កីឡាជាតិ
ជាតិ
AFF U19៖ ការចាញ់ម៉ាឡេស៊ីមានន័យថា កម្ពុជានៅតែមិនអាចកែប្រែប្រវត្តិសាស្ត្រជាង១០ឆ្នាំមុន សកម្មភាពប្រកួតកម្ពុជាចាញ់ម៉ាឡេស៊ី ២-០, រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា បានបរាជ័យក្នុងលទ្ធផល ២-០ ក្រោមថ្វីជើងម៉ាឡេស៊ី នាការប្រកួតលើកទី២របស់ខ្លួនក្នុងព្រឹត្តិការណ៍ AFF U19 Championship 2018 នៅលើទឹកដីឥណ្ឌូណេស៊ី កាលពីថ្ងៃទី៤ ខែកក្កដា។ លទ្ធផលនេះ បញ្ជាក់ឲ្យឃើញថា កម្ពុជានៅតែមិនអាចកែប្រែប្រវត្តិសាស្ត្រកាលពីជាង១០ឆ្នាំមុនរបស់ខ្លួនដដែល។ សម្រាប់ការប្រកួតនៅថ្ងៃពុធនោះដែរ ក្រុមទីម័រខាងកើតបានយកឈ្នះព្រុយណេ ១-០ ដើម្បីឡើងឈរកំពូលតារាងជាបណ្តោះអាសន្ន។
ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា នៅតែមិនអាចកែប្រែប្រវត្តិសាស្ត្រជាង១០ឆ្នាំមុនដដែល បន្ទាប់ពីពួកគេបន្តចាញ់ម៉ាឡេស៊ី ២-០ នាការប្រកួតជើងទី២នៃព្រឹត្តិការណ៍ AFF U19 Championship 2018 កាលពីថ្ងៃទី៤ កក្កដា នៅលើទឹកដីឥណ្ឌូណេស៊ី។ សម្រាប់ការជួបគ្នាលើកដំបូងកាលពីជាង១០ឆ្នាំមុនលើទឹកដីមីយ៉ាន់ម៉ា ពោលគឺឆ្នាំ២០០៣ កម្ពុជាប្រកួតចាញ់ម៉ាឡេស៊ីក្នុងលទ្ធផល ៣-០ មុនស្មើ ០-០ នៅឆ្នាំ២០១១ និងចាញ់ ២-០ នៅឆ្នាំ២០១៧។
ការបរាជ័យក្នុងជំនួបលើកទី២នេះ ទាមទារឲ្យក្រុម U19 កម្ពុជា ត្រូវយកឈ្នះពីរប្រកួតដែលនៅសល់ ដើម្បីប្រជែងដណ្តើមកៅអីនៅវគ្គបន្ត។ U19 កម្ពុជាត្រូវប្រជែងតទល់ជាមួយក្រុមមីយ៉ាន់ម៉ា សម្រាប់ជំនួបទី៣នៅថ្ងៃទី៦ ខែកក្កដា មុនជួបប្រកួតចុងក្រោយជាមួយទីម័រខាងកើត នៅថ្ងៃទី១០ ខែកក្កដា នៅកីឡដ្ឋាន Gelora Joko Samudro Stadium ដូចគ្នា។ បច្ចុប្បន្នកម្ពុជាឈរលេខរៀងទី២មាន៣ពិន្ទុ។
សម្រាប់ការប្រកួតកាលពីថ្ងៃពុធនោះដែរ U19 ទីម័រខាងកើត បានយកឈ្នះក្រុមព្រុយណេក្នុងលទ្ធផល ១-០ ដើម្បីឡើងឈរកំពូលតារាងបណ្តោះអាសន្នជាមួយ៤ពិន្ទុ។ សម្រាប់ជំនួបបន្ទាប់ ទីម័រខាងកើត ត្រូវតទល់ជាមួយម៉ាឡេស៊ីនាថ្ងៃទី៨ កក្កដា មុនប៉ះកម្ពុជានៅថ្ងៃទី១០ ខែកក្កដា៕
Tag:
AFF U19
U19 កម្ពុជា
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com