ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន និង​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា គ្រោង​ជិះ​រថភ្លើង​រួមគ្នា ដើម្បី​ពិនិត្យ​ច្រក​​ព្រំដែន​
04, Jul 2018 , 11:04 am        
រូបភាព
ពោធិ៍សាត់​៖ ក្រសួង​សាធារណៈ និង​ដឹកជញ្ជូន បានដាក់​ឲ្យ​ដំណើរការ​បណ្ដោះអាសន្ន នៃ​សេវា​ដឹកជញ្ជូនអ្នកដំណើរ​តាម​រថភ្លើង​ពី​ពោធិ៍សាត់ ទៅ​រាជធានី​ភ្នំពេញ ដែលមាន​ប្រវែង​សរុប​១៦៦​គីឡូម៉ែត្រ នៅ​ថ្ងៃទី​៤ កក្កដា​។ ផ្លូវ​រថភ្លើង​ពី​ពោធិ៍សាត់​នេះ ត្រូវ​ភ្ជាប់​ស្ថានីយ​បាត់ដឹង ខេត្តកំពង់ស្ពឺ ទើប​មក​ភ្ជាប់​នឹង​រាជធានី​ភ្នំពេញ​។ ខ្សែ​រថភ្លើង​នេះ នឹងត្រូវ​ត​ភ្ជាប់​ជុំវិញ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផងដែរ​។​

 
​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល នឹង​ជួប​ជាមួយ​ភាគី​ថៃ នៅ​ថ្ងៃទី​០៦ កក្កដា ដើម្បី​ពិភាក្សា​ពី​ដំណើរ​ការតភ្ជាប់ និង​ការដឹកជញ្ជូន​អ្នកដំណើរ រួមទាំង​ទំនិញ​ដែល​ត្រូវ​ឆ្លងកាត់​ផ្ទាល់​រវាង​ប្រទេស​ទាំងពីរ​។ ក្រោយ​មានការ​ឯកភាពគ្នា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នឹង​ជិះ​រថភ្លើង​រួមគ្នា ដើម្បី​ពិនិត្យមើល​ខ្សែ​រថភ្លើង​រវាង​ប្រទេស​ទាំងពីរ​។​

​ដើម្បី​ជ្រាប​ព័ត៌មាន​នេះ សូម​លោក​អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​ថ្មីៗ និង​រដ្ឋមន្ត្រីក្រសួង​សាធារណៈ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ដូចតទៅ​៖

 
 
 
​ខ្សែ​រថភ្លើង​នេះ គឺ​រត់​ពី​រាជធានី​ភ្នំពេញ រហូតដល់​ស្ថានីយ​រថភ្លើង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់​ព្រំដែន​ប្រទេស​ថៃ​។ បើតាម​លោក ស៊ុន ចាន់ថុល ខ្សែ​រថភ្លើង​នេះ នឹង​ភ្ជាប់​ជាមួយ​ខ្សែ​រថភ្លើង​ប្រទេស​ថៃ ហើយ​បន្ត​រហូតដល់​ប្រទេស​សិង្ហ​បុរី នាពេលខាងមុខ​។​
 
​ការស្តារ​ឡើងវិញ​កំណាត់​ផ្លូវដែក​ពី​ភ្នំពេញ រហូតដល់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​នេះ រដ្ឋាភិបាល ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៩៦,៦​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​ទឹកប្រាក់​ប្រមាណ ១៣​លាន​ដុល្លារ​ជា​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយ​ទឹកប្រាក់ ៨៣,៦​លាន​ដុល្លារ ជា​ថវិកា​របស់​រាជរ​ដ្ឋា​ភិ​បាល​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស៊ុន ចាន់ថុល កន្លងមក​។​
 
​គួរ​បញ្ជាក់ថា ខ្សែ​រថភ្លើង​អន្តរ​អាស៊ី នឹង​ត​ភ្ជាប់​រហូតដល់​ទីក្រុង​គុន​មីង ខេត្ត​យូ​ណាន ប្រទេស​ចិន ។ ខ្សែ​រថភ្លើង​អន្តរ​អាស៊ី គុន​មីង​-​សិង្ហ​បុរី ត្រូវ​បែង​ចែកជា​បី​ខ្នែង​។ ខ្នែង​ខាងកើត ភ្ជាប់​ពី​ទីក្រុង​គុន​មីង ឆ្លងកាត់​វៀតណាម កម្ពុជា ថៃ ម៉ាឡេស៊ី និង​សិង្ហ​បុរី​។ នៅ​ខ្នែង​កណ្ដាល ខ្សែ​រថភ្លើង​រត់​ពី​ចិន ឆ្លងកាត់​ឡាវ ថៃ ម៉ាឡេស៊ី និង​សិង្ហ​បុរី​។ ឯ​ខ្នែង​ខាងលិច គឺជា​ភ្ជាប់​ពី​ចិន ទៅ​មី​យ៉ាន់​ម៉ា ថៃ ម៉ាឡេស៊ី និង​សិង្ហ​បុរី​។ គម្រោង​ខ្សែ​រថភ្លើង​មួយ​នេះ នឹង​ជួយ​ជំរុញ​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ និង​សម្រួលការ​ធ្វើដំណើរ​រប​ស់​ប្រជាជន​ផងដែរ​។​នេះ​បើតាម​ការលើកឡើង​រប​ស់លោក Yang Zhongmin ប្រធាន​ក្រុមហ៊ុន​ផ្លូវដែក​ចិន​អន្តរជាតិ (China Railway International) ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ផ្លូវដែក​រដ្ឋ​ចិន​កន្លងមក​៕
 
 
 
 

Tag:
 ស៊ុន ចាន់ថុល​
  រថភ្លើង​
  ថៃ
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com