ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពី​អ្នក​បោះបង់​ការសិក្សា តែមាន​សមត្ថភាព​បង្កើត​កុំព្យូទ័រ​
07, Jul 2018 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ធុល រិទ្ធី ដែលជា​អ្នកបង្កើត​កុំព្យូទ័រ​ខ្មែរ​ម៉ាក Koompi (​គម្ពី​)  គឺជា​អតីត​និស្សិត​ដែល​បាន​បោះបង់​ការសិក្សា​នៅ​ឆ្នាំ​ទី​២ ថ្នាក់​ឧ​ត្ត​មសិ​ក្សា កាលពី​ឆ្នាំ​២០០៦ ។ ឈប់រៀន គឺ​ដោយសារ​លោក​គិតថា ជំនាញ​អក្ស​សាស្ត្រ​អង់គ្លេស ដែល​កំពុង​រៀន​នោះ មិនមែនជា​ចំណង់​ចំណូលចិត្ត​របស់ខ្លួន​ឡើយ​។ មុខវិជ្ជា​ដែល ធុល រិទ្ធី ចូលចិត្ត​គឺ​ជំនាញ​កុំព្យូទ័រ​។ បច្ចុប្បន្ន​លោក​គឺជា សហ​ស្ថាបនិក​ស្ថាប័ន SmallWorld និង​ជា​អ្នកផ្ដើមគំនិត​ស្រាវជ្រាវ បង្កើត​កុំព្យូទ័រ​ម៉ាក Koompi ដែល​កំពុង​ទទួល​ក​ម្ម៉​ង​ទិញ​ជាច្រើន នៅ​ខែកក្កដា​នេះ​។​

 
​ក្រោយ​បញ្ចប់​ការសិក្សា​ថ្នាក់​ទី​១២ នៅ​ឆ្នាំ​២០០៤ យុវជន ធុល រិទ្ធី បាន​ឡើងមក​ទីក្រុង​ភ្នំពេញ ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ អក្សរសាស្ត្រ​អង់គ្លេស​។ ការសិក្សា​ជំនាញ​អង់គ្លេស​នេះ មិនសូវ​អំណោយផល​ដល់​យុវជន រិទ្ធី ឡើយ ដោយសារ​រូបគេ​ធុញទ្រាន់​នឹង​មុខវិជ្ជា​នេះ ទើប​សម្រេច​ឈប់រៀន​ត្រឹម​ឆ្នាំ​ទី​២​។ ចំណង​ចំណូលចិត្ត​របស់ រិទ្ធី គឺ​ផ្ដោតលើ​មុខវិជ្ជា​កុំព្យូទ័រ​ទៅវិញ​។ ដោយ​ដឹង​ពី​អារម្មណ៍​ពិត​ខ្លួន រិទ្ធី ក៏បាន​សម្រេចចិត្ត​សិក្សា​លើ​ផ្នែក​កុំព្យូទ័រ និង​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​រយៈពេល​ខ្លី ហើយ​រូបគេ​ក៏បាន​ប្ដូរ​ពី​ការអាន​សៀវភៅ​នៅក្នុង​បណ្ណាល័យ ទៅជា​ការ​ចំណាយលុយ​ចូលទៅ​កន្លែង​អ៊ី​ន​ធឺ​ណេ​ត ដើម្បី​ស្វែងយល់​ពី​បច្ចេកវិទ្យា​នេះ ។​
 
​បុរស​រៀង​ខ្ពស់ស្រឡះ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​គ្រូ​របស់ខ្ញុំ​ម្នាក់​បាន​និយាយថា អ៊ី​ន​ធឺ​ណេ​ត​អាចធ្វើ​ឲ្យ​យើង Communicate long system ហើយ​អាច​មើលឃើញ​មុខ​គ្នា​។ ពេលដែល​ខ្ញុំ​ឮ​អីចឹង ខ្ញុំ​ក៏​ចាប់អារម្មណ៍ ហើយ​ឈប់រៀន Word និង Excel ហើយ​លុយ​ដែល​ម៉ែ​របស់ខ្ញុំ​ឲ្យ​មក ខ្ញុំ​តែងតែ​យកទៅ​ចូល​ណេ​ត​កាហ្វេ ទៅ​រៀន​ពី Communicate long system នេះ​ដោយ​ខ្លួនឯង​»​។​


 
​ការសិក្សា​ស្រាវជ្រាវ​ជំនាញ​បច្ចេកវិទ្យា​នេះ មិនបាន​ធ្វើ​ឲ្យ រិទ្ធី ខុស​បំណង​ឡើយ ព្រោះ​រូបគេ​អាច​រកប្រាក់​ចំណូល​បាន​ច្រើន ពី​ជំនាញ​មួយ​នេះ​។ ឱកាស​ដែល​ធ្វើ​ឲ្យ រី​ទ្ធី អាច​រកប្រាក់​ចំណូល​បាន​ដំបូង​នោះ គឺ​តាមរយៈ​ការប្រើប្រាស់​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក នៅ​ឆ្នាំ​២០០៨ ខណៈដែល​បណ្ដាញ​សង្គម​មួយ​នេះ ទើប​មាន​វត្ត​មាននៅ​កម្ពុជា កាលពី​ឆ្នាំ​២០០៦​។ ដ្បិត​មនុស្ស​ភាគតិច ចាប់ផ្ដើម​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ពិតមែន ប៉ុន្តែ រិទ្ធី ដែល​យល់ច្បាស់​ពី​បច្ចេកវិទ្យា​នេះ បានសម្រេច​បង្កើត​ផេ​ក​ហ្វេ​ស​ប៊ុ​ក ចំនួន​៣ ដោយ​គណនី​មួយ​ប្រើ​ផ្សព្វផ្សាយ​ព័ត៌មាន​ទូទៅ​ផង ប្រើ​សម្រាប់​បង្ហោះ​ការដើរ​កំសាន្ត​របស់លោក​ផង និង​មួយទៀត​លោក​ប្រើ​បង្ហោះ​ទីតាំង​ដី ដែល​ពលរដ្ឋ​នៅតាម​ខេត្ត ពឹង​ឲ្យ​លោក​ជួយ​ផ្សព្វផ្សាយ​លក់​។ ផេ​ក​ទាំងនោះ​ហើយ បាន​ក្លាយជា​ប្រភព​ចំណូល​របស់​យុវជន រិទ្ធី ក្នុង​ការជូន​ភ្ញៀវ​ទិញ​ដី និង​ដើរ​កំសាន្ត ទាំង​លោក​មិនបាន​រំពឹងទុក​។​
 
​ប៉ុន្តែ​ការរកចំណូល​តាម​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​យុវជន រិទ្ធី សម្រេច​បញ្ឈប់​សកម្មភាព​ខ្លួន​វិញ នៅ​ឆ្នាំ​២០០៩​។ ដោយសារ​ជាម​នុស្ស​ចូលចិត្ត​ភាព​ឯករាជ្យ​ច្រើន និង​ចូលចិត្ត​ស្វែងរក​អ្វីដែល​ថ្មីៗ​នោះ យុវជន រិទ្ធី បាន​ចំណាយពេល​ជាង​មួយឆ្នាំ ស្វែងយល់​ពី​កត្តា​សង្គម ពោលគឺ​ចង់ដឹង​ពី​ការរស់នៅ និង​ការចាយវាយ​របស់​កូនអ្នកមាន មុននឹង​លោក​ចាប់ផ្ដើម​ធ្វើការ​ងារ​ស្ម័គ្រចិត្ត​នៅក្នុង​អង្គការ​មួយ ក្នុង​ខេត្តសៀមរាប ដែល​អនុវត្ត​គម្រោង​ពាក់ព័ន្ធ​លើ​ការអប់រំ និង​ការបង្កើត​កុំព្យូទ័រ​សម្រាប់​កុមារ ដែល​ស្របតាម​ជំនាញ​ខ្លួន​ស្រាប់​។ ធ្វើ​ការងារ​ស្ម័គ្រ​ចិត្តបាន​២​ឆ្នាំ យុវជន​ដែល​មិនសូវ​ចេះ​ធ្វើការ​ងារ​ជា​ក្រុម​រូបនេះ បាន​ផ្លាស់ប្ដូរ​អត្តចរិត​ខ្លួន មក​ក្លាយជា​មនុស្ស​ពូកែ​ទំនាក់ទំនង​ការងារ និង​សហការ​ការងារ​ជា​ក្រុម​ទៅវិញ​។ 


 
​ដោយ​ខ្លួន​កាន់​តែមាន​ភាពចាស់ទុំ​ក្នុង​ការងារ​នោះ កូន​អ្នកចំការ ស្រុក​ស្អាង ខេត្តកណ្ដាល​រូបនេះ បានចាប់ផ្ដើម​បើក​ស្ថាប័ន​មួយ​ដែលមាន​ឈ្មោះថា SmallWold ជាមួយ​មិត្តភក្តិ​៣​នាក់​ផ្សេងទៀត ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ​២០១២ ដោយ​លោក គឺជា​អ្នក​ប្រឹក្សា​ផ្នែក​បច្ចេកវិទ្យា​។ «SmallWold គឺជា​ស្ថាប័ន​មួយ​ដែល​ជួយ​ប្រឹក្សា​យោបល់​ដល់​អ្នក​ដែល​ចង់​បង្កើត​អាជីវកម្ម​ថ្មី ទាំង​គំនិត​យោបល់ ផ្ដល់​ទីតាំង និង​ការស្វែងរក​ទីផ្សារ​»​។ នេះ​បើតាម​នាយក​ប្រតិបត្តិ​រូបនេះ ដែល​បាន​បន្ថែមថា SmallWold បាន​ជួយ​ក្រុមហ៊ុន​ចំនួន​៤ ឲ្យ​បាន​ជោគជ័យ​រួចមកហើយ​។​
 
​ភាពជោគជ័យ​សម្រាប់​ក្រុមហ៊ុន គឺជា​រឿង​មួយ ប៉ុន្តែ​ភាពជោគជ័យ​សម្រាប់​ខ្លួន​វិញ​នោះ គឺ​យុវជន​សម្បុរ​ស្រអែម សក់រួញ​រូបនេះ បាន​បង្កើត​កុំព្យូទ័រ​យួរដៃ ដែលមាន​ឈ្មោះថា Koompi​។ កុំព្យូទ័រ​យួរដៃ​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​យុវជន រិទ្ធី ដែល​បានចាប់ផ្ដើម​ប្រមូល​កុំព្យូទ័រ​ចាស់ តែ​កែច្នៃ​ដាក់​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី តាំងពី​ឆ្នាំ​២០១៤ ដោយ​មានការ​ជ្រោមជ្រែង​ពី​ក្រុម​របស់លោក​។ កុំព្យូទ័រ​យួរដៃ Koompi​នេះ នឹងដាក់​លក់​ជា​ផ្លូវការ​នៅក្នុង​ខែកក្កដា ឆ្នាំ​២០១៨​នេះ ក្នុងតម្លៃ ៣៦៩​ដុល្លារ ដោយ​គ្រោង​ផលិត​ចំនួន​៥០០​គ្រឿង​សាកល្បង​។​
 
«​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នកទិញ​កុំព្យូទ័រ​នេះ ដោយសារតែ​វា​ជា​ផលិតផល​ខ្មែរ​នោះទេ តែ​គួរ​ទិញ​ដោយសារ​ជាការ​សាកល្បង​ប្រើប្រាស់​នូវ​ផលិតផល​ខ្មែរ លើ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ធុល រិទ្ធី ដែល​រំពឹងថា កុំព្យូទ័រ​នេះ នឹង​លក់បាន​៥​សែន​គ្រឿង លើ​ទីផ្សារ​ប្រទេស​កម្ពុជា​។ 
 
​ម​ហិ​ច្ច​តា​ធំ​របស់​សហ​ស្ថាបនិក SmallWorld រូបនេះ គឺ​ចង់​ឲ្យ​កុំព្យូទ័រ​យួរដៃ​របស់ខ្លួន មាន​រោងចក្រ​ផលិត​នៅក្នុង​ស្រុក​សិន មុននឹង​ពង្រីក​ទីផ្សារ​របស់ខ្លួន ទៅកាន់​ប្រទេសជិតខាង នាពេល​អនាគត​៕








 

Tag:
 ស្ថាបនិក​
  SmallWorld
  Koompi
 ​ កុំព្យូទ័រ​
 ​ បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com