សង្គមអន្តរជាតិ
អន្តរជាតិ
ស្ត្រីអាមេរិកវ័យ៩២ឆ្នាំសម្លាប់កូនប្រុសខ្លួនដើម្បីរារាំងកុំឲ្យគេយកគាត់ទៅមណ្ឌលចាស់ជរា
× ស្ត្រីអាមេរិកវ័យ៩២ឆ្នាំម្នាក់ បានបាញ់សម្លាប់កូនប្រុសវ័យ៧២ឆ្នាំរបស់ខ្លួន ព្រោះគាត់មិនចង់ទៅរស់នៅមណ្ឌលចាស់ជរាទៅតាមគម្រោងរៀបចំរបស់កូនប្រុសរូបនោះឡើយ។ នេះបើតាមរបាយការណ៍របស់ប៉ូលិសតំបន់ដែលដកស្រង់ដោយសារព័ត៌មាន BBC។
លោកយាយ Anna Mae Blessing បានជាប់ចោទពីបទមនុស្សឃាត ដោយសារខឹងកូនប្រុសបង្កើតខ្លួន ដែលមានគម្រោងបញ្ជូនគាត់ឲ្យទៅរស់នៅក្នុងមណ្ឌលចាស់ជរាជាច្រើនថ្ងៃ។ «ឯង[សំដៅលើកូនប្រុស] បានបំផ្លាញជីវិតយើង ដូច្នេះយើងត្រូវបំផ្លាញជីវិតឯងមុន»។ ស្ត្រីវ័យ៩២ឆ្នាំ បានស្រែកយ៉ាងដូច្នេះ នៅពេលដែលប៉ូលិសចាប់ក្រៀកគាត់ចេញពីផ្ទះនៅរដ្ឋ Arizona។
អ្នកស្រី Blessing ដែលរស់នៅជាមួយកូនប្រុស និងមិត្តស្រីរបស់គេនោះ បានអះអាងប្រាប់ប៉ូលិសថា គាត់ក៏មានគម្រោងសម្លាប់ខ្លួនឯងផងដែរ។ រឿងរ៉ាវ បានកើតឡើងកាលពីដើមខែកក្កដា កន្លងមក នៅក្នុងផ្ទះដែលស្ថិតនៅក្រុង Fountain Hills តំបន់ Maricopa។ កូនប្រុសរបស់អ្នកស្រី Blessing ដែលមិនត្រូវបានបង្ហើបឈ្មោះនោះ ត្រូវបានរាយការណ៍ថា គាត់ចង់បញ្ជូនម្តាយខ្លួនទៅមណ្ឌលចាស់ជរា ដោយសារតែពួកគាត់កាន់តែពិបាកនិយាយស្តាប់គ្នា។
តាមរបាយការណ៍ប៉ូលិស លោកយាយ Blessing បានបាញ់សម្លាប់កូនប្រុសរបស់ខ្លួនដល់បន្ទប់គេង ដោយប្រើកាំភ្លើងខ្លីដែលស្វាមីគាត់បានទិញកាលពីអំឡុងឆ្នាំ១៩៧០។ ក្រោយការពិនិត្យសាកសព ប៉ូលិសបានអះអាងជនរងគ្រោះ ត្រូវពីរគ្រាប់ចំ ថ្គាម និងក។ លោកយាយ Blessing បានព្យាយាមបាញ់មិត្តស្រីរបស់កូនប្រុសខ្លួនផងដែរ ប៉ុន្តែស្ត្រីវ័យ៥៧ឆ្នាំរូបនោះ បានរត់គេចផុត។
លោកយាយត្រូវជាប់ចោទពីបទឃាតកម្មដែលមានទម្ងន់ទោស ហើយប្រឈមជាប់ពន្ធនាគារ និងការពិន័យជាទឹកប្រាក់៥០ម៉ឺនដុល្លារអាមេរិកផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com