កីឡាជាតិ
ជាតិ
U19៖ កាលពីឆ្នាំមុនកម្ពុជាឈ្នះមីយ៉ាន់ម៉ា ៣-២ ចុះម៉ោង៧យប់នេះ? រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
× ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា ត្រូវតទល់ជាមួយ U19 មីយ៉ាន់ម៉ា នាការប្រកួតដណ្តើមពានរង្វាន់ AFF U19 Championship 2018 នៅម៉ោង៧យប់ថ្ងៃទី៦ កក្កដា ឆ្នាំ២០១៨ នាកីឡដ្ឋាន Gelora Joko Samudro Stadium ប្រទេសឥណ្ឌូណេស៊ី។
ក្រោយបរាជ័យក្នុងជំនួបលើកទី២ក្រោមថ្វីជើងក្រុមម៉ាឡេស៊ី ២-០ កាលពីថ្ងៃទី៤ ខែកក្កដា ក្រុមកីឡាករជម្រើសជាតិកម្ពុជាបន្តជួបប្រជែងជាមួយក្រុមមីយ៉ាន់ម៉ា សម្រាប់ជំនួបលើកទី៣ប្រចាំពូល B នៅយប់នេះ។ U19 កម្ពុជា ត្រូវការឈ្នះមីយ៉ាន់ម៉ាដាច់ខាត ដើម្បីបង្កើនភាគរយឲ្យកាន់ខ្ពស់ក្នុងការប្រជែងដណ្តើមកៅអីនៅវគ្គបន្តនៃពានរង្វាន់ AFF U19 Championship 2018។
នាការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U19 Championship កាលពីឆ្នាំ២០១៧ កន្លងទៅ ក្រុម U19 កម្ពុជាបានយកឈ្នះក្រុមមីយ៉ាន់ម៉ាក្នុងលទ្ធផល ៣-២ នាការប្រកួតនៅពហុកីឡដ្ឋានជាតិ។ កីឡាករ ស៊ិន កក្កដា សម្រេចបានពីរគ្រាប់ម្នាក់ឯងនៅនាទីទី៥៩ និង៩០ មុនកីឡាករ សាន គឹមហេង រួមចំណែក១គ្រាប់ទៀតនៅនាទីទី៩០+៥។ កាលនោះ កម្ពុជាបានបញ្ចប់ក្នុងចំណាត់លេខ២មាន៤ពិន្ទុ ខណៈចិន ឈរកំពូលតារាង។
បើតាមប្រវត្តិក្នុងពានរង្វាន់នេះ ក្រុមទាំងពីរធ្លាប់ជួយគ្នាតែម្តងគត់នៅឆ្នាំ២០១៦ ដោយកាលនោះ កម្ពុជា ប្រកួតចាញ់មីយ៉ាន់ម៉ាក្នុងលទ្ធផល ៣-០ នៅលើទឹកដីវៀតណាម។ មីយ៉ាន់ម៉ា ធ្លាប់ចូលរួមក្នុងព្រឹត្តិការណ៍នេះចំនួន១២លើក និងបានគ្រងជើងឯកពីរលើកនៅឆ្នាំ២០០៣ និង ២០០៥។ ចំណែកកម្ពុជា ធ្លាប់ចូលរួម៩លើក តែមិនដែលឆ្លងផុតវគ្គជម្រុះនោះទេ។
ពូល B នេះដែរ ក្រុម U19 ថៃ ជួបព្រុយណេ សម្រាប់ជំនួបបើកឆាករបស់ខ្លួន នៅម៉ោង៣:៣០នាទីរសៀល នាកីឡដ្ឋាន Gelora Joko Samudro Stadium៕
Tag:
AFF U19
U19 កម្ពុជា
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com