កីឡាជាតិ
ជាតិ
ក្រោយចាញ់ថៃ កម្ពុជាទាមទារឈ្នះអូស្ត្រាលី ទោះបីឱកាសឡើងទៅវគ្គបន្តស្តួចស្តើង កីឡាការិនី Sandra Hill (អាវខៀវ)ព្យាយាមគ្រប់គ្រងបាល់ពីការដណ្តើមរបស់កីឡាការិនីថៃ, រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
× ក្រោយចាញ់ពីរប្រកួតជាប់គ្នាក្រោមថ្វីជើងម៉ាឡេស៊ី និងថៃ បានធ្វើឲ្យឱកាសឡើងទៅវគ្គបន្តនៃពានរង្វាន់ AFF Women Championship 2018 កាន់តែស្តួចស្តើង សម្រាប់ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា។ ទោះបីយ៉ាងនេះក្តី កម្ពុជាត្រូវការអូស្ត្រាលីដាច់ខាត សម្រាប់ជំនួបចុងក្រោយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីរង់ចាំអ៊ុតលទ្ធផលក្រុមដទៃ។
ឱកាសឡើងទៅវគ្គបន្តនៃពានរង្វាន់ AFF Women Championship សម្រាប់ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជាកាន់តែស្តួចស្តើង ក្រោយចាញ់ថៃ ១១-០ នាការប្រកួតលើកទី៣កាលពីថ្ងៃទី៤ ខែកក្កដា និងចាញ់ម៉ាឡេស៊ី ៤-០ ក្នុងជំនួបទី២។ កម្ពុជាត្រូវប្រកួតចុងក្រោយជាមួយក្រុមអូស្ត្រាលី នាម៉ោង៤រសៀលថ្ងៃទី៦ ខែកក្កដា នៅកីឡដ្ឋាន Bumi Sriwijaya Stadium។
កម្ពុជាត្រូវការឈ្នះអូស្ត្រាលីដាច់ខាតសម្រាប់ជំនួបចុងក្រោយ ដើម្បីបាន៣ពិន្ទុបន្ថែម សម្រាប់អ៊ុតលទ្ធផលក្នុងការឈានទៅវគ្គបន្តជាមួយក្រុមដទៃ។ តែបើចាញ់ក្នុងការប្រកួតនេះ កម្ពុជានឹងធ្លាក់ពីព្រឹត្តិការណ៍ AFF Women ដោយស្វ័យប្រវត្តិ។ តែយ៉ាងណា វាមិនងាយស្រួលសម្រាប់កម្ពុជាក្នុងការយកឈ្នះនោះទេ ព្រោះអូស្ត្រាលីជាក្រុមខ្លាំង ដែលមិនទាន់ស្គាល់ចាញ់សម្រាប់ពីរប្រកួតកន្លងមកនេះ។ បច្ចុប្បន្នកម្ពុជាឈរលេខរៀងទី៤មាន៣ពិន្ទុ ក្រោយយកឈ្នះទីម័រខាងកើត ១២-០ ខណៈអូស្ត្រាលីឈរលេខរៀងទី២មាន៦ពិន្ទុ ស្មើក្រុមកំពូលតារាងថៃ៕
Tag:
AFF Women
បាល់ទាត់នារី
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com