កីឡាជាតិ
ជាតិ
U19៖ កាលពី​ឆ្នាំមុន​កម្ពុជា​ឈ្នះ​មី​យ៉ាន់​ម៉ា ៣-២ ចុះ​ម៉ោង​៧​យប់​នេះ​?
06, Jul 2018 , 3:34 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា ត្រូវ​តទល់​ជាមួយ U19 មី​យ៉ាន់​ម៉ា នា​ការប្រកួត​ដណ្តើមពាន​រង្វាន់ AFF U19 Championship 2018 នៅ​ម៉ោង​៧​យប់​ថ្ងៃទី​៦ កក្កដា ឆ្នាំ​២០១៨ នា​កីឡដ្ឋាន Gelora Joko Samudro Stadium ប្រទេស​ឥណ្ឌូណេស៊ី​។



​ក្រោយ​បរាជ័យ​ក្នុងជំនួប​លើក​ទី​២​ក្រោម​ថ្វី​ជើង​ក្រុម​ម៉ាឡេស៊ី ២-០ កាលពី​ថ្ងៃទី​៤ ខែកក្កដា ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​បន្ត​ជួប​ប្រជែង​ជាមួយ​ក្រុម​មី​យ៉ាន់​ម៉ា សម្រាប់​ជំនួប​លើក​ទី​៣​ប្រចាំ​ពូ​ល B នៅ​យប់​នេះ​។ U19 កម្ពុជា ត្រូវការ​ឈ្នះ​មី​យ៉ាន់​ម៉ា​ដាច់ខាត ដើម្បី​បង្កើន​ភាគរយ​ឲ្យ​កាន់​ខ្ពស់​ក្នុងការ​ប្រជែង​ដណ្តើម​កៅអី​នៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់ AFF U19 Championship 2018​។

​នា​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U19 Championship កាលពី​ឆ្នាំ​២០១៧ កន្លងទៅ ក្រុម U19 កម្ពុជា​បាន​យកឈ្នះ​ក្រុម​មី​យ៉ាន់​ម៉ា​ក្នុង​លទ្ធផល ៣-២ នា​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ កីឡាករ ស៊ិន កក្កដា សម្រេចបាន​ពីរ​គ្រាប់​ម្នាក់ឯង​នៅ​នាទី​ទី​៥៩ និង​៩០ មុន​កីឡាករ សាន គឹម​ហេង រួមចំណែក​១​គ្រាប់​ទៀត​នៅ​នាទី​ទី​៩០+៥​។ កាលនោះ កម្ពុជា​បានបញ្ចប់​ក្នុង​ចំណាត់​លេខ​២​មាន​៤​ពិន្ទុ ខណៈ​ចិន ឈរ​កំពូល​តារាង​។​

​បើតាម​ប្រវត្តិ​ក្នុង​ពានរង្វាន់​នេះ ក្រុម​ទាំងពីរ​ធ្លាប់ជួយ​គ្នា​តែម្តង​គត់​នៅ​ឆ្នាំ​២០១៦ ដោយ​កាលនោះ កម្ពុជា ប្រកួត​ចាញ់​មី​យ៉ាន់​ម៉ា​ក្នុង​លទ្ធផល ៣-០ នៅលើ​ទឹកដី​វៀតណាម​។ មី​យ៉ាន់​ម៉ា ធ្លាប់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ចំនួន​១២​លើក និង​បាន​គ្រង​ជើងឯក​ពីរលើក​នៅ​ឆ្នាំ​២០០៣ និង ២០០៥​។ ចំណែក​កម្ពុជា ធ្លាប់​ចូលរួម​៩​លើក តែ​មិនដែល​ឆ្លង​ផុត​វគ្គ​ជម្រុះ​នោះទេ​។

​ពូ​ល B នេះដែរ ក្រុម U19 ថៃ ជួប​ព្រុយ​ណេ សម្រាប់​ជំនួប​បើកឆាក​របស់ខ្លួន នៅ​ម៉ោង​៣:៣០​នាទី​រសៀល នា​កីឡដ្ឋាន Gelora Joko Samudro Stadium៕



Tag:
 AFF U19
  U19 កម្ពុជា​
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com