ជាតិ
បោះឆ្នោត
គ​.​ជ​.​ប​.៖ គ្រប់​គណបក្ស អាចធ្វើ​យុទ្ធនា​ការឃោសនា​បានតែ​៤​ដង​ប៉ុណ្ណោះ ក្នុង​១​ខេត្ត​
05, Jul 2018 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណៈ​កម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ដោយ​សង្កត់ធ្ងន់​ចំពោះ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ដែល​នឹង​ចូលមក​ដល់​នៅ​ថ្ងៃទី​៧ ខែកក្កដា​ខាងមុខ​។ អ្វីដែល គ​.​ជ​.​ប​. ផ្ដោត​សំខាន់​នោះ គឺ​ចំនួន​នៃ​ការឃោសនា​នៅក្នុង​ខេត្ត​នីមួយៗ​។​



​សល់​តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នឹង​ចូល​មកដល់​។ តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន គ​.​ជ​.​ប​. បានស្នើដល់​គ្រប់​គណបក្សនយោបាយ និង​អ្នកគាំទ្រ​ទាំងអស់ ឲ្យ​គោរព​ទៅតាម​ច្បាប់​នៃ​ការឃោសនាបោះឆ្នោត ដែលមាន​ចែង​។ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នោះ គ​.​ជ​.​ប. បាន​សង្កត់ធ្ងន់ថា ក្នុង​មួយ​រាជធានី​-​ខេត្ត​គ្រប់​គណបក្សនយោបាយ អាច​ហែ​ក្បួន​ឃោសនា បានតែ​៤​ដង​ប៉ុណ្ណោះ បើទោះជា​ក្បួន​នោះ​ធ្វើឡើង​តែមួយ​ស្រុក ឬ​គ្រប់​ស្រុក​នៅក្នុង​ខេត្ត​ក៏ដោយ​។​

​បន្ថែម​ពីលើ​សេចក្តីប្រកាស​ព័ត៌មាន លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប​. បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាង​ដូច្នេះ​ថា​៖«​មិន​ថា​គណបក្សនយោបាយ​ណា​ឡើយ មាន​សិទ្ធិ​ក្នុងការ​ឃោសនា​ចំនួន​៤​ដង​ប៉ុណ្ណោះ ក្នុង​មួយ​រាជធានី ខេត្ត បើទោះជា​គាត់​ហែ​ក្បួន​ត្រឹម​មួយ​ស្រុក ក៏​រាប់​ជា​ចំនួន​១​ដង ក្នុង​មួយ​ខេត្ត​ដែរ​។ តែ​ការ​ដង្ហែ​ក្បួន​ទាំង​៤​ដងនោះ មិនអាច​ឆ្លងខេត្ត​បានឡើយ​»​។​

​នៅក្នុង​ដំណើរ​ការនៃ​ការឃោសនា ដោយ​ប្រើ​ឧបករណ៍​បំពង​សំឡេង ត្រូវបាន​ហាមឃាត់​ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់ ដល់​ម៉ោង​២​រសៀល ហើយ​ហាម​មិន​ឲ្យ​ឃោសនា​នៅក្បែរ​មន្ទីរពេទ្យ និង ហាម​មិន​ឲ្យ​ឃោសនា​នៅក្បែរ​សាលារៀន ឬ​គ្រឹះស្ថានសិក្សា​នានា​ក្នុង​ម៉ោង​សិស្ស​កំពុង​រៀន​ឡើយ​។​

​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ខ្លួន​ដដែល គ​.​ជ​.​ប​. បាន​បញ្ជាក់ថា គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត អាច​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់ខ្លួន​ដោយ​មធ្យោបាយ​ជាច្រើន​ដូចជា  ការជួបប្រជុំ​ជា​សាធារណៈ ការរៀបចំ​ក្បួនព្យុហយាត្រា ដោយ​ថ្មើរជើង ឬ​ដោយ​យានជំនិះ​គ្រប់​ប្រភេទ​នៅ​រាជធានី ខេ​ត្ក ក្រុង ស្រុក ខណ្ឌ​។ មិនតែប៉ុណ្ណោះ គ្រប់​គណបក្សនយោបាយ​អាច​ជួបជុំ ឬ​ការឃោសនា​តាម​ផ្ទះ​ប្រជាពលរដ្ឋ អាច​ផ្សព្វផ្សាយ​តាម​វិទ្យុ ឬ​ទូរទស្សន៍ ឬ​សារព័ត៌មាន និង​អាច​ឃោសនា​តាម​ឧបករណ៍​បំពង​សំឡេង ឬ​ចាក់ផ្សាយ​កា​សែត​វីដេអូ ឬ​វីស៊ីឌី ឬ​ឌី​វី​ឌី​។ បន្ថែម​លើ​នេះ ការបិទ​ផ្សាយ​បដា​ពាក្យស្លោក ឬ​កម្មវិធី​នយោបាយ ឬ​រូបភាព​ឃោសនា ការចែក​ខិត្តប័ណ្ណ ស្លាក​សញ្ញា​គណបក្ស ឬ​មួក សម្លៀកបំពាក់ ដែលមាន​ស្លាក​សញ្ញា​គណបក្ស ឬ​បេក្ខជន ជូន​អ្នកបោះឆ្នោត​ជាដើម ត្រូវបាន​អនុញ្ញាត​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ ក៏បាន​បញ្ជាក់​អំពី​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ជន​ដែល​មិនមែនជា​មន្ត្រី​បោះឆ្នោត ឬ​គណបក្ស ត្រូវធ្វើឡើង​ចំនួន​៤​ដំណាក់កាល​។ ដំណាក់កាល​ទី​១ ការប្ដឹង និង​ដោះស្រាយ​នៅ​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត​។ ដំណាក់កាល​ទី​២ ប្ដឹង និង​ដោះស្រាយ​នៅ​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត​។ ដំណាក់កាល​ទី​៣ ប្ដឹង និង​ដោះស្រាយ​បណ្ដឹង​នៅ គ​.​ជ​.​ប​.​។ ឯ​ដំណាក់កាល​ទី​៤ ដោះស្រាយ​បណ្ដឹង​នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​។​

​សូម​រម្លឹកថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ហើយ​ការឃោសនា មាន​រយៈពេល​២១​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​២៧ ខែកក្កដា​។ ដោយនៅ​ថ្ងៃទី​២៨ ខែកក្កដា គឺជា​ថ្ងៃ​ស ដែល​តម្រូវ​ឲ្យ​គ្រប់​សកម្មភាព​ឃោសនា​ទាំងអស់ ត្រូវ​បញ្ឈប់​៕



Tag:
 គជប​
  បោះឆ្នោត​
  ឃោសនា​
© រក្សាសិទ្ធិដោយ thmeythmey.com