ជាតិ
សេដ្ឋកិច្ច
បន្ទាប់ពី​បាត់ដំបង ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត នៅ​កំពង់ធំ​មួយទៀត ដាក់​ឲ្យ​ប្រើប្រាស់​
05, Jul 2018 , 8:05 pm        
រូបភាព
ដោយ:
កំពង់ធំ​៖ ក្រុមហ៊ុន Amru Rice បាន​សម្ពោធ​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត នៅ​ខេត្តកំពង់ធំ បន្ទាប់ពី​ឃ្លាំង​ស្តុក​ខ្នាត​ធំ​របស់​ធនាគារ​ស្រូវ​ក្នុង​ខេត្តបាត់ដំបង ទើបត្រូវ​បានដាក់​ឲ្យ​ដំណើរការ​ក្នុង​ខែកក្កដា​ដូចគ្នានេះ​ផងដែរ​។ ​ឃ្លាំង​ស្តុក​នេះ​អាច​ស្តុក​ស្រូវ​ចំណុះ ៥​ម៉ឺន​តោន និង​ឡស​ម្ងួ​ត​សមត្ថភាព ១៥០០​តោន​ក្នុង​មួយថ្ងៃ​។ ឃ្លាំង​ស្តុក​មួយ​នេះ នឹង​ទទួល​លំហូរ​ស្រូវ​ក្នុង​ខេត្តកំពង់ធំ សៀមរាប ព្រះវិហារ និង​ខេត្តកំពង់ចាម​។​


 
​ឃ្លាំង​ស្តុក​ខេត្តកំពង់ធំ ដែល​ទើប​ដាក់​ប្រើប្រាស់​នេះ ស្ថិតក្នុង​គម្រោង​កសាង​ឃ្លាំង និង​ឡស​ម្ងួ​ត​ចំនួន ៤​ខេត្ត​រួមមាន បាត់ដំបង កំពង់ធំ តាកែវ និង​ខេត្តព្រៃវែង ដែល​រដ្ឋាភិបាល​ជា​អ្នកផ្ដល់​ឥណទាន​។ គម្រោង​ឃ្លាំង​ស្តុក​ខ្នាត​ធំ​ចំណុះ ២០​ម៉ឺន​តោន​ក្នុង​ខេត្តបាត់ដំបង ប្រើ​ទុន ១៥​លាន​ដុល្លារ រី  ឯ​គម្រោង​នៅ​ខេត្ត​បី​ផ្សេងទៀត ប្រើ​ទុន ៥​លាន​ដុល្លារ​ក្នុង​មួយ​ទីតាំង​។ ហើយ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ទាំងនេះ ត្រូវដាក់​ឲ្យ​ប្រើប្រាស់​សម្រាប់​រដូវ​ប្រមូល​ផល​ស្រូវ ចាប់ពី​ឆ្នាំនេះ​តទៅ​។​
 
​រដ្ឋាភិបាល​អះអាងថា​ការទម្លាក់​ទុន​កសាង​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត ដែលជា​ហេដ្ឋារចនាសម្ព័ន្ធ​ផលិតកម្ម​ស្រូវ​អង្ករ​ដ៏​ចាំបាច់ នឹងចូលរួម​ដោះស្រាយ​បញ្ហា​ស្រូវ​អង្ករ​របស់​កសិករ បញ្ចៀស​បញ្ហា​ស្រូវ​ចាល់ លក់បាន​ថោក និង​ដើម្បី​ពង្រីក​ការនាំចេញ​អង្ករ​។ ជាមួយគ្នានេះ រដ្ឋាភិបាល កន្លងមក បាន​ទម្លាក់​កញ្ចប់​ថវិកា​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ដើម្បី​ប្រមូល​ទិញស្រូវ​ពី​កសិករ ហើយនឹង​មានការ​បញ្ចេញ​ថវិកា​នេះ​បន្តទៀត បើ​រដ្ឋាភិបាល​មើ​ឃើញថា​ចាំបាច់​ដល់​ការសង្គ្រោះ​វិស័យនេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com