ជាតិ
សេដ្ឋកិច្ច
ឃ្លាំង​ស្តុក​ដ៏​ធំ​ដែល​ទើប​ដំណើរការ អាច​ស្រូប​ស្រូវ ៥០​ភាគរយ​នៃ​ស្រូវ​ខេត្តបាត់ដំបង​
04, Jul 2018 , 2:52 pm        
រូបភាព
ដោយ:
​បាត់ដំបង​៖ ធនាគារ​ស្រូវ​របស់លោក ភូ ពុ​យ នៅ​ថ្ងៃទី​៣​ខែកក្កដា បាន​សម្ពោធ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ ដ៏​ធំ​របស់ខ្លួន ក្នុង​ខេត្តបាត់ដំបង​។



​ឃ្លាំង​ស្តុក​នេះ​អាច​ស្តុក​ស្រូវ​បរិមាណ ២០​ម៉ឺន​តោន រួមទាំង​ឡស​ម្ងួ​ត​ដែលមាន​សមត្ថភាព​ស​ម្ងួ​ត ៣០០០​តោន​ក្នុង​មួយថ្ងៃ​។ គម្រោង​នេះ ធនាគារ​ស្រូវ​ទទួលបាន​ឥណទាន​ចំនួន ១៥​លាន​ដុល្លារ​ពី​រដ្ឋាភិបាល តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) កាលពី​ឆ្នាំ​២០១៦ ។

​លោក ភូ ពុ​យ មានប្រសាសន៍ថា ឃ្លាំង និង​ឡស​ម្ងួ​តរបស់​ក្រុមហ៊ុន​លោក អាច​ទទួល​លំហូរ​ផល​ស្រូវ​ប្រមាណ ៥០ ទៅ​៦០​ភាគរយ​នៃ​ទិន្នផល​ស្រូវ​សរុប​នៅ​ខេត្តបាត់ដំបង ដែលជា​ជ​ម្រុ​កស្រូវ​របស់​កម្ពុ​ជាមួយ​នេះ​។ លោក​បន្ថែមថា ផល​ស្រូវ​ដែល​នៅ​សេសសល់ នឹងត្រូវ​ហូរ​ចូល​ឃ្លាំង​ស្តុក​តួចៗ​របស់​បណ្ដា​សហគ្រាស​រោង​ម៉ាស៊ីន​ស្រូវ​ដទៃទៀត​។



​ទន្ទឹម​នឹងមាន​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​មួយ​នេះ លោក ភូ ពុ​យ បាន​មើលឃើញថា វិស័យ​ស្រូវ​អង្ករ​ក្នុង​ខេត្តបាត់ដំបង នឹងមិន​ជួប​បញ្ហា​ទីផ្សារ​ឡើយ​។ «​កសិករ​អាច​លក់​ស្រូវ​តាម​តម្លៃ​ទីផ្សារ ពួកគាត់​មិន​ជួប​បញ្ហា​ចាល់​ស្រូវ​ឡើយ​»​។​

​គួរ​បញ្ជាក់ថា ឃ្លាំង​ស្រូវ​របស់​ធនាគារ​ស្រូវ​នៅ​ខេត្តបាត់ដំបង​នេះ គឺជា​គម្រោង​មួយ​នៃ​គម្រោង​ឃ្លាំង​ស្តុក​ផ្សេងទៀត ដែល​រដ្ឋាភិបាល​បានផ្ដល់​ឥណទាន​សម្រាប់​ការសាងសង់​។ ក្នុងនោះ​មាន​ឃ្លាំង​ស្តុក​ស្រូវ​នៅ​ខេត្តកំពង់ធំ​របស់​ក្រុមហ៊ុន AmruRice ដែល​ដំណើរ​នៅថ្ងៃនេះ និង​ឃ្លាំង​ស្តុក​នៅ​ខេត្តព្រៃវែង និង​ខេត្តតាកែវ របស់​ក្រុមហ៊ុន​ខ្មែរ​ហ្វូ​ត​។ ក្រុមហ៊ុន​ទាំងនេះ​ទទួលបាន​ឥណទាន ៥​លាន​ដុល្លារ​បង្កើត​ឃ្លាំង​ស្តុក​ចំណុះ ៥​ម៉ឺន​តោន និង​ឡស​ម្ងួ​ត ១៥០០​តោន​ក្នុង​មួយថ្ងៃ​។ ជាមួយគ្នានេះ ក្រសួងកសិកម្ម កាលពី​ខែឧសភា បានដាក់​ឲ្យ​ដំណើរ​ឃ្លាំង​ស្តុក​តម្លៃ ២,៨​លាន​ដុល្លារ ដែល​គាំទ្រ​ដោយ​រដ្ឋា​ភិ​កូរ៉េ នៅ​ខេត្តកំពង់ចាម​។​

​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ ត្រូវបាន​អ្នក​ក្នុង​វិស័យនេះ​អះអាងថា​នឹង​សម្រាល​បន្ទុក​ក្នុង​វិស័យ​ស្រូវ​អង្ករ ទោះជា​ឃ្លាំង​ស្តុក​ទាំងនោះ​មិនទាន់​គ្រ​ប់ដ​ណ្ដា​ប់​ស្រូវ​ទូទាំងប្រទេស​។ គម្រោង​ទាំងនេះ​នឹង​ជួយ​បង្កើន​ការនាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស ជួយ​តម្លៃ​ស្រូវ​របស់​កសិករ និង​កាត់បន្ថយ​លំហូរ​ស្រូវ​ទៅ​ប្រទេសជិតខាង​៕
 


Tag:
 អង្ករ​
  ឃ្លាំង​ស្តុក​
© រក្សាសិទ្ធិដោយ thmeythmey.com