អន្តរជាតិ
អាន់​វ៉ា អ៊ីប្រាហ៊ីម​៖​ការចាប់ខ្លួន​និង​ចោទប្រកាន់ ណា​ជីប មិនមែនជា​រឿង​នយោបាយ​ឡើយ​
05, Jul 2018 , 9:59 pm        
រូបភាព
​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម មេដឹកនាំ​បក្ស​យុត្តិធម៌​ប្រជាជន (People's Justice Party) និង​ជា​អនាគត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​បញ្ចេញយោបល់​ថា ការចាប់ខ្លួន​និង​ចោទប្រកាន់​អតីត​នាយករដ្ឋមន្ត្រី​ណា​ជីប រ៉ា​ហ្សា​ក់ មិនមែនជា​រឿង​នយោបាយ​ឡើយ​។ លោក អាន់​វ៉ា ធ្លាប់​ជាប់ពន្ធនាគារ​ពីរដង ហើយ​លោក​ធ្លាប់​ចាត់ទុក​ការចាប់ខ្លួន​លោក​ជា​រឿង​នយោបាយ​ដូចគ្នា​ដែរ​កាលពីមុន​។



​បន្ទាប់ពី​មានការ​ចាប់ខ្លួន និង​ចោទប្រកាន់​លោក ណា​ជីប រ៉ា​ហ្សា​ក់ វា​មាន​ការជជែក​ដេញ​ដោយ​គ្នា​នៅក្នុង​បរិបទ​នយោបាយ​ម៉ាឡេស៊ី​។ ខាង​អ្នកគាំទ្រ​បក្ស UMNO បានចាត់ទុក​នីតិវិធី​ចោទប្រកាន់​និង​ចាប់ខ្លួន​អតីត​ប្រមុខ​រដ្ឋាភិបាល​នេះ​ថា​ជា រឿង​នយោបាយ​ផងដែរ​។​

​ប៉ុន្តែ​អតីត​មេដឹកនាំ​បក្សប្រឆាំង​ដែល​ត្រូវបាន​តុលាការ​ម៉ាឡេស៊ី​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ពីរដង លោក អាន់​វ៉ា អ៊ីប្រាហ៊ីម បាន​បដិសេធ​ការចោទប្រកាន់​នេះ​។ លោក​ពន្យល់ថា វា​ជាការ​អនុវត្ត​ច្បាប់ និង​ធានា​គោលការណ៍​នីតិរដ្ឋ​ក្នុងប្រទេស​។

​បើតាម​ការផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក អាន់​វ៉ា បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​ក្រុង​ហ្សា​ការ​តា​ដូច្នេះ​៖« ខ្ញុំ​មិន​មើលឃើញថា ការចោទប្រកាន់​នេះ​អាច​ចាត់ទុកជា​រឿង​ដែល​ជំរុញ​ដោយ​នយោបាយ​ឡើយ​ព្រោះ​វា​មិនមាន​ភ័ស្តុតាង​ណាមួយ​ឡើយ​»​។​

«​ខ្ញុំ​មិនដឹង​រាល់​ភ័ស្តុតាង​ទាំងអស់​ឡើយ ប៉ុន្តែ​ខ្ញុំ​បានដឹង​ពី​រឿង​ពិតជា​ច្រើន ដូចជា​របាយការណ៍​ដែល​បញ្ជូនមក​ដល់ទី​ភ្នា្ក​ក់​ងារ​រដ្ឋ​ជាច្រើន ជាពិសេស​នោះ​គឺ​ក្រសួងយុត្តិធម៌​អាមេរិក​ជាដើម​»​។ លោក អាន់​វ៉ា​និយាយ​ដល់​ភ័ស្តុតាង​ដែល​បង្ហាញ​ពី​សំណុំរឿង​ពុករលួយ​ពាក់ព័ន្ធ​នឹង​អតីត​មេដឹកនាំ​ម៉ាឡេស៊ី​។​

​យ៉ាងណាក៏ដោយ លោក អាន់​វ៉ា បាន​បន្ថែមថា បញ្ហា​នេះ​ជាការ​សាកល្បង​មួយ​សម្រាប់​ម៉ាឡេស៊ី​ដែល​តម្រូវ​ឲ្យ​ប្រជាជន​ទាំងអស់​គោរព​ដំណើរការ​តុលាការ និង​នីតិរដ្ឋ​។ លោក​ក៏​បង្ហើប​ផងដែរ​ថា នីតិវិធី​ស៊ើបអង្កេត​ពុក​លួ​យ​នេះ​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​បក្ស Pakatan Harapan​។ ចំណែក​លោក មហា​ធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ទី​ប្រាំពីរ​ក៏បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ធានា​ឯករាជភាព​នៃ​ស្ថាប័ន​តុលាការ​នៅក្នុង​ប្រទេស​ដែរ​កន្លងមក​នោះ​។

​តាមពិតទៅ លោក អាន់​វ៉ា ត្រូវបាន​រដ្ឋាភិបាល បណ្តេញ​ចេញពី​តំណែង​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៩០​ក្រោយ​មាន​ជម្លោះ​ជាមួយ​លោក មហា​ធៀ ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​កាលនោះ​។ បន្ទាប់មក​លោក​ត្រូវបាន​ចោទប្រកាន់ និង​ដាក់​ពន្ធ​ធនាគារ​ដោយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ពុករលួយ​ដូចគ្នា​។ ដល់​ក្នុង​ឆ្នាំ ២០១៥ លោក​ត្រូវបាន​គេ​ចាប់ខ្លួន និង​កាត់ទោស​ជាថ្មី​ម្តងទៀត​ជុំវិញ​បទល្មើស​រួមភេទ​ជាម​នុស្ស​ប្រុស​ដូចគ្នា​នោះ​។ គេ​នៅ​ចាំបាន​ថា លោក អាន់​វ៉ា បាន​ហៅ​ការកាត់ក្តី​នោះ​ថា ជា​ចំណាត់ការ​របស់​រដ្ឋាភិបាល​លោក ណា​ជីប ក្នុងការ​រារាំង​រូបលោក​មិន​ឲ្យ​ចូលប្រឡូក​ក្នុង​នយោបាយ​នោះ​៕


Tag:
 ណា​ជីប រ៉ា​ហ្សា​ក់​
  អាន់​វ៉ា អ៊ីប្រាហ៊ីម​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com