ជាតិ
បោះឆ្នោត
អ្នកនាំពាក្យបក្សកាន់អំណាច ជឿជាក់​យ៉ាងខ្លាំង​ថា នឹង​បន្ត​ឈ្នះឆ្នោត ខណៈបក្សប្រឆាំងមិនបានចូលរួម
06, Jul 2018 , 7:02 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំក្បួនដង្ហែគណបក្ស​ប្រជាជនកម្ពុជា រកសំឡេងឆ្នោត កាលពីពេលបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២0១៧។ រូបថត ផ្តល់សិទ្ធិដោយ បងដង្ខៅ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំក្បួនដង្ហែគណបក្ស​ប្រជាជនកម្ពុជា រកសំឡេងឆ្នោត កាលពីពេលបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២0១៧។ រូបថត ផ្តល់សិទ្ធិដោយ បងដង្ខៅ
គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល មាន​ជំនឿ​យ៉ាងខ្ពស់​ថា នឹង​ទទួលបាន​ជ័យជម្នះ ក្នុងការ​បោះឆ្នោត​ក្នុង​អាណត្តិ​ទី​៦​នេះ​។  នេះ​បើតាម​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។


 
​ទោះជា​សង្ឃឹមថានឹង​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ក្តី តែ​លោក សុខ ឥសាន មិន​ហ៊ាន​សន្និដ្ឋាន​នោះទេ ថា​គណបក្សកាន់អំណាច​របស់លោក នឹង​ទទួលបាន​អាសនៈ​ប៉ុន្មាន​។ លោក ចាត់ទុក​ការវាយតម្លៃ​ទុកជាមុន​ថា គណបក្ស​នេះ ឬ​គណបក្ស​នោះ ទទួលបាន​អាសនៈ​ប៉ុន្មាន ខណៈ​ការបោះឆ្នោត មិនទាន់​មកដល់ គឺជា​រឿង​មិន​ត្រឹមត្រូវ​។ 
 
​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​មាន​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា យើង​នឹង​ឈ្នះឆ្នោត​។ ប៉ុន្តែ​យើង​មិនអាច​កំណត់ថា បាន​អាសនៈ​ប៉ុន្មាន​ទេ​។ ការកំណត់​មុន​ថា​បាន​អាសនៈ​ប៉ុន្មាន គឺជា​ការប្រមាថ​ឆន្ទៈ​ប្រជាពលរដ្ឋ​»​។ 
 
​ការលើកឡើង​របស់លោក សុខ ឥសាន គឺធ្វើឡើង​ក្នុង​សន្និសីទកាសែត​មួយ ស្តីពី​តួនាទី​របស់​គណបក្ស​ប្រជាជន​កម្ពុជា លើ​ឆាក​អន្តរជាតិ ដែល​រៀបចំ​នៅ​ទីស្នាក់កា​ល​កណ្តាល​របស់​ខ្លួន នា​រសៀល​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។

អត្ថបទទាក់ទង
 

ពីឆ្វេងទៅស្តាំ៖ លោក សួស យ៉ារ៉ា (រូបទី២) និងលោក សុខ  ឥសាន (រូបទី២)  

ថ្ងៃទី៧ ខែកក្កដា គឺជា​ថ្ងៃទី​១ នៃ​ការឃោសនា​រក​សំឡេងឆ្នោត​។ គណបក្ស​ប្រជាន​កម្ពុជា នឹងធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ នៅ​ទូទាំងប្រទេស ក្នុង​ថ្ងៃ​ដំបូង​នេះ​។ 
 
​ការបោះឆ្នោត នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​គណបក្ស​១៩ ចូលរួម​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ចំណែកឯ គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ដៃគូ​ប្រកួត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពុំបាន​ចូលរួម​នោះទេ ដោយសារតែ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវបាន​រំលាយចោល ហើយ​មកដល់ពេលនេះ នៅ​មិនទាន់​អាចធ្វើ​សកម្មភាព​ឡើងវិញ​នោះទេ​៕   

Tag:
 បោះឆ្នោត
  CPP
  សុខ ឥសាន
  សួស យ៉ារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com