ជាតិ
បោះឆ្នោត
គណបក្សចំនួន៣ នឹងចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នៅថ្ងៃដំបូង
× ភ្នំពេញ៖ គណបក្សចំនួន៣ នឹងចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នៅថ្ងៃទី៧ កក្កដា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
គណបក្សទាំង៣ ដែលបើកយុទ្ធនាការនៅថ្ងៃដំបូងនេះ មានគណបក្សប្រជាជន, គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ គណបក្សប្រជាជនកម្ពុជា នឹងជួបជុំសមាជិក និងអ្នកគាំទ្រខ្លួន ៦០,០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ និងតាមបណ្ដាខណ្ឌទាំង១២ មានការដង្ហែតាមរថយន្ត១,៧២០គ្រឿង និង១៤,៤០០គ្រឿង។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងជួបសមាជិកខ្លួន១៥,០០០នាក់ ដោយដង្ហែរក្បួនចេញពីផ្លូវ៦០ម៉ែត្រ ហើយបញ្ចប់នៅផ្លូវព្រះស៊ីសុវត្ថិ តាមរថយន្ត៣០០គ្រឿង ម៉ូតូកង់បី និងម៉ូតូ ៤,៥០០គ្រឿង ។ ចំណែកគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងជួបសមាជិកខ្លួន២០០០នាក់ ហែរក្បួនចេញពីទីស្នាក់ការបក្ស ហើយបញ្ចប់នៅធនាគារជាតិផ្លូវហាណូយ តាមរយរថយន្ត១២០គ្រឿង ម៉ូតូ និងម៉ូតូកង់បី ៨០០គ្រឿង។
ក្រៅពីគណបក្សទាំង៣នេះ ក៏មានគណបក្ស៣ទៀត បានកំណត់កាលបរិច្ឆេទហែរក្បួន ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួចហើយ។ ក្នុងនោះគណបក្សយុវជនកម្ពុជា នឹងហែរក្បួន២លើក គឺនៅថ្ងៃទី៨ កក្កដា និងថ្ងៃទី២២ កក្កដា ដោយហែរក្បួនចេញពីបក្ស និងបញ្ចប់នៅទីស្នាក់ការបក្ស ដែលមានសមាជិក១៥០នាក់ តាមរថយន្ត២គ្រឿ និងម៉ូតូ៥២គ្រឿង។
រីឯគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងហែរក្បួននៅថ្ងៃទី១០ កក្កដា ដោយមានសមាជិក១០០០នាក់ តាមរថយន្ត១០០គ្រឿង និងទាំងម៉ូតូកង់បី ១០០គ្រឿង ម៉ូតូ៥០០គ្រឿង។ ដោយឡែកគណបក្សធម្មាធិបតេយ្យ នឹងជួបសមាជិកខ្លួន១៦៨នាក់ នៅថ្ងៃទី១៥ កក្កដា ដោយហែក្បួន២ដងក្នុងថ្ងៃតែមួយ គឺចេញពីទីស្នាក់បក្ស បញ្ចប់នៅកំពង់ផែភ្នំពេញ និងចេញពីទីស្នាក់បក្ស ហើយបញ្ចប់នៅជ្រោយចង្វារ ដោយប្រើរថយន្ត១០គ្រឿ និងម៉ូតូ៥០គ្រឿង។
គួរបញ្ជាក់ថា ការឃោសនាបោះឆ្នោត នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៧ ដល់២៧ កក្កដា ខាងមុខ។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នឹងរៀបចំឡើងនៅថ្ងៃទី២៩ កក្កដា ដោយមានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែងគ្នា៕
Tag:
គណបក្សប្រជាជន
ហ្វ៊ុនស៊ិនប៉ិច
សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com