ជាតិ
បោះឆ្នោត
គ​.​ជ​.​ប​. ត្រៀម​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង ទុក​ប្រើ​ក្នុងអំឡុង​បោះឆ្នោត​
04, Jul 2018 , 1:00 pm        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប.
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប.
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​. ) បាន​ជួល​ឧទ្ធម្ភាគចក្រ​ពីរ ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​យកទៅ​ប្រើប្រាស់​រយៈពេល​ខ្លី នៅមុខ​និង​ក្រោយ​ថ្ងៃ​បោះឆ្នោត​។ នេះ​ជាការ​អះអាង​របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប​.​។


 
​បើតាម​លោក ហង្ស ពុទ្ធា ឧទ្ធម្ភាគចក្រ​ទាំងនោះ នឹងត្រូវ​ប្រើប្រាស់ សម្រាប់​ដឹក​សម្ភារ​បោះឆ្នោត ទៅកាន់​ការិយាល័យ​បោះឆ្នោត ក្នុងពេល​ចាំបាច់​។ យ៉ាងណាក៏ដោយ លោក ពុំបាន​លើកឡើង​ពី​តម្លៃ​នៃ​ការជួល​ឧទ្ធម្ភាគចក្រ​នោះទេ​។​
 
​អ្នកនាំពាក្យ​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ប្រសិនបើ ទីកន្លែង​ណា ជួប​ការលំបាក​ខ្លាំង ដែល​មធ្យោបាយ​ធ្វើដំណើរ​តាមផ្លូវ​ទឹក ឬ​ផ្លូវគោក មិនអាច​ធ្វើទៅបាន គ​.​ជ​.​ប​. នឹង​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ ដើម្បី​ដឹក​សម្ភារ​ទៅ ឬក៏​អាច​ដឹក​សម្ភារ​មកវិញ​ដែរ ទាំង​នៅមុន​ថ្ងៃ​បោះឆ្នោត ក្នុង​ថ្ងៃ​បោះឆ្នោត និង​ក្រោយ​ថ្ងៃ​បោះឆ្នោត​។ ទាំងនេះ គឺ​ធានា​សម្ភារ​បោះឆ្នោត​ទាំងអស់ និង​ធានា​អំពី​ពេលវេលា​។ ដូច្នេះ​យើង ត្រូវ​ត្រៀមលក្ខណ​ជាមុន ឲ្យ​បានល្អ​» ។ 
 
​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​គណបក្ស​២០ ចូលរួម​ប្រកួតប្រជែង​។ 
 
​គួររម្លឹកថា កាលពីពេល​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ក្នុង​ឆ្នាំ​២០១៧ គ​.​ជ​.​ប​. ក៏បាន​ជួល​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​ដែរ សម្រាប់​ដឹក​សម្ភារ​បោះឆ្នោត​៕
​ 

Tag:
 ​បោះឆ្នោត​
  គជប​
  ឧទ្ធម្ភាគចក្រ​
  ហង្ស ពុទ្ធា​
© រក្សាសិទ្ធិដោយ thmeythmey.com