សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អ្នកសារព័ត៌មាន​ជួបជុំគ្នា​រក​មធ្យោបាយ​ជំរុញ​ទេសចរណ៍​ក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង​
03, Jul 2018 , 8:39 pm        
រូបភាព
 ​វៀងចន្ទន៍​៖ អ្នកសារព័ត៌មាន​មក​ពី​កម្ពុជា ចិន ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម នៅ​ថ្ងៃទី​៣ ខែកក្កដា បាន​ជួប​ជជែក​គ្នា​ពី​មធ្យោបាយ​ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង​។ ការជជែក​នេះ​ធ្វើឡើង​អំឡុងពេល​ជំនួប​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (MLC) លើក​ទី​ពីរ ដែល​ឡាវ​ជា​ម្ចាស់ផ្ទះ​។ វាគ្មិន​នៃ​ប្រទេស​ទាំង​៦ បានផ្ដល់​អនុសាសន៍​មួយចំនួន​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​រួមគ្នា​។​

 
​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ គឺជា​ប្រធាន​មួយ​ត្រូវបាន​លើក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ប្រទេស​តាម​បណ្ដោយ​ទន្លេមេគង្គ​។ អ្នកសារព័ត៌មាន​កម្ពុ​ជា​៨​នាក់ និង​អ្នកសារព័ត៌មាន និង​តំណាង​សារព័ត៌មាន​ធំ​របស់​ចិន ថៃ ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​ជាច្រើន​នាក់​ទៀត បាន​ចូលរួម​ក្នុងជំនួប​នេះ​។ ប្រទេស​ទាំង​៦ ដែលមាន​វប្បធម៌​ចម្រុះ និង​ភាសា​ផ្សេងគ្នា​នោះ មាន​ចំណុច​ដូចគ្នា​មួយ គឺ​សក្ដានុពល​ផ្នែក​ទេសចរណ៍​។​
 
​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​សមាជិក MLC មាន​តួនាទី​សំខាន់​ក្នុង​ទាក់ទាញ​អ្នក​ទេសចរណ៍ ​ឲ្យ​ទៅ​ទស្សនា​ប្រទេស​រៀងៗ​ខ្លួន​។ ខណៈ​មិនទាន់​ឃើញ​មាន​យន្តការ​រួមគ្នា​ណាមួយ ​រវាង​ប្រទេស​ទាំង​៦​នេះ ​ក្នុង​ការជំរុញ​វិស័យ​ទេសចរណ៍​នៅឡើយ តំណាង​អ្នកសារព័ត៌មាន​ប្រទេស​ទាំង​៦ បានលើកឡើង​ជា​យោបល់​ផ្សេងៗ​គ្នា​ ក្នុងន័យ​បង្កើន​ចំនួន​អ្នកទេសចរ​។ តំណាង​កម្ពុជា លោក ខាន់ សុ​ភិរម្យ ចាត់ទុក​វិស័យ​ទេសចរណ៍ ជា​ប្រភព​ផលិតកម្ម​ដ៏​ធំ​របស់​ប្រទេសមួយ​។​
 
​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ក្រៅប្រទេស​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា AKP លោក សុ​ភិរម្យ និយាយថា សារព័ត៌មាន​ប្រទេស​ទាំង​៦ នៅ​ខ្វះ​កិច្ចសហប្រតិបត្តិការ​ ដើ​ម្បី​លើ​កម្ពស់​វិស័យ​ទេសចរណ៍​។ លោក​បានស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​នៃ​ប្រទេស MLC រួមគ្នា​ បង្កើត​វីដេអូ​មួយ ​ដើម្បី​ផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​ក្នុង​តំបន់​ទាំងមូល​។ ទាក់ទង​ការជំរុញ​ទេសចរណ៍​នេះ លោក Sopon Ongkara ដែលជា​តំណាង​របស់​ថៃ បានលើកឡើង​ពី​តួនាទី​សំខាន់​របស់​បណ្ដាញ​សង្គម​ដូចជា Facebook ជាដើម​។​
 
​ក្នុង​កិច្ចពិភាក្សា​ថ្ងៃទី​៣ ខែកក្កដា លោក Zhou Li សមាជិក​គណៈកម្មាធិកា​រ​និពន្ធ​របស់​កាសែត China Daily និយាយថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិតជា​ដើរតួនាទី​សំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ ព្រោះ​បាន​ផ្សាយ​ពី​វប្បធម៌​សម្បូរបែប​របស់​ប្រទេស​សមាជិក​យន្តការ MLC ។ ដូច​តំណាង​កម្ពុជា​ដែរ លោក Zhou ចង់​ឲ្យ​មានការ​ផលិត​វីដេអូ​ឯកសារ​ដើម្បី​ឲ្យ​មនុស្ស​ទូទៅ​យល់ដឹង​ពី​វប្បធម៌​ប្រទេស​នីមួយៗ​។ លើសពីនោះ លោក​ចង់​ឲ្យ​មានការ​បង្កើត​វេទិកា​វិស័យ​ទេសចរណ៍​មួយ​តាម​លំនាំ​ជំនួប​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​។​
 
​ដោយឡែក លោក Win Tin នាយក​សារព័ត៌មាន Northern Light Journal របស់​មី​យ៉ាន់​ម៉ា បាន​អំពាវនាវ​ឲ្យ​ប្រទេស MLC ទាំងអស់ សហការគ្នា និង​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​នឹង​នាំ​ដល់​ការរីកចម្រើន​វិស័យ​ទេសចរណ៍​ដែរ​។ លើសពីនេះ តំណាង​មី​យ៉ាន់​ម៉ា​ដដែល​នេះ ក៏បាន​ស្នើ​មានការ​សម្រួល​ការឆ្លង​កាត់​តាម​បណ្ដោយ​ព្រំដែន​ដូចជា​ការ បញ្ចុះតម្លៃ​ទិដ្ឋាការ​។ ការសម្រួល​ការឆ្លងកាត់​ព្រំដែន​នេះ​ក៏ត្រូវ​បានលើកឡើង​ដោយ​តំណាង​របស់​ថៃ​៕      

Tag:
 ឡាវ​
  ចិន​
  ទេសចរណ៍​
  MLC2018
© រក្សាសិទ្ធិដោយ thmeythmey.com