ជាតិ
បោះឆ្នោត
សម្តេច ហ៊ុន សែន​៖ គ្មាន​អ្នកណា អាច​ឈ្នះ​ខ្ញុំ​បានទេ ក្នុង​កាលៈទេសៈ​នេះ
04, Jul 2018 , 10:47 am        
រូបភាព
រូបពីហ្វេសបុកសម្តេច ហ៊ុន សែន
រូបពីហ្វេសបុកសម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនទាន់សម្លឹងឃើញ​គណបក្ស​ណាមួយ ដែលអាច​ក្លាយជា​គូប្រកួត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការបោះឆ្នោត​ក្នុង​អាណ​តិ្ត​នេះ នោះទេ​។ ប្រធាន​គណបក្សកាន់អំណាច​រូបនេះ សង្ឃឹម​យ៉ាងខ្លាំង​ថា នឹង​ឈ្នះ​ការបោះឆ្នោត ហើយ​បាន​ដឹកនាំ​ប្រទេស​បន្តទៀត​។



​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​និយាយ​ទាំង​ទឹកមុខ​រីករាយ យ៉ាង​ដូច្នេះ​ថា​៖«​ពូ មិន​ជឿថា មាន​គណបក្ស​ណា ដែល​ប្រជែង​យកឈ្នះ​គណបក្ស​ប្រជាជន  អាច​យកឈ្នះ​ពូ​នៅក្នុង​កាលៈទេសៈ​នេះ​បានទេ ព្រោះ​ប្រជាជន​ត្រូវការ​សន្តិភាព ត្រូវការ​អភិវឌ្ឍ ត្រូវការ ហ៊ុនសែន រួម​ជា​ដំណើរ​មួយ​តទៅទៀត​»​។

​ការបោះឆ្នោត​លើក​នេះ មាន​គណបក្ស​២០ ដែល​ត្រូវ​ចូលរួម​ប្រកួតប្រជែង​យក​អាសនៈ​រដ្ឋសភា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ធំជាងគេ និង​ដៃគូ​ប្រកួត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​រំលាយចោល ហើយ​មិនបាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ឡើយ​។ 

​សហគមន៍​អន្តរជាតិ​មួយចំនួន នៅតែ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុញ្ញាត​ឲ្យ​គណបក្ស​របស់លោក ធ្វើ​សកម្មភាព​ឡើងវិញ ដើម្បី​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​។ បណ្តា​ប្រទេស​ទាំងនោះ យល់ថា ការបោះឆ្នោត នឹង​មិនមាន​លក្ខណៈ​ប្រជាធិបតេយ្យ​ឡើយ បើ​គ្មាន​គណបក្សប្រឆាំង​។

​ឯ​លោក សម រង្ស៊ី និង​ក្រុម​អ្នកប្រឆាំង​នៅក្រៅ​ប្រទេស នៅតែ​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត​។ ពួកគេ​ប្រឹង​ឃោសនា​ថា ការបោះឆ្នោត​លើក​នេះ គឺជា​ការបោះឆ្នោត​ក្លែងក្លាយ ហើយ​សហគមន៍​អន្តរជាតិ នឹងមិន​ទទួលស្គាល់​នោះទេ​៕



Tag:
 បោះឆ្នោត​
  ហ៊ុន សែន​
  កម្មករ​
  សម រង្សី​
© រក្សាសិទ្ធិដោយ thmeythmey.com