កីឡាអន្តរជាតិ
អន្តរជាតិ
FIFA អញ្ជើញ​ក្មេង​ដែល​ជាប់​ក្នុង​រូងភ្នំ​នៅ​ថៃ ទៅ​មើល​ការប្រកួត​ផ្តាច់ព្រ័ត្រ World Cup នៅ​រុស្ស៊ី​
06, Jul 2018 , 6:19 pm        
រូបភាព
​លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA នៅ​ថ្ងៃទី​៦ ខែកក្កដា​នេះ​បាន​សរសេរ​សារ​មួយ​ផ្ញើ​ទៅកាន់​សមាគម​កីឡាបាល់ទាត់​ថៃ​ដើម្បី​អញ្ជើញ​ក្មេងប្រុស​១២​នាក់​ដែលជា​កីឡាករ​បាល់ទាត់​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ រួមទាំង​គ្រូបង្វឹក​របស់​ពួកគេ​ម្នាក់​ទៅ​ទស្សនា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FIFA World Cup 2018 នៅ​រុស្ស៊ី ប្រសិនបើ​ពួកគេ​អាច​ចេញពី​រូងភ្នំ​ទាន់ពេលវេលា​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​



«​ប្រសិនបើ​ក្មេងៗ​អាច​ចេញពី​រូងភ្នំ​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​ហើយ​មាន​សុខ​ភាពល្អ​ដែល​អាច​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើដំណើរ​ទៅ​រុស្ស៊ី​ទាន់ពេល​នោះ FIFA រីករាយ​នឹង​នាំ​ពួកគេ​ទៅ​មើល​ការប្រកួត​ផ្តាច់ព្រ័ត្រ World Cup នៅក្នុង​មូ​ស្គូ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Infantino​។ 
 
​ប្រធាន FIFA រូបនេះ​បន្ថែមថា លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ក្មេងៗ​ទាំង​១៣​នាក់​នឹង​អាច​ចូលរួម​ជាមួយ​ខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ខាងមុខនេះ​ដែល​នឹង​ក្លាយជា​ពេលវេលា​ដ៏​អស្ចារ្យ និង​ជាការ​អបអរ​ដល់​ពួកគេ​ដែល​អាច​ចេញពី​រូងភ្នំ​បាន​ដោយ​សុវត្ថិភាព​។​
  
អត្ថបទទាក់ទង

 
​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​កីឡាបាល់ទាត់​ពិភពលោក​នឹងធ្វើ​ឡើង​ក្នុង​ក្រុង​មូ​ស្គូ​នា​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ ពោលគឺ​នៅសល់តែ​៩​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ មកទល់នឹង​ពេល​ក្មេងៗ​ទាំងនោះ​ស្ថិតក្នុង​រូងភ្នំ Tham Luang នៅឡើយ ខណៈ​ក្រុម​អ្នកជំនាញ​កំពុង​បំប៉ន​អាហារ​ប៉ូវ​កំលាំង​ដល់​ពួកគេ និង​បង្ហាត់បង្រៀន​ឲ្យ​ចេះ​មុជទឹក​ដើម្បី​ចេញពី​រូងភ្នំ​៕


Tag:
 បាល់ទាត់​
  ក្មេងប្រុស​បាត់​ខ្លួន​នៅ​ថៃ​
  FIFA World Cup
  រូងភ្នំ Tham Luang
© រក្សាសិទ្ធិដោយ thmeythmey.com