ជាតិ
បោះឆ្នោត
គ.ជ.ប៖ ភាគីឥណ្ឌា នឹងមកពិនិត្យផ្ទៀងផ្ទាត់ទឹកថ្នាំជ្រលក់ដៃ ជាមួយកម្ពុជា
× ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកសិក្ខាសាលាសាធារណៈ ពិនិត្យលើទឹកថ្នាំជ្រលក់ដៃ ដែលកម្ម៉ង់ទិញពីឥណ្ឌា សម្រាប់ការបោះឆ្នោត។ ការផ្ទៀងផ្ទាត់ទឹកថ្នាំនេះ ក៏មានការចូលរួមពីភាគីឥណ្ឌា ដើម្បីជម្រះមន្ទិលសង្ស័យរបស់សាធារណៈជន ។
ឥណ្ឌានឹងបញ្ជូនទឹកថ្នាំជ្រលក់ដៃមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី៥ កក្កដានេះ។ អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា បានបន្ថែមថា គ.ជ.ប នឹងដាក់បង្ហាញទឹកថ្នាំជ្រលក់ដៃ នៅចំពោះមុខអ្នកសារព័ត៌មាន ហើយក៏នឹងរៀបចំសិក្ខាសាលាសាធារណៈ ឲ្យភាគីពាក់ព័ន្ធទាំងអស់ ដែលធ្វើការលើផ្នែកបោះឆ្នោត ចូលរួមពិនិត្យមើលផងដែរ។ ក្រៅពីនេះគ.ជ.ប ក៏នឹងអញ្ជើញភាគីឥណ្ឌា ឲ្យមកផ្ទៀងផ្ទាត់ជាមួយកម្ពុជា ដើម្បីបង្ហាញពីភាពត្រឹមត្រូវ នៃគុណភាពទឹកថ្នាំទៀតផង។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ហង្ស ពុទ្ធា បានបញ្ជាក់ដូច្នេះថា៖«យើងនឹងរៀបចំសិក្ខាសាលាមួយ បង្ហាញដល់សាធារណៈជន ប៉ុន្តែមិនកំណត់ថ្ងៃច្បាស់ទេ។ ហើយក៏មានភាគីឥណ្ឌា មកចូលរួមផ្ទៀងផ្ទាត់ដែរ»។
មូលហេតុដែលគ.ជ.ប បញ្ជាទិញទឹកថ្នាំពីឥណ្ឌានេះ ដោយសារវាមានគុណភាពខ្ពស់ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ថ្នាក់ឃុំ-សង្កាត់ កាលពីឆ្នាំ២០១៧កន្លងមក។ ទឹកថ្នាំដែល គ.ជ.ប បានបញ្ជាទិញនេះ មានតម្លៃ១៥,៧០ដុល្លារ ក្នុងមួយដប ដែលមានចំណុះ៧០មីលីលីត្រ ដោយចំណាយថវិកាសរុប៨០០,៧០០ដុល្លារ សម្រាប់ទឹកថ្នាំចំនួន៥១,០០០ដប។ នេះជាការបញ្ជាក់របស់អគ្គលេខាធិការរងគ.ជ.ប លោក សោម សូរីដា ដែលប្រាប់សារព័ត៌មានថ្មីៗ កន្លងមក។
តែយ៉ាងណាបញ្ហាទឹកថ្នាំនេះ មានមនុស្សមួយក្រុម គ្រោងធ្វើចលនាបំផុសរឿងទឹកខ្មៅជ្រលក់ដៃ អាចធ្វើឲ្យប្រជាពលរដ្ឋស្លាប់ ក្រោយជ្រលក់បាន២៤ម៉ោង ។ សម្ដេច ហ៊ុន សែន ដែលបានដឹងពីគម្រោងនេះ ចាត់ទុកថា ជារឿងប្រឌិត ក្នុងគោលបំណងបំផ្លាញដំណើរការបោះឆ្នោត ។ ប្រមុខរដ្ឋាភិបាល ព្រមានចាត់វិធានការផ្លូវច្បាប់លើក្រុមទាំងនោះផងដែរ។
បន្ថែមពីនេះលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប អះអាងថា ទឹកថ្នាំដែលគជប ទិញយកមកប្រើប្រាស់នេះ គ្មានសារធាតុបំផ្លាញអាយុជីវិតពលរដ្ឋឡើយ។ «ក្នុងនាមជាអ្នកគោរពច្បាប់ ជាអ្នកស្រលាញ់ប្រទេសជាតិ ស្រលាញ់ពលរដ្ឋ ខ្ញុំចង់បញ្ជាក់ថា គ្មានអ្នកណាយកទឹកថ្នាំពុលមកសម្លាប់ខ្មែរគ្នាឯងឡើយ។ ហើយព័ត៌មានទាំងឡាយណា ដែលមិនចេញពីមាត់គជប សូមពលរដ្ឋកុំទាន់ជឿឲ្យសោះ»។ នេះជាការបញ្ជាក់របស់លោក ហង្ស ពុទ្ធា ដែលអំពាវនាវឲ្យពលរដ្ឋ ទៅបោះឆ្នោតតាមការកំណត់។
មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា (ខុមហ្វ្រែល) លោក កន សាវាង្ស បាននិយាយថា បញ្ហាទឹកថ្នាំគឺជារឿងមួយ ប៉ុន្តែវាមិនទាន់ជាដំណាក់កាលព្រួយបារម្ភដល់ការបោះឆ្នោតទេ។ សម្រាប់លោក កន សាវាង្យ ការបោះឆ្នោតដំណើរការល្អបាន លុះត្រាតែ គ.ជ.ប ប្រើប្រាស់វិធានការទាំង៥ ដែល គ.ជ.ប ធ្លាប់អនុវត្តការងារ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ២០១៧។ យន្តការដែលលោក សាវង្ស លើកឡើងនេះ គឹសំដៅទៅលើការទប់ស្កាត់ ការកេងបន្លំសន្លឹកឆ្នោត , បន្លំការបោះឆ្នោត និងការប្រើប្រាស់បញ្ជីឈ្មោះដោយមានរូបថត លុបបំបាត់ឈ្មោះស្ទួន និងឈ្មោះខ្មោចជាដើម។
គណបក្សនយោបាយចំនួន២០ ដែលចូលរួមការបោះឆ្នោត នឹងត្រូវឃោសនានយោបាយ ចាប់ពីថ្ងៃទី៧ ដល់២៧ កក្កដា ។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដា៕
Tag:
ហង្ស ពុទ្ធា
គ.ជ.ប
បោះឆ្នោត
ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com