ជាតិ
បាក់ឌុប
ស៊ីសំណូក​ពេល​បាក់​ឌុប ប្រឈម​បាក់មុខ​ដោយ​ត្រូវ​ឡើង​តុលាការ និង​បណ្តេញ​ចេញពី​ក្របខណ្ឌ
06, Jul 2018 , 7:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ
រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ
ដោយ:
​ភ្នំពេញ​៖ មិនមាន​ការលើកលែង​នោះឡើយ​ចំពោះ​គណៈមេប្រយោគ​ដែល​ពុករលួយ ស៊ីសំណូក ក្នុងសម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះដឹង​ទូទៅ និង​បំពេញវិជ្ជា (​បាក់​ឌុប​)​នាពេលខាងមុខ​។ ករណី​រកឃើញ​ទោសកំហុស គណៈមេប្រយោគ​ទាំងនោះ ត្រូវ​ឡើង​តុលាការ ហើយ​ឈានដល់​ការបណ្តេញ​ចេញពី​ក្របខណ្ឌ​គ្រូបង្រៀន​ថែមទៀត​ផងដែរ​។



​គណៈមេប្រយោគ​ចំនួន​ជាង​៣​ម៉ឺន​នាក់ នឹងត្រូវ​បំពេញបេសកកម្ម​នៅ​ទូទាំងប្រទេស​សម្រាប់​ការប្រឡង​បាក់​ឌុប នា​សម័យ​ប្រឡង ២០ សីហា ២០១៨ ខាងមុខនេះ ដោយ​ជិត​១៦០០០​នាក់​បម្រើការ​នៅ​ដំណាក់កាល​សំណេរ និង​ជាង​១៤០០០​បម្រើការ​នៅ​ដំណាក់កាល​កំណែ​វិញ្ញាសារ​។​

​ថ្លែង​នា​សន្និសីទ​សារព័ត៌មាន​មួយ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ព្រមាន​មន្ត្រី​អប់រំ​ទាំងអស់​ឲ្យ​ជៀស​ផុតពី​អំពើពុករលួយ ស៊ីសំណូក ពេល​ប្រឡង​ក្នុង​នា​តួនាទី​ជា​គណៈមេប្រយោគ​។ លោក​លើកឡើងថា ក្រសួង​មានប​ទប្ប​ញ្ញ​តិ្ត ជាក់លាក់​សម្រាប់​បុគ្គលិក​អប់រំ ប្រសិន​មេ​ប្រយោគ អនុញ្ញាត​ឲ្យ​បេក្ខជន​ចម្លង​គ្នា ហើយ​ឃើញ​ចម្លង​គ្នា​មិន​ចាប់​នោះ​គឺ​ខុស​ទាំងស្រុង​។​

សូមស្តាប់សំឡេង៖




​បើតាម​លោក​រដ្ឋមន្ត្រី ក្រសួង​មាន​វិធានការ​រដ្ឋបាល​ស្រាល​កម្រិត​ទី​១ តាមរយៈ​ការស្ដីបន្ទោស ហើយ​នៅ​ឆ្នាំ​បន្ទាប់ មិនអាច​ឲ្យ​ធ្វើ​មេ​ប្រយោគ​ប្រឡង​ម្ដងទៀត​ទេ​។ បើ​ចូល​ករណី​ធ្ងន់​ក្នុង​កម្រិត​ទី​២ ដូចជា​ការជួយ​ដល់​បេក្ខជន​ប្រឡង ដោយ​បង្កើតជា​ក្រុម​មួយ បានរៀបចំ​ចម្លើយ​លើ​ប្រធាន​វិញ្ញាសា​ហើយ​ចែក​ទៅ​អ្នក​ប្រឡង នឹង​ត្រូវបាន​ស្ដីបន្ទោស​ជា​លាយលក្ខណ៍អក្សរ ហើយ​បើ​ទង្វើ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ពួកគាត់​អាច​ត្រូវ​ឡើង​តុលាការ ហើយ​ប្រឈម​នឹង​ការដេញ​ចេញពី​ក្របខណ្ឌ​គ្រូបង្រៀន​ទៀតផង​។​
 
​នៅ​ឆ្នាំនេះ បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះដឹង​ទូទៅ និង​បំពេញវិជ្ជា មាន​ចំនួន ១១៧ ,០៦១​នាក់ មណ្ឌល​ប្រឡង​ចំនួន ១៩៥​មណ្ឌល ចែកចេញជា ៤,៧១៦​បន្ទប់ នៅ​រាជធានី​-​ខេត្ត​។ ការប្រកាស​លទ្ធផល​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ គឺ​នៅ​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ហើយ​ចំណែកឯ មណ្ឌល​ប្រឡង​នៅតាម​ខេត្ត​ផ្សេងៗ នៅ​ថ្ងៃទី​១២ ខែកញ្ញា​៕


Tag:
 អប់រំ​
  បាក់​ឌុប​
 ​ហង់ ជួន ណា​រ៉ុ​ន​
 ​គណៈមេប្រយោគ​
© រក្សាសិទ្ធិដោយ thmeythmey.com