«​ច្បាប់​, នីតិ និង​វិន័យ​» តើ​មាន​លក្ខណៈ​ខុសគ្នា​ដូចម្តេច​?

ពីនេះ ពីនោះ / មិនយល់...!
«​ច្បាប់​, នីតិ និង​វិន័យ​» តើ​មាន​លក្ខណៈ​ខុសគ្នា​ដូចម្តេច​?
08, Jul 2018 , 7:39 am         792
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ «​ច្បាប់​» ថា​ជា​សេចក្តីបញ្ញត្តិ និង​ក្បួន​ប្រដៅ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ល្អ​។ «​និ​តី​» ជា​បែបផែន ទំនឹមទំនៀម ប្រពៃណី​។ ចំណែក «​វិន័យ​» មានន័យថា ការដឹកនាំ​មនុស្ស​ទៅរក​ផ្លូវ​ល្អ​។



«​ច្បាប់​» ជា​ក្រឹត្យក្រម​, ក្បួន​ប្រដៅ​មនុស្ស​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ និង​ជា​គំរូ សម្រាប់​ជា​ផ្លូវ​ត្រួសត្រាយ​មនុស្ស​ឲ្យ​ប្រតិបត្តិ​តាម​។ ច្បាប់ បង្ហាញ​ពី​បែបយ៉ាង​, តួយ៉ាង និង​គំរូ និង​សេចក្តី​ដើម​។​

«​និតិ​» មានន័យថា ឧបាយ​ជា​គ្រឿង​ណែនាំ​, បែបផែន​, ជា​ទំនឹមទំនៀម​, ប្រពៃណី​។ ឧទាហរណ៍​៖ និតិ​កម្ម​(​ការធ្វើ​ច្បាប់​, សិទ្ធិ​តែង​ច្បាប់​, អង្គច្បាប់​សម្រាប់​រដ្ឋ​នីមួយៗ​), នីតិកាល​(​រយៈពេល​ដែល​សភា​អ្នក​តែងតាំង​ច្បាប់​), នីតិបុគ្គល​(​អ្នក​រៀបរៀង​ច្បាប់​), នី​តី​ប្ប​ញ្ញ​តិ្ត​(​ការបង្គាប់​ឲ្យ​ធ្វើតាម​ច្បាប់​ដែល​តែង​មក​), នីតិក្រម​(​ទម្រង់​របស់​ច្បាប់​គឺ​សម្រាប់​ចៅក្រម​ត្រូវ​អង្កេត​ពិនិត្យ សាកសួរ​ពីបទ​ល្មើស​ផ្សេងៗ​) ជាដើម​។

​ចំណែក «​វិន័យ​» មានន័យថា ច្បាប់​ដែល​ដឹកនាំ​ឲ្យ​មនុស្ស​មាន​កាយ ចិត្ត និង​វាចា​ល្អ​។ ឧទាហរណ៍​៖ ការ​មាន​វិន័យ​ល្អ នាំ​ឲ្យ​យើង​ជោគជ័យ​គ្រប់​ភារកិច្ច​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com