ជាតិ
កម្ពុជា រម្លឹក​ខួប​រួមគ្នា ដែល​ប្រាសាទព្រះវិហារ និង​ប្រាសាទសំបូរព្រៃគុក ក្លាយ​ជាស​ម្ប​តិ្ត​ពិភពលោក​
06, Jul 2018 , 8:59 am        
រូបភាព
​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ ជា​ថ្ងៃ​ប្រារព្ធ​ខួប​១០​ឆ្នាំ នៃ​ការដាក់​ប្រាសាទព្រះវិហារ ចូល​ជាស​ម្ប​តិ្ត​បេ​តិ​ភណ្ឌ​ពិភពលោក ហើយក៏​ជា​ថ្ងៃ​ប្រារព្ធ​ខួប​១​ឆ្នាំ នៃ​ការដាក់​ប្រាសាទសំបូរព្រៃគុក ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដែរ​។ ពិធី​អបអរសាទរ​នេះ នឹងធ្វើ​នៅ​៣​កន្លែង​ផ្សេងគ្នា គឺ​នៅ​ទីតាំង​ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក និង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ភ្នំពេញ​។ ក្នុងនោះ​នៅតាម​វត្ត​អារាម​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា នឹងត្រូវ​ទូងស្គរ​នៅ​ម៉ោង​៩​ព្រឹក​ដូចគ្នា​។

 

​នៅ​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ បានរៀបចំ​សន្និសីទ​សារព័ត៌មាន​ផ្សព្វផ្សាយ​អំពី​ការរៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​ជាតិ អបអរសាទរ​ខួប​១០​ឆ្នាំ សម្រាប់​ប្រាសាទព្រះវិហារ និង​ខួប​១​ឆ្នាំ សម្រាប់​ប្រាសាទសំបូរព្រៃគុក ដែល​បាន​ចុះបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ ការរៀបចំ​ព្រឹត្តិការណ៍​រម្លឹក​ខួប​នេះ គឺ​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​វប្បធម៌​ជាតិ ឱ្យ​កូន​ខ្មែរ​មាន​ស្មារតី​ចូលរួម​ថែ​ក្សា​ការពារ​សម្បត្តិ​វប្បធម៌​ជាតិ​។​

​ការ​ប្រារព្វ​ពិធី​អបអរសាទរ​ខួប​នៃ​ប្រាសាទ​ទាំងពីរ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ ធ្វើ​នៅ​ទីតាំង​ប្រាសាទព្រះវិហារ​ចាប់ផ្ដើម​ពី​ម៉ោង​៧​ព្រឹក មាន​អ្នកចូលរួម​១៥០០​នាក់​។ នៅ​ទីតាំង​ប្រាសាទសំបូរព្រៃគុក ចាប់ផ្ដើម​ពី​ម៉ោង​៧​កន្លះ មាន​អ្នកចូលរួម​ជាង​៦​ពាន់​នាក់​។ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែលមាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចូលរួម ចាប់ផ្ដើម​ពី​ម៉ោង​៤​រសៀល​តទៅ មាន​អ្នកចូលរួម​ប្រមាណ​៩​ពាន់​នាក់​។​

​លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍ថា ប្រាសាទព្រះវិហារ​និង​ប្រាសាទសំបូរព្រៃគុក ជា​ប្រាសាទ​គំរូ​ល្អ​ឯក មានតម្លៃ​លេចធ្លោ​ជាស​កល​ដែលមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ និង​រក្សាបាន​នូវ​ស្ថានភាព​ដើម​របស់ខ្លួន ជាហេតុ​នាំឱ្យ​អង្គការ​យូ​នី​ស្កូ ព្រម​ចុះបញ្ជី​ទទួលស្គាល់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ លោក ជុច ភឿន បញ្ញា​ក់ថា​៖«​ប្រាសាទ​ទាំងពីរ​នេះ​មានតម្លៃ​ជាស​កល និង​មាន​ភាពល្អ​ឯក​ផ្សេងគ្នា ដែល​បង្ហាញ​លក្ខណៈ​វិទ្យាសាស្ត្រ​ជាស​កល​»​។​

​លោក គឹម សេ​ដា​រា ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ ថ្លែងថា​ក្រោយពី​ប្រាសាទព្រះវិហារ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក អាជ្ញាធរ​ជាតិ​ព្រះវិហារ បានធ្វើការ​យ៉ាងសកម្ម​លើ​ការថែរក្សា​ការពារ អភិរក្ស និង​អភិវឌ្ឍន៍ ដើម្បី​ឱ្យមាន​ការទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​។ លោក​ថា កត្តា​ប្រាសាទ ធម្មជាតិ និង មនុស្ស ត្រូវការ​អ្នកជំនាញ​បច្ចេកទេស​ពហុ​វិស័យ​ចូលរួម​ធ្វើការ​រួមគ្នា ដើម្បីឱ្យ​ការថែរក្សា​ប្រាសាទ​មានគុណ​ភាព​។ លោក គឹម សេ​ដា​រា ប​ញ្ញាក់​បែបនេះ​ថា​៖« ប្រាសាទ​បាន​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ហើយ តែ​អ្វីដែល​សំខាន់​ទៀត​នោះ ការងារ​ថែរក្សា​ការពារ អភិរក្ស និង​អភិវឌ្ឍន៍ ជា​កត្តា​សំខាន់​បន្ទាប់ ដើម្បីឱ្យ​សហគមន៍​អន្តរជាតិ​ទទួលស្គាល់ វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​។ វា​ទាមទា​ឱ្យ​យើង​មានការ​ខិតខំ​ប្រឹងប្រែង​ខ្លាំង​»​។​

​ដូចគ្នា​ដែរ លោក ផាន់ ឌី​ណា  អគ្គនាយក​អាជ្ញាធរ​សំបូរ​ព្រៃ​គុក បាន​ថ្លែងថា ក្រោយពី​ប្រាសាទសំបូរព្រៃគុក​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក អាជ្ញាធរ​សំបូរ​ព្រៃ​គុក បានធ្វើការ​យ៉ាងសកម្ម​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​នៅ​ជិត​តំបន់​បេតិកភណ្ឌ ចូលរួម​ថែរក្សា​និង​ការពារ​ប្រាសាទ​និង​តំបន់​ពាក់ព័ន្ធ​។ «​យើង​បាន​អប់រំ​ប្រជាពលរដ្ឋ​នៅ​តំបន់​ជិត​ប្រាសាទ ឱ្យ​គាត់​បាន​យល់​ពី​អត្ថប្រយោជន៍ របស់​ប្រាសាទ​និង​ព្រៃឈើ ដែល​ហុច​ផល​ទៅ​គាត់​វិញ ដើម្បីឱ្យ​ពួកគាត់​ចូលរួម​ជាមួយ​ពួកយើង​»​។ នេះ​ជាការ​បញ្ជាក់​ពី​លោក ផាន់ ឌី​ណា​។​

​កម្មវិធី​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក៏មាន​យុវជន​មកពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចូលរួម​ប្រមាណ​៤​ពាន់​នាក់​ផងដែរ​។ ក្រុមយុវជន​នេះ​នឹង​ច្រៀង​ចម្រៀង​រួមគ្នា​បទ «​ពង្សាវតា​ខ្មែរ​»  បទ «​យើង​ជឿជាក់​លើ​កម្ពុជា​» និង​បទ «​ជឿថា​ខ្មែរ​ធ្វើបាន​»៕

 
Thmey Thmey Group
Facebook Group · 596 members
Join Group
សូម​ស្វាគមន៍មតិយោបល់ទាំងអស់
 

Tag:
 វប្បធម៌​
  ព្រឹត្តិការណ៍​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com