បើ CPP ឈ្នះឆ្នោត សម្តេច ហ៊ុន សែន សន្យា​ជំរុញ​ការបើក​ប្រាក់ខែ​ពីរ​សប្តាហ៍​ម្តង​

ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
បើ CPP ឈ្នះឆ្នោត សម្តេច ហ៊ុន សែន សន្យា​ជំរុញ​ការបើក​ប្រាក់ខែ​ពីរ​សប្តាហ៍​ម្តង​
07, Jul 2018 , 10:00 am         8403
រូបភាព
ដោយ: ថ្មីៗ
​ឈរ​ពីលើ​វេទិកា​ដ៏​ល្វឹងល្វើយ នៅ​ចំពោះមុខ​សមាជិក​ជាង​៥​ម៉ឺន​នាក់ សម្តេច ហ៊ុន សែន បាន​ថ្លែង​សន្យា​ប្តូរផ្តាច់​អនុវត្ត​កម្មវិធី​នយោបាយ​ឲ្យ​បាន​ជោគជ័យ បើសិន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ដឹកនាំ​រដ្ឋាភិបាល​អាណត្តិ​ទី​៦​ខាងមុខនេះ​។ ក្នុងចំណោម​កម្មវិធី​នយោបាយ​ជាច្រើន គឺមាន​ការជំរុញ​ការបើកប្រាក់​បៀវត្សរ៍​ជូន​កម្មករ មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ រយៈពេល​ពីរ​សប្តាហ៍​ម្តង​។



​មិន​ត្រឹមតែ​សន្យា​ដំឡើង​ប្រាក់​ឈ្នួល ឬ​ប្រាក់បៀវត្សរ៍​ទេ ប៉ុន្តែ​សម្តេច ហ៊ុន សែន ប្រកាសថា បើសិនជា​សម្តេច​បាន​ដឹកនាំ​រដ្ឋាភិបាល​ភិ​បាល​អាណត្តិ​ទី​​៦​នេះ​ទៀត សម្តេច​នឹង​ជំរុញ​កែប្រែ​ទម្លាប់​បើកប្រាក់​បៀវត្សរ៍ ឲ្យ​កាន់តែ​ប្រសើរ​។ គឺ​ចាប់ពី​ឆ្នាំ​២០១៩ តែម្តង​។​

«​រដ្ឋាភិបាល​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ដោយមាន​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី នឹង​ជំរុញ​កែលម្អ​ថែមទៀត​នូវ​ការបើកប្រាក់​ឈ្នួល​ការងារ​ប្រចាំខែ​ជូន​កម្មករ និយោជិត រយៈពេល​២​សប្តាហ៍​ម្តង ដូច​នៅ​បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួន​ក្នុង​តំបន់​»​។ នេះ​ជាការ​ប្រកាស​ដោយ​សម្តេច ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​៧​ខែកក្កដា​ដែលជា​ថ្ងៃ​ដំបូង​នៃ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​។​

​ការកែលម្អ​ការបើកប្រាក់​បៀវត្សរ៍​នេះ នឹងមិន​ត្រូវអនុវត្ត​តែ​សម្រាប់​កម្មករ និយោជិត​នោះឡើយ​។ មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ ក៏​នឹង​ទទួលបាន​ការដំឡើងប្រាក់បៀវត្សរ៍ នឹងត្រូវ​ទទួលបាន​ប្រាក់​នេះ ពីរ​សប្តាហ៍​ម្តង​ដូចគ្នា ជា​បន្តបន្ទាប់​។ សម្តេច ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​យើង​នឹង​ចាប់ផ្តើម​អនុវត្ត​បើកប្រាក់​បៀវត្សរ៍ និង​ប្រាក់​សោធន​ក្នុង​រយៈពេល​២​សប្តាហ៍​ម្តងនេះ ជូន​មន្ត្រីរាជការ​ស៊ីវិល និង​ជូន​និវត្តជន និង​អតីតយុទ្ធជន​ជាមុន​ដោយ​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ​២០១៩​ខាងមុខ​។ ដោយឡែក ចំពោះ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ យើង​នឹង​រៀបចំ​ធ្វើការ​សិក្សា​ដាក់​ឲ្យ​អនុវត្ត​ជា​បន្តបន្ទាប់​ទៀត ដោយសារ​លក្ខណៈពិសេស​នៃ​ទីកន្លែង​ការងារ​ដាច់ស្រយាល​រប​ស់​កងកម្លាំងប្រដាប់អាវុធ ដែល​មិនទាន់មាន​សេវា​ធនាគារ​ទៅដល់​គ្រប់គ្រាន់​»៕


Tag:
 បោះឆ្នោត
  ហ៊ុន សែន
  ប្រាក់បៀវត្សរ៍​
© រក្សាសិទ្ធិដោយ thmeythmey.com