប្លង់​កម្មសិទ្ធិ​ពេលនេះ គឺ​សំដៅលើ​ពលរដ្ឋ​ដែល​បាន​បំពេញ​កាតព្វកិច្ច​ត្រឹមត្រូវ​តាមច្បាប់​កំណត់ ដោយបាន​រស់នៅ និង​បង្កបង្កើនផល លើដី​សម្បទាន​យ៉ាងតិច​៥​ឆ្នាំ​។ ចំណែក​ពលរដ្ឋ ៣០​ភាគរយ​ទៀត​ដែល​មិនទាន់​ទទួលបាន​ប្លង់​កម្មសិទ្ធិ​គឺ ត្រូវបំពេញ​កាតព្វកិច្ច តាមច្បាប់​ជាមុនសិន រួចហើយ​រដ្ឋ​នឹង​ប្រគល់​ប្លង់​កម្មសិទ្ធិ​ដូចគ្នា​៕


Tag:
 ដី​សម្បទាន​សង្គមកិច្ច​
 ​ខេត្តក្រចេះ​
  កម្ចី​
  ជា សុផារ៉ា​
  ក្រសួង​ដែនដី
© រក្សាសិទ្ធិដោយ thmeythmey.com