អន្តរជាតិ
នយោបាយអន្តរជាតិ
បងធំអាស៊ានឥណ្ឌូណេស៊ី ត្រៀមវិធានការតបត ប្រសិនបើអាមេរិក ដាក់ពន្ធលើទំនិញរបស់ខ្លួន
× រដ្ឋាភិបាលក្រុងហ្សាការតា នឹងមានរៀបចំផែនការមួយដើម្បីតបតនឹងគោលនយោបាយដំឡើងពន្ធលើទំនិញជាច្រើនមុខរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ ក្រុងហ្សាការតា មិនបណ្តោយឲ្យក្រុងវ៉ាស៊ីនតោន អនុវត្តគោលនយោបាយរបស់ខ្លួនដោយតាមតែទំនើងចិត្តឡើយ។
លោក Enggartiasto Lukita រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី នៅថ្ងៃ៦ កក្កដា បានអះអាងថា រដ្ឋាភិបាលរបស់លោកមានគោលនយោបាយសម្រាប់តបតវិញ ប្រសិនបើរដ្ឋាភិបាលអាមេរិក ជ្រើសយកផែនការនៃការយកពន្ធលើផលិត១២៤ មុខដែលនាំចូលពីឥណ្ឌូណេស៊ី ក្នុងផ្នែកមួយនៃការកាត់បន្ថយឱនភាពនៃពាណិជ្ជកម្ម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី Jakarta Post។
តាមប្រភពព័ត៌មានដដែលនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា ខណៈស្ថិតក្នុងដំណាក់នៃការរៀបចំផែនការតបតនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី ជាពិសេសអគ្គរដ្ឋឥណ្ឌូណេស៊ីប្រចាំក្រុងវ៉ាស៊ីនតោន នឹងសាកល្បងប្រើប្រាស់វិធានការទន់ភ្លន់ តាមរយៈការពន្យល់ក្រុងវ៉ាស៊ីនតោន ថា ឱនភាពពាណិជ្ជកម្ម មិនមែនដោយសារតែការនាំចេញនៃផលិតផលស្ថិតក្រោមការអនុគ្រោះនោះទេ។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ឥណ្ឌូណេស៊ីមិនចង់មានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកដូចនឹងចិនដែរ ដ្បិតលោក ជឿជាក់ថា នៅពេលសង្គ្រាមពាណិជ្ជកម្មផ្ទុះឡើង គ្មានភាគីណាមួយចំណេញឡើយ។ តែយ៉ាងណាលោក ក៏បានផ្ញើសារត្រង់ៗផងដែរថា ឥណ្ឌូណេស៊ី ក៏មិនបណ្តែតបណ្តោយឲ្យអាមេរិកធ្វើតាមទំនើងចិត្តខ្លួនឡើយ ពោលគឺបើឥណ្ឌូណេស៊ីរងសម្ពាធច្រើន ឥណ្ឌូណេស៊ីនឹងតបតវិញ។
តាម Jakarta Post ការណ៍ ដែលរដ្ឋមន្ត្រីពាណិជ្ជកម្ម ថ្លែងសារបែបនេះ បន្ទាប់ពី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានរដ្ឋាភិបាលឥណ្ឌូណេស៊ី ពាក់ព័ន្ធនឹងឱនភាពពាណិជ្ជកម្ម។ កន្លងមក ឥណ្ឌូណេស៊ី ក៏ស្ថិតនៅក្នុងចំណោមបណ្តាប្រទេសកំពុងអភិវឌ្ឍ ដែលទទួលបានការលើកលែងពន្ធពីអាមេរិក ដែលជាចំណែកមួយដើម្បីជួយប្រទេសទាំងនេះឲ្យមានកំណើនសេដ្ឋកិច្ចផងដែរ។
សូមជម្រាបថា ចាប់ពីរដ្ឋបាលថ្មីរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាន់អំណាចមក អាមេរិក ចាប់អនុវត្តគោលនយោបាយរឹតត្បិតទៅលើផលិតផលនាំចូល ដែលក្រុងវ៉ាស៊ីនតោន យល់ឃើញថា ជាកត្តាមួយធ្វើឲ្យមានឱនភាពពាណិជ្ជកម្ម និងធ្វើឲ្យផលិតផលក្នុងស្រុកធ្លាក់ចុះ។ នៅថ្ងៃ៦ កក្កដា ការដំឡើងពន្ធរបស់អាមេរិក ២៥ភាគរយ លើផលិតផលចិននោះចាប់ផ្តើមជាផ្លូវការ ដែលវាធ្វើឲ្យឥណ្ឌូណេស៊ី អាមេរិកនឹងបន្តប្រើវិធានការនេះប្រឆាំងបណ្តាប្រទេសផ្សេងទៀតដែលនាំចូលទៅអាមេរិកផង៕
Tag:
ឥណ្ឌូណេស៊ី
អាមេរិក
ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com