អន្តរជាតិ
សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​ចាប់ផ្តើម​ថ្ងៃនេះ ឯ​ផលិតផល​«​សណ្តែកសៀង​»​ជា​បញ្ហា​ស្នូល
06, Jul 2018 , 11:57 am        
រូបភាព
​ដល់​ថ្ងៃ​កំណត់​ម៉ោង ១១​ថ្ងៃត្រង់ ថ្ងៃ ៦ ខែកក្កដា​នេះ អាមេរិក និង​ចិន​ចាប់ផ្តើម​សង្គ្រាម​ពាណិជ្ជកម្ម ជា​ផ្លូវការ​។  ជាច្រើន​ថ្ងៃ​មកនេះ តំណាង​ក្រុង​ប៉េកាំង​បាន​ព្រមាន និង​ទិតៀន​​​ថា អាមេរិក​កំពុង​ចាក់​សាំង​ដុត​ពិភពលោក និង​ដុត​ខ្លួនឯង​តែម្តង​ដោយ​ជ្រើសរើស​សង្គ្រាម​។ ឯ​អ្នកជំនាញ​សេដ្ឋកិច្ច និង​ប្រធាន​ក្រុមហ៊ុន​ធំៗ​នៅ​អាមេរិក​ផងនោះ ​បាន​ព្រមាន​ពី​ផលប៉ះពាល់​មិន​នឹកស្មាន​ដល់​ដែល​អាច​ផុស​ឡើង​ក្រោយ​សង្គ្រាម​ចាប់ផ្តើម​ដែរ​។ ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​ដែលជា​អ្នក​បញ្ឆេះ​សង្គ្រាម​ឲ្យ​ផ្ទុះ​នេះ​ហាក់​គ្មាន​បារម្ភ​ពី​គ្រោះថ្នាក់​ដែល​អាច​នឹង​លេចចេញ​ឡើយ ហើយ​លោក​ធ្លាប់​អះអាងថា សង្គ្រាម​ពាណិជ្ជ​កម្មនេះ​ស្រួល​ឈ្នះ​ណាស់​សម្រាប់​អាមេរិក​។



​ខណៈ​ទ្រនិចនាឡិកា​បន្ត​វិល​ទៅមុខ​ឥត​ឈប់ «​សង្គ្រាម​ពាណិជ្ជកម្ម​»​ដែលជា​សំណុំរឿង​ថ្មី​ដ៏​ចម្រូងចម្រាស និង​គួរ​ឲ្យ​ភ័យខ្លាច​សម្រាប់​ពិភពលោក​នោះកើតឡើងមែន​នៅ​ថ្ងៃ​សុក្រ​ទី ៦ ខែកក្កដា​នេះ​។ សមរភូមិ​នេះ​ចាប់ផ្តើម​ដោយ​ការដំឡើង​ពន្ធ ២៥ ភាគរយ​ជំហានដំបូងរបស់អាមេរិកប្រឆាំង​ទំនិញ​ចិន​ដែលមាន​ទំហំ ៣៤ ពាន់​លាន​ដុល្លារ​ដែល​ទំនិញ​ទាំងនោះ​មាន​យ៉ាងតិច ៨០០​ មុខ​ផ្សេងគ្នា​រួមបញ្ចូល​ទាំង​គ្រឿង​ម៉ាស៊ីន​ឧស្សាហកម្ម​, គ្រឿង​បរិក្ខារ​សុខាភិបាល និង​គ្រឿងបន្លាស់​រថយន្ត​ជាដើម​។

​ឯ​ចិន​វិញ​សងសឹក​អាមេរិក​ភ្លាមៗ​ដែរ​ដោយ​ដាក់​ពន្ធ​លើ​ទំនិញ ៥៤៥​មុខ​នាំ​មកពី​អាមេរិក​ ដែលភាគច្រើន​ជា​ផលិតផល​កសិកម្ម​រួមមានផលិតផល​អាហារ​សមុទ្រ សាច់ សណ្តែកសៀង និង​ពោត​ជាដើម​។

​តាំងពីដើម​មក ប្រធានាធិបតី ត្រាំ  និង​ទីប្រឹក្សា​របស់លោក​ប្រាប់​អ្នកគាំទ្រ​ខ្លួន​ថា ការដំឡើង​ពន្ធ​ជា​រឿង​ចាំបាច់​បំផុត​ក្នុង​ការ​ដោះស្រាយ​ឱនភាព​ពាណិជ្ជកម្ម និង​ដាក់​សម្ពាធ​លើ​មហាអំណាច​ចិន​ឲ្យ​បោះបង់ចោល​រាល់​ភាពមិន​ទៀងត្រង់​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ជាពិសេស​ឈប់​លួច​កម្មសិទ្ធិបញ្ញា​ក្រុមហ៊ុន​អាមេរិក និង​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ចែករម្លែក ឬ​ផ្ទេរ​បច្ចេកវិទ្យា​របស់ខ្លួន​ទៀត​។

​អាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​ដល់​ទៅ ៣៧៣ ពាន់​លាន​ដុល្លារ​ក្នុងការ​រកស៊ី​ជាមួយ​ចិន ហើយ​លោក ត្រាំ ចង់​មានការ​កាត់បន្ថយ​បរិមាណ​ឱនភាព​ដ៏​ធំ​នេះ​ឲ្យ​បាន​។ លោក លី ខឹ​ឈាំ​ង អះអាងថា ចិន​ក៏​មិន​ចង់ឃើញ​ឱនភាព​ពាណិជ្ជកម្ម​ឡើយ មិន​ថា​ជាមួយ​អាមេរិក ឬ​ប្រទេស​ណាមួយ​ឡើយ តែ​លោក​ចង់ឃើញ​ការចរចា​គ្នា​ដោះស្រាយ​បញ្ហា​មិនមែន​បង្កើត​សង្គ្រាម​ប្រឆាំង​គ្នា​ទេ​។​

​សង្គ្រាម​ជុំទីមួយ​កំពុង​ចាប់ផ្តើម​ពេលនេះ​។ សង្គ្រាម​ជុំ​បន្ទាប់​នឹង​អាច​កើតឡើង​បន្តទៀត ហើយ​បញ្ហា​នឹង​កាន់តែ​ធ្ងន់ធ្ងរ​​នៅពេល​ខាងមុខ បើសិនជា​គ្មាន​ការផ្សះផ្សា​ឬ​ព្យាយាម​រក​ដំណោះស្រាយ​រួម​បញ្ចប់​បញ្ហា​ចម្រូងចម្រាស​នេះ​ទេ​។

​មិនមែន​ត្រឹមតែ​ដាក់​គោលដៅ​លើ​ចិន​ដែលជា​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​ប៉ុណ្ណោះ​ទេ លោក ត្រាំ មិន​លើកលែង​សូម្បីតែ​អ្នកជិតខាង​ដូចជា​ម៉ិ​ក​ស៊ិ​ក និង​កាណាដា និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​ដូចជា​អាល្លឺម៉ង់ បារាំង និង​អង់គ្លេស​នោះ​។ ប្រទេស​ជា​មិត្ត​ទាំងនោះ​ក៏​មិន​រួញរា​នឹងដាក់​កំណត់​ពន្ធ​ប្រឆាំង​អាមេរិក​វិញ​ដែរ​ជា​បន្តបន្ទាប់​នោះ​។​

​បើ​ផ្អែកលើ​ស្ថានភាព​ជាក់ស្តែង សង្គ្រាម​ដែលមាន​ការដំឡើង​ពន្ធ​ប្រឆាំង​គ្នា​នេះ​នឹង​បង្កើត​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​និង​ផលប៉ះពាល់​ច្រើន​ដល់​ភាគី​ជម្លោះ និង​ពិភពលោក​ទាំងមូល មិនមែន​ដូច​ការលើកឡើង​របស់រដ្ឋបាល​អាមេរិកថា ល្អ​ឡើយ​។​

១.​សង្គ្រាម​ពាណិជ្ជកម្ម​ជុំទីមួយ​៖ សណ្តែកសៀង​ឡើងថ្លៃ​?

​ដូច​បានលើកឡើង​ខាងដើម​ស្រាប់ ការដំឡើង​ពន្ធ ២៥​ភាគរយ​របស់​ចិន​ប្រឆាំងនឹង​ផលិតផល​កសិកម្ម​អាមេរិក​មាន​ទាំង​សាច់ ពោត និង​សណ្តែកសៀង​។ បើតាម​សារព័ត៌មាន Bloomberg សណ្តែកសៀង​ជា​ផលិតផល​សំខាន់​សម្រាប់​ការប្រើប្រាស់ក្នុងប្រទេសចិន ហើយ​ការដំឡើង​ពន្ធ​នាំចូល​លើ​ផលិត​ផលអាមេរិក​អាចធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​អតិ​ថ​ជន​នៅ​ចិន​​។

 មាន​ប្រជាជន ជាង ១,៣ ពាន់​លាន​នាក់ ចិន​រៀងរាល់ឆ្នាំ​ត្រូវ​នាំចូល​សណ្តែកសៀង​ប្រមាណ ៦០​ភាគរយ​នៃ​បរិមាណ​សណ្តែកសៀង​សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក​សរុប ១០៣​ លាន​តោន​។ ចំណែក​អាមេរិក​ជា​អ្នក​ផ្គត់​ផ្គត់​សណ្តែកសៀង​ដ៏​សំខាន់​សម្រាប់​ចិន​ដែរ​។

​ក្រោយ​តម្លៃ​ពន្ធ​ថ្មី​ចូល​ជា​ធរមាន សណ្តែកសៀង​អាមេរិក​នាំចូល​ចិន​នឹងត្រូវ​ដំឡើងថ្លៃ​ដូចគ្នា​។ បើ​គ្មាន​ដៃគូ​ផ្គត់ផ្គង់​ថ្មី​ជំនួស​អាមេរិក​ទេ ប្រជាជន​ចិន​ត្រូវ​ប្រឈម​បញ្ហា​ច្រើន​។  យ៉ាងណាមិញ ចិន​កំពុង​នាំចូល​សណ្តែកសៀង​នេះ​ពី​ប្រទេស​ផ្សេង​នៅ​អាមេរិក​ខាងត្បូង​ដូចជា​ប្រេ​ស៊ី​ល និង​ព្យាយាម​រក​គោលដៅ​ផ្សេង​ទៀតផង​ដើម្បី​ជំនួស​ការនាំ​ចូល​ពី​អាមេរិក​​។

​ប៉ុន្តែ​បើតាម​សារព័ត៌មាន CNBC ទោះ​ស្វែងរក​អ្នកផ្គត់ផ្គង់​ថ្មី​ជំនួស​ក៏ដោយ ចំនួន​សណ្តែកសៀង​នាំចូល​ទៅ​ចិន​សរុប​ពី​ទូទាំង​ពិភពលោក​មាន​ត្រឹម ១០០ លាន​តោន​ប៉ុណ្ណោះ​។ វា​មានន័យថា ចិន​ត្រូវតែ​សុំ​ទិញ​សណ្តែកសៀង​បី ឬ​បួន​លាន​តោន​ទៀត​ពី​អាមេរិក​ដើម្បី​គម្រប់​តម្រូវការ ១០៣ លាន​តោន​នោះ​។

កាលពី​ខែឧសភា​កន្លងទៅ ទីភ្នាក់ងារ​ព័ត៌មាន Reuters ស្រង់​សម្តី​មន្ត្រី​ក្រសួងកសិកម្ម​ចិន​ថា ខ្លួន​នឹង​ត្រៀម​កាត់បន្ថយ​បរិមាណ​សណ្តែកសៀង​នាំចូល​ពី​បរទេស​មក​ត្រឹម ៩៦​លាន​តោន​ប៉ុណ្ណោះ ដែល​វា​ជាការ​កាត់បន្ថយ​ជា​លើកដំបូង​ក្នុង​រយៈពេល ១៥ ឆ្នាំនេះ​សម្រាប់​ឆ្នាំ​បន្ទាប់​។ ដើម្បី​សម្រួល​ដល់​ការកាត់បន្ថយ​ការ​នាំចូល​សណ្តែកសៀង​នេះ រដ្ឋាភិបាល​បន្ត​បង្កើន​ការឧបត្ថម្ភ​ធន​គាំទ្រ​កសិករដើម្បី​បង្កើន​ការផលិត​សណ្តែកសៀង​ក្នុងស្រុក​វិញ​។ ក្រៅពីនេះ​រដ្ឋាភិបាល​ក៏​បន្ត​លើកទឹកចិត្ត​ឲ្យ​កសិករ​ដែល​ប្រើប្រាស់​សណ្តែកសៀង​ជា​ចំណី​សត្វនោះ​ស្វែងរក​ចំណីអាហារ​ធម្មជាតិ​ផ្សេងទៀត​ជំនួស​សណ្តែកសៀង​ដែរ​។

២.​ក្រុង​ប៉េកាំង​៖ «​អាមេរិក​កំពុង​ចាក់​សាំង​ដុត​ខ្លួនឯង​»

​មុន​សង្គ្រាម​ពាណិជ្ជកម្ម​ចាប់ផ្តើម​ថ្ងៃនេះ តំណាង​ក្រុង​ប៉េកាំង​ចេញមុខ​រិះគន់​រដ្ឋបាល​អាមេរិក ដោយ​គេ​លួច​សង្ឃឹមថា កិច្ចព្រមព្រៀង​ផ្អាក​សង្គ្រាម​អាច​លេច​ចេញពី​មាត់​របស់លោក ត្រាំ នៅ​នាទីចុងក្រោយ​។ ប៉ុន្តែ​គ្មាន​សោះឡើយ កិច្ចព្រមព្រៀងផ្អាក​ប្រយុទ្ធ​។

​ទីភ្នាក់ងារ​ព័ត​មាន AFP បាន​ស្រង់​សម្តី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​លោក Gao Feng នៅ​ថ្ងៃទី​៥ ខែកក្កដា​ដូច្នេះ​៖« អាមេរិក​បាន​បង្កើត​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ឡើងមក​។ យើង​មិនដែល​ចង់​ប្រយុទ្ធ​ទេ ប៉ុន្តែ​ដើម្បី​ការពារ​ប្រយោជន៍​របស់​ប្រទេស​និង​ប្រជាជន​យើង យើង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ប្រយុទ្ធ​ឡើយ​»​។​

​អ្នកនាំពាក្យ​រូបនេះ​ពន្យល់​បន្ថែមថា អ្វីដែល​អាមេរិក​ធ្វើ មិន​ខុសពី​ការដុត​ខ្លួនឯង និង​ពិភពលោក​ទាំងមូល​ឡើយ​។ ផលប៉ះពាល់​ធំ​ជះ​លើ​សង្វាក់​ផលិតកម្ម និង​ការផ្គត់ផ្គង់ ក៏ដូចជា​ការកំណត់​តម្លៃ​ទំនិញ​ផងដែរ​។ និយាយ​ឲ្យ​ស្រួល​ស្តាប់ ការដាក់​ដំឡើង​ពន្ធ ២៥​ភាគរយ​លើ​ទំនិញ​មានន័យថា ទំនិញ​ឡើងថ្លៃ​ទៅតាម​នោះដែរ​។ ឯ​អ្នករងគ្រោះ​គឺ​ប្រជាជន​ទាំងសងខាង​ប៉ុណ្ណោះ​។ 

​ក្រៅពី​ប៉ះពាល់​ដល់​ចំណង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ សង្គ្រាម​ប្រើ​របាំងពន្ធគយ​តែ​មិន​ប្រើ​អាវុធ​នេះ​ក៏​នឹង​បំផ្លាញ​ទំនុកចិត្ត និង​ទំនាក់ទំនង​នយោបាយ​ឬ​ការទូត​រវាង​មហាអំណាច​ទាំងពីរ​ដែល​កំពុង​ល្អក់កករ​ស្រាប់​ដែរ​។ គេ​បារម្ភ​ដល់​បញ្ហា​ពិភពលោក​ផ្សេងទៀត​ដែល​ត្រូវ​ដោះស្រាយ​ដោយ​ការសហការ​រវាង​ចិន​និង​អាមេរិក​ផង ជាពិសេស​បញ្ហា​នុយក្លេអ៊ែរ​ឧបទ្វីប​កូរ៉េ​ដែល​កំពុង​ដើរ​ឆ្ពោះទៅរក​ការរំសាយ​នុយក្លេអ៊ែរ​នោះ​។
 
៣.​សង្គ្រាម​ពាណិជ្ជកម្ម​ជា​សង្គ្រាម​ដែល​គ្មាន​អ្នកឈ្នះ​

​តាំងពីដើម​មក ក្រុង​ប៉េកាំង​មិនដែល​ចង់​ឲ្យ​សង្គ្រាម​នេះ​កើតឡើង​ទេ ហើយក៏​ធ្លាប់​និយាយ​យ៉ាងច្បាស់​ដែរ​ថា សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អាមេរិក​ចង់បាន​នោះ​គ្មាន​អ្នកឈ្នះ​ឡើយ​។ ផ្ទុយទៅវិញ គឺ​មានតែ​អ្នកចាញ់ ហើយ​ចាញ់​ទាំងអស់គ្នា​។

​ប៉ុន្តែ​លោក ត្រាំ ធ្លាប់​ប្រកាសប្រាប់​ពិភពលោក​ថា អាមេរិក​នឹង​ឈ្នះ​សង្គ្រាម​ពាណិជ្ជ​កម្មនេះ ហើយ​វា​ជា​រឿង​ចាំបាច់​ដើម្បី​ដោះស្រាយ​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ប្រទេស​ផ្សេងទៀត​ដែល​និយម​ខ្សែលើ​ខ្លួន​។ លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថែម​ទៀតថា រដ្ឋបាល​លោក​នឹង​ពិចារណា​ដាក់​ពន្ធ​ប្រឆាំង​ទំនិញ​ចិន​ដែលមាន​ទំហំ ៥០០​ពាន់​លាន​ដុល្លារ​ថែមទៀត បើ​ចិន​ហ៊ាន​ដាក់​ពន្ធ​សងសឹក​អាមេរិក​បន្តទៀត​នោះ​។​

​កន្លងមក មេដឹកនាំ​អាមេរិក​រូបនេះ​និយាយ​ពេញៗ​មាត់​ថា សង្គ្រាម​ពាណិជ្ជ​កម្មនេះ​ស្រួល​ឈ្នះ​ណាស់​សម្រាប់​អាមេរិក​។ យកឈ្នះ​បែបណា​នោះ គ្មាន​អ្នកណា​ដឹង​ឡើយ ហើយ​លោក ត្រាំ​ក៏​មិន​បកស្រាយ​សម្តី​របស់ខ្លួន​ដូចគ្នា​។​

​យ៉ាងណាមិញ សហគមន៍​អ្នកជំនួញ ប្រធាន​ក្រុមហ៊ុន និង​អ្នកជំនាញ​សេដ្ឋកិច្ច​លើ​ពិភពលោក​សុទ្ធតែ​ឃើញ​រឿង​ផ្ទុយ​ពី​លោក ត្រាំ ។ ពួកគេ​បង្ហាញ​កង្វល់ ព្រោះ​គេ​ដឹងថា ហានិភ័យ និង​ព្យសនកម្ម​ដែល​បង្កើត​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​​សេដ្ឋកិច្ច​ទាំងពីរ​នេះ​ធំធេង​រក​ពណ៌នា​មិនត្រូវ​។​

​ទោះជា​បែបណាក៏ដោយ គ្មាន​សញ្ញា​ណាមួយ​ដែលថា សង្គ្រាម​ពាណិជ្ជកម្ម​អាច​ថមថយ ឬ​បញ្ចប់​ដោយមាន​ការសម្រេចចិត្ត​ពី​អាមេរិក​ខ្លួនឯង​ជា​ឯកតោភាគី​ឡើយ​។ ប៉ុន្តែ​វា​អាច​រីក​រាលដាល​កាន់តែ​ធំ​ផង​។ រដ្ឋបាល​លោក ត្រាំ មិនដែល​ខ្វល់​ឬ​យកចិត្តទុកដាក់​ស្តាប់​យោបល់​ទាំង​នោះឡើយ​។ សង្គ្រាម​ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​ខ្លាចរអា​នោះ​ត្រូវបាន​លោក ត្រាំ​ហៅថា​ជា​មធ្យោបាយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​ប្រសើរឡើង​។ ចំណែក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក​វិញ​បាន​ព្យាយាម​ទាត់ចោល​ការវាយតម្លៃ​ឬ​ផ្តល់យោបល់​ពី​អ្នកជំនាញ​។ រឿង​ដែល​ហួសចិត្ត​នោះ​គឺថា រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក Wilbur Ross  ចាត់ទុក​យោបល់​ទាំងនោះ​ថា ជាការ​វាយតម្លៃ​ដែល​គ្មាន​ហេតុផល និង​មិន​ត្រឹមត្រូវ​ទៅវិញ​។​

​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ចុះ សង្គ្រាម​ពាណិជ្ជ​កម្មនេះ​តាមពិត​ទៅបាន​ផ្តើមចេញពី​ការសម្រេច​ដំឡើង​ដាក់​ពន្ធ​របស់​អាមេរិក​ប្រឆាំង​ទំនិញ​របស់​ចិន​កាលពី​ថ្ងៃទី ៣ ខែមេសា​កន្លងទៅ​។ ការដំឡើង​ពន្ធ​ថ្មី​លើទំនិញ​ទំហំ​ប្រមាណ ៥០​ពាន់​លាន​ដុល្លារ​។ មិន​បង្អែរ​បង្អង់​យូរ ក្រុង​ប៉េកាំង​ដំឡើង​ពន្ធ​សងសឹក​វិញ​លើ​ទំនិញ​អាមេរិក​ដូចគ្នា​មួយថ្ងៃ​ក្រោយមក​៕ 

Tag:
 សង្គ្រាម​ពាណិជ្ជកម្ម​
  ចិន​
 ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com