ជាតិ
បោះឆ្នោត
ថ្ងៃទី​៧ កក្កដា CPP ឃោសនា​ទ្រង់ទ្រាយ​ធំ ដោយ​ភ្ជាប់​នឹង​ពិធី​រម្លឹក​ខួប​៦៧​ឆ្នាំ​របស់ខ្លួន
06, Jul 2018 , 6:59 pm        
រូបភាព
​ស​ម្តេច ហ៊ុន សែន ឡើងថ្លែងសារ ពេលដង្ហែក្បួនឃោសនារកសំឡេងគាំទ្រ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ២០១៧ កន្លងទៅ
​ស​ម្តេច ហ៊ុន សែន ឡើងថ្លែងសារ ពេលដង្ហែក្បួនឃោសនារកសំឡេងគាំទ្រ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ២០១៧ កន្លងទៅ
ដោយ:
​ភ្នំពេញ​៖ នៅ​ថ្ងៃ​ឃោសនាបោះឆ្នោត​ដំបូង គណបក្ស​ប្រជាជន​កម្ពុជា នឹងមាន​ការហែក្បួន​ទ្រង់ទ្រាយ​ធំ នៅ​ទូទាំងប្រទេស​។ យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ ធ្វើឡើង​ភ្ជាប់​គ្នា​នឹង​ខួប​នៃ​ការបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា តែម្តង​។



​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ គណបក្ស​ប្រជាជន​កម្ពុជា (CPP) នឹងធ្វើ​ពិធី​បូក​បញ្ចូល​គ្នា រវាង​ការឃោសនាបោះឆ្នោត និង​រម្លឹក​ខួប​នៃ​ការកកើត​បក្ស​។ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​សារព័ត៌មាន​ថ្មីៗ​ដឹងថា  កម្មវិធី​នេះ នឹងធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ ដោយមាន​អ្នកចូលរួម​ជាង​១០​ម៉ឺន​នាក់​។​

​លោក បន្តថា នៅក្នុង​ឱកាស​នេះ សម្ដេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹងចូលរួម​ថ្លែង​សុន្ទរកថា​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ផ្ទាល់ ព្រមទាំង​មានការ​ផ្សព្វផ្សាយ​តាម​បណ្ដា​ទូរទស្សន៍ និង​វិទ្យុ​តាម​ខេត្ត​នីមួយៗ​។ អ្នកនាំពាក្យ​រូបនេះ បាន​បន្ថែមថា ក្រោយពី​បញ្ចប់​សុន្ទរកថា ក្បួន​នឹង​ដង្ហែ ទៅកាន់​ខណ្ឌ​រៀងៗ​ខ្លួន ក្នុង​រាជធានី​ភ្នំពេញ ចំណែក នៅតាម​បណ្ដា​ខេត្ត​ទាំង​២៤ ក៏​ដង្ហែ​ក្បួន​ឃោសនា​ព្រម​គ្នា​ផងដែរ​។

​ស្របតាម​ច្បាប់​ស្ដីពី​ការឃោសនាបោះឆ្នោត រាជធានី ខេត្ត នីមួយៗ អាច​ដង្ហែ​ក្បួន​ឃោសនា​តែ​៤​ដង​ប៉ុណ្ណោះ​។ បើតាម​លោក សុខ ឥសាន គណបក្ស​ប្រជាជន​កម្ពុជា អាច​មានការ​ដង្ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​ម្ដងទៀត នៅ​ថ្ងៃ​២៧ ខែកក្កដា ដែលជា​ថ្ងៃ​បិទ​យុទ្ធនាការ​នៃ​ការឃោសនាបោះឆ្នោត​។​

​តាមពិតទៅ គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​ឈ្មោះ​ដើម​ថា បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បានកើត​ឡើង នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ ឯណោះ​ទេ​។ ជា​រៀងរាល់ឆ្នាំ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​រដ្ឋាភិបាល​រាប់​ទសវត្ស​ន៍​មកហើយ​នោះ តែង​ធ្វើ​ពិធី​រម្លឹក​ខួប នៅ​ថ្ងៃ​២៨ ខែមិថុនា​។ ប៉ុន្តែ សម្រាប់​ឆ្នាំនេះ បក្ស​កាន់អំណាច ស្រាប់តែ​ជ្រើស​រើសយក​ថ្ងៃទី​៧ ខែកក្កដា ដែលជា​ថ្ងៃ​ដំបូង​នៃ​ការឃោសនា​រក​សំឡេងឆ្នោត ធ្វើ​ពិធី​រម្លឹក​ខួប​៦៧​ឆ្នាំ​ទៅវិញ​។

​សូមជម្រាបថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នឹងធ្វើ​ឡើង​ចាប់ ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ ពោល​គឺមាន​រយៈពេល​២១​ថ្ងៃ​។ តាមច្បាប់​ស្ដីពី​ការឃោសនាបោះឆ្នោត រាជធានី ខេត្ត​ទាំងអស់ មិន​អាចមាន​ការហែក្បួន​ឆ្លង​គ្នា​ឡើយ ហើយ​ក្នុង​មួយ​រាជធានី ខេត្ត គណបក្ស​មួយ អាច​ដង្ហែ​ក្បួន​ឃោសនា​បានតែ​៤​ដង​ប៉ុណ្ណោះ​។ ការបោះឆ្នោត នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​គណបក្ស​២០ ចូលរួម​ប្រកួតប្រជែង​៕

អត្ថបទទាក់ទង




Tag:
 CPP
  ឃោសនា​
  បោះឆ្នោត​
  គណបក្សនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com