ជាតិ
បោះឆ្នោត
នយោបាយជាតិ
បើ CPP ឈ្នះឆ្នោត សម្តេច ហ៊ុន សែន សន្យាជំរុញការបើកប្រាក់ខែពីរសប្តាហ៍ម្តង
× ឈរពីលើវេទិកាដ៏ល្វឹងល្វើយ នៅចំពោះមុខសមាជិកជាង៥ម៉ឺននាក់ សម្តេច ហ៊ុន សែន បានថ្លែងសន្យាប្តូរផ្តាច់អនុវត្តកម្មវិធីនយោបាយឲ្យបានជោគជ័យ បើសិនគណបក្សប្រជាជនកម្ពុជាឈ្នះដឹកនាំរដ្ឋាភិបាលអាណត្តិទី៦ខាងមុខនេះ។ ក្នុងចំណោមកម្មវិធីនយោបាយជាច្រើន គឺមានការជំរុញការបើកប្រាក់បៀវត្សរ៍ជូនកម្មករ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ រយៈពេលពីរសប្តាហ៍ម្តង។
មិនត្រឹមតែសន្យាដំឡើងប្រាក់ឈ្នួល ឬប្រាក់បៀវត្សរ៍ទេ ប៉ុន្តែសម្តេច ហ៊ុន សែន ប្រកាសថា បើសិនជាសម្តេចបានដឹកនាំរដ្ឋាភិបាលភិបាលអាណត្តិទី៦នេះទៀត សម្តេចនឹងជំរុញកែប្រែទម្លាប់បើកប្រាក់បៀវត្សរ៍ ឲ្យកាន់តែប្រសើរ។ គឺចាប់ពីឆ្នាំ២០១៩ តែម្តង។
«រដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងដោយមានខ្ញុំជានាយករដ្ឋមន្ត្រី នឹងជំរុញកែលម្អថែមទៀតនូវការបើកប្រាក់ឈ្នួលការងារប្រចាំខែជូនកម្មករ និយោជិត រយៈពេល២សប្តាហ៍ម្តង ដូចនៅបណ្តាប្រទេសជឿនលឿនមួយចំនួនក្នុងតំបន់»។ នេះជាការប្រកាសដោយសម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី៧ខែកក្កដាដែលជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
ការកែលម្អការបើកប្រាក់បៀវត្សរ៍នេះ នឹងមិនត្រូវអនុវត្តតែសម្រាប់កម្មករ និយោជិតនោះឡើយ។ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ក៏នឹងទទួលបានការដំឡើងប្រាក់បៀវត្សរ៍ នឹងត្រូវទទួលបានប្រាក់នេះ ពីរសប្តាហ៍ម្តងដូចគ្នា ជាបន្តបន្ទាប់។ សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ៖«យើងនឹងចាប់ផ្តើមអនុវត្តបើកប្រាក់បៀវត្សរ៍ និងប្រាក់សោធនក្នុងរយៈពេល២សប្តាហ៍ម្តងនេះ ជូនមន្ត្រីរាជការស៊ីវិល និងជូននិវត្តជន និងអតីតយុទ្ធជនជាមុនដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០១៩ខាងមុខ។ ដោយឡែក ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យើងនឹងរៀបចំធ្វើការសិក្សាដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ទៀត ដោយសារលក្ខណៈពិសេសនៃទីកន្លែងការងារដាច់ស្រយាលរបស់កងកម្លាំងប្រដាប់អាវុធ ដែលមិនទាន់មានសេវាធនាគារទៅដល់គ្រប់គ្រាន់»៕
Tag:
បោះឆ្នោត
ហ៊ុន សែន
ប្រាក់បៀវត្សរ៍
© រក្សាសិទ្ធិដោយ thmeythmey.com