កីឡាជាតិ
ជាតិ
អ្នកស្រី ពុធ ធីតា ប្តេជ្ញា​មិន​បោះបង់ ទោះបី​ការវិនិយោគ​លើ​វិស័យ​កីឡាបាល់ទាត់​មិន​ផ្តល់ប្រាក់​ចំណេញ​
07, Jul 2018 , 10:59 pm        
រូបភាព
អ្នកស្រី ពុធ ធីតា (កណ្តាល)ពេល​គាំទ្រ​ក្រុមបឹង​​កេត​​ប្រកួតជា​​មួយ​​ណា​​ហ្គាវើល​​នៅ​​ពហុកី​​ឡដ្ឋាន​​​ជាតិ​​កាលពី​​ពេល​​កន្លង​​ទៅ
អ្នកស្រី ពុធ ធីតា (កណ្តាល)ពេល​គាំទ្រ​ក្រុមបឹង​​កេត​​ប្រកួតជា​​មួយ​​ណា​​ហ្គាវើល​​នៅ​​ពហុកី​​ឡដ្ឋាន​​​ជាតិ​​កាលពី​​ពេល​​កន្លង​​ទៅ
ដោយ:
​អ្នកស្រី ពុធ ធីតា ប្រធាន​ក្លិប​បឹងកេត អាច​ចាត់ទុកជា​ស្ត្រី​ខ្មែរ​ដំបូង​គេ ដែល​បាន​លះបង់​ធនធាន​ថវិកា និង​ពេលវេលា វិនិយោគ​លើ​វិស័យ​កីឡាបាល់ទាត់ ទាំង​ដឹងថា វិស័យនេះ មិនអាច​ផ្តល់​ប្រាក់ចំណេញ​។ ការស្រលាញ់ និង​ចង់​ជួយ​ឲ្យ​វិស័យ​កីឡាបាល់ទាត់​កម្ពុ​ជាមាន​ការរីកចម្រើន ត្រូវបាន​ប្រធាន​ក្លិប​បឹងកេត​រូបនេះ ចាត់ទុកជា​ហេតុផល ដែល​ជំរុញ​ឲ្យ​អ្នកស្រី វិនិយោគ​លើ​វិស័យនេះ​។ ទន្ទឹមនឹង​ប្រកាន់​ជំហរ​មិន​បោះបង់​ក្នុងការ​វិនិយោគ អ្នកជំនួញ​មកពី​ខេត្តកោះកុង​រូបនេះ ហាក់​មាន​ជំនឿ​ចិត្ត​ថា វិស័យនេះ​នឹង​អាច​ផ្តល់​ប្រាក់ចំណូល​នា​អនាគត​ដ៏​ខ្លី​ខាងមុខ​។ តែ​អ្វីដែល​ម្ចាស់​ក្លិប​វ័យ​៣៧​ឆ្នាំ​រូបនេះ​ត្រូវ​គិតគូ​មុនគេ គឺ​ការសាងសង់​ទីលាន ព្រោះ​បច្ចុប្បន្ន​ក្លិប​មិនទាន់មាន​កីឡដ្ឋាន​ផ្ទាល់ខ្លួន​នៅឡើយ​។​

 
​ទោះបី​ដឹងថា ការវិនិយោគ​លើ​វិស័យ​កីឡាបាល់ទាត់​ត្រូវ​ចំណាយ​ថវិកា​ច្រើន និង​មិន​បានផ្តល់​ប្រាក់ចំណេញ​ក៏ដោយ តែ​អ្នកស្រី ពុធ ធីតា ប្រធាន​ក្លិប​ថ្មី​របស់​បឹងកេត ហាក់​បង្ហាញ​ជំហ​រឹងមាំ​ចំពោះ​ការវិនិយោគ​លើ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។ ម្ចាស់​ក្លិប​បឹងកេត​រូបនេះ​ប្តេជ្ញា​ថា នឹងមិន​បោះបង់ចោល​វិស័យ​មួយ​នេះឡើយ ទោះបី​អាច​ប្រឈម​នឹង​ការខាតបង់​រយៈពេល​វែង​ក៏ដោយ​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មី អ្នកស្រី ពុធ ធីតា បាន​បញ្ជាក់ថា​៖«​ទោះបី​ត្រូវ​ខាតបង់​ធនធាន​ក្នុង​រយៈពេល​វែង​ក៏ដោយ ខ្ញុំ​នៅតែ​ប្រកាន់​ជំហរ​ក្នុងការ​វិនិយោគ​លើ​វិស័យ​កីឡាបាល់ទាត់​។ ពេល​យើង​ធ្វើ​ស្តា​ត​រួចរាល់ ហើយ​ខ្ញុំ​ជា​អ្នករកស៊ី​ស្រាប់ សម្រាប់​ការបើក​អាជីវកម្ម​ដើម្បី​រកប្រាក់​ចំណូល​មក​ទ្រ​ទ្រ​ង​ក្លិប ខ្ញុំ​នឹង​ពុះពារ​ធ្វើ​»​។ 
 
​បច្ចុប្បន្ន​ការវិនិយោគ​លើ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​មិនទាន់​អាច​ផ្តល់​ប្រាក់ចំណេញ​នៅឡើយ​ទេ​។ ប៉ុន្តែ​អ្នកជំនួញ​វ័យ​៣៧​ឆ្នាំ​រូបនេះ​ជឿជាក់ថា វិស័យនេះ​នឹង​ផ្តល់ប្រាក់​ចំណេញ​ត្រឡប់មកវិញ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ បើសិន​ក្លិប​មានការ​រៀបចំ​ត្រឹមត្រូវ​។ ក្នុងន័យនេះ អ្នកស្រី ពុធ ធីតា ចង់​សំដៅលើ​ការសាងសង់​ទីលាន ព្រោះ​បច្ចុប្បន្ន​ក្លិប​មិនទាន់មាន​ទីលាន​ផ្ទាល់ខ្លួន​នៅឡើយ​ទេ​។ 
 
​ការស្រលាញ់ និង​ចង់​ជួយ​ឲ្យ​វិស័យ​កីឡាបាល់ទាត់​កម្ពុ​ជាមាន​ការរីកចម្រើន ត្រូវបាន​ប្រធាន​ក្លិប​បឹងកេត​រូបនេះ ចាត់ទុកជា​ហេតុផល ដែល​ជំរុញ​ឲ្យ​ខ្លួន មក​វិនិយោគ​លើ​វិស័យនេះ​។ ប្រធាន​ក្លិប​មាន​ដើមកំណើត​មកពី​ខេត្តកោះកុង​រូបនេះ​បន្ថែមថា​៖«​យើង​ដឹង​ហើយ ការវិនិយោគ​លើ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា គឺ​មិនមាន​ផលចំណេញ​នោះទេ តែដោយសារ​ការស្រលាញ់​។ ប៉ុន្តែ​ខ្ញុំ​ប្តេជ្ញាចិត្ត​ថា នឹងធ្វើ​ឲ្យ​ក្លិប​មាន​ចំណូល​។ ដូច​ខ្ញុំ​បាន​និយាយ ដើម្បី​ឲ្យ​ក្លិប​អាច​រកចំណូលបាន លុះត្រា​ក្លិប​មាន​ទីលាន ដែលមាន​ទីតាំង​អាច​ប្រកប​អាជីវ​កម្មបាន​»​។​
 
​អ្នកស្រី ពុធ ធីតា មាន​ទស្សនវិស័យ​ថា ក្រោយ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រួច វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​នឹងមាន​ភាពល្អប្រសើរ​ជាង​មុខ​។ ហើយ​អ្នកស្រី​រំពឹងថា ពីរ​ឆ្នាំក្រោយ​នៃ​ការសាងសង់​ទីលាន ក្លិប​បឹងកេត​នឹងមាន​ចំណូល​គ្រប់គ្រាន់​ក្នុងការ​ផ្គត់ផ្គង់​ក្លិប​។ ប៉ុន្តែ​បច្ចុប្បន្ន ក្លិប​នេះ​មិនទាន់​រកឃើញ​ទីតាំង​ក្នុងការ​សាងសង់​ទីលាន​នៅឡើយ​ទេ​។  
 
​បើ​យោងតាម​អ្នកស្រី ពុធ ធីតា ក្លិប​ត្រូវ​ចំណាយ​ថវិកា​ពី​៥០​ទៅ​៦០​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ​ក្នុងការ​ទ្រទ្រង់​ការចំណាយ​លើក​ការហូបចុក​ស្នាក់នៅ​និង​ប្រាក់​បៀរ​វត្សរ៍​របស់​កីឡាករ​និង​មន្ត្រី​។ ហើយ​សម្រាប់​ការវិនិយោគ​ក្នុងការ​សាងសង់​ទីលាន​អាច​ចំណាយ​ជាង​១​លាន​ដុល្លារ​សម្រាប់​ទីលាន​នៅតាម​ខេត្ត និង​ពី​៦​ទៅ​៧​លាន​ដុល្លារ​សម្រាប់​ទីលាន​នៅ​ភ្នំពេញ​៕    

Tag:
 ពុធ ធីតា​
  បឹងកេត​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com