ជាតិ
បោះឆ្នោត
គ​.​ជ​.​ប ហាម​គណបក្សនយោបាយ​ប្រើពាក្យ​អសុរោះ​លើ​បក្ស​ដទៃ ក្នុងពេល​ឃោសនាបោះឆ្នោត​
05, Jul 2018 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ប្រាប់​ឲ្យ​គណបក្សនយោបាយ​ទាំងអស់​ប្រកាន់យក​ជំហរ​ចាស់ទុំ ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ដើម្បី​បញ្ចៀស​ការប៉ះទង្គិច​គ្នា​។​



​ស្រប​ពេលដែល​ការឃោសនាបោះឆ្នោត​មកដល់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានស្នើ​ឲ្យ​គ្រប់​គណបក្សនយោបាយ គោរព​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បទបញ្ជា និង​នីតិវិធី តាម​ក្រមសីលធម៌​ដែល​បានកំណត់​ដោយ គ​.​ជ​.​ប​។ ជាពិសេស​គណបក្សនយោបាយ បេក្ខជន និង​អ្នកគាំទ្រ​ទាំងអស់ ប្រកាន់ខ្ជាប់​ជំហរ​ចាស់ទុំ​ខាង​នយោបាយ​ក្នុងការ​ឃោសនាបោះឆ្នោត ដោយ​មិនត្រូវ​ប្រើប្រាស់​ពាក្យសម្ដី​អសុរោះ ទៅលើ​គណបក្សនយោបាយ​ដទៃ​ឡើយ​។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ មាន​ទិសដៅ​ឲ្យ​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ធ្វើការ​ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ​របស់ខ្លួន ជូន​អ្នកបោះឆ្នោត​»​។​

​បន្ថែម​ពីនេះ​សមាជិក​គ​.​ជ​.​ប លោក ឯម សុផាត បាន​បញ្ជាក់ថា គណបក្ស​ដែល​ឈរឈ្មោះ​បោះឆ្នោត អាច​ហែរ​ក្បួន​យាត្រា តាម​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ខ្លួន​ឈរឈ្មោះ បាន​ត្រឹម​៤​ដង ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត ហើយ​ការ​ហែរ​ក្បួន​នេះ មិន​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​រាជធានី ខេត្ត​ឡើយ​។​

​បើសិនជា​ការឃោសនា​មាន​វិវាទ ឬ​បញ្ហា​ណាមួយ គណបក្សនយោបាយ អាចមាន​សិទ្ធិ​ប្ដឹង​មកកាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ជា​៤​ដំណាក់កាល ដោយ​ប្ដឹង​ទៅកាន់​គណៈកម្មាធិការ​ឃុំ​សង្កាត់ រៀបចំ​ការបោះឆ្នោត ឬ​គណៈកម្មាធិការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត​។ ហើយ​បើ​បណ្ដឹង​នោះ មិនអាច​បញ្ចប់​ត្រឹម​ថ្នាក់មូលដ្ឋាន​ទេ នោះ​បណ្ដឹង​នឹងត្រូវ​បន្ត​ឡើងមក គ​.​ជ​.​ប ឬក៏​ឡើងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឯម សុផាត​។​

​គណបក្ស​ចំនួន​៣ នឹង​ចាប់ផ្ដើម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ទ្រង់ទ្រាយ​ធំ នៅ​ថ្ងៃទី​៧ កក្កដា​។ គណបក្ស​ទាំង​៣ ដែល​បើក​យុទ្ធនាការ​នៅ​ថ្ងៃ​ដំបូង​នេះ មាន​គណបក្ស​ប្រជាជន​, គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ជួបជុំ​សមាជិក និង​អ្នកគាំទ្រ​ខ្លួន ៦០,០០០​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ និង​តាម​បណ្ដា​ខណ្ឌ​ទាំង​១២ ។ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នឹង​ជួប​សមាជិក​ខ្លួន​១៥,០០០​នាក់ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​ជួប​សមាជិក​ខ្លួន​២០០០​នាក់ នៅ​ទីស្នាក់ការ​បក្ស ។​

​គួរ​បញ្ជាក់ថា ការឃោសនាបោះឆ្នោត នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​៧ ដល់​២៧ កក្កដា ខាងមុខ​។ ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​២៩ កក្កដា ដោយមាន​គណបក្សនយោបាយ​ចំនួន​២០ ចូលរួម​ប្រកួតប្រជែង​គ្នា​៕


Tag:
 គ​.​ជ​.​ប​
  នយោបាយ​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com