កីឡាជាតិ
ជាតិ
អ្នកស្រី ពុធ ធីតា ប្តេជ្ញាមិនបោះបង់ ទោះបីការវិនិយោគលើវិស័យកីឡាបាល់ទាត់មិនផ្តល់ប្រាក់ចំណេញ អ្នកស្រី ពុធ ធីតា (កណ្តាល)ពេលគាំទ្រក្រុមបឹងកេតប្រកួតជាមួយណាហ្គាវើលនៅពហុកីឡដ្ឋានជាតិកាលពីពេលកន្លងទៅ
× អ្នកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត អាចចាត់ទុកជាស្ត្រីខ្មែរដំបូងគេ ដែលបានលះបង់ធនធានថវិកា និងពេលវេលា វិនិយោគលើវិស័យកីឡាបាល់ទាត់ ទាំងដឹងថា វិស័យនេះ មិនអាចផ្តល់ប្រាក់ចំណេញ។ ការស្រលាញ់ និងចង់ជួយឲ្យវិស័យកីឡាបាល់ទាត់កម្ពុជាមានការរីកចម្រើន ត្រូវបានប្រធានក្លិបបឹងកេតរូបនេះ ចាត់ទុកជាហេតុផល ដែលជំរុញឲ្យអ្នកស្រី វិនិយោគលើវិស័យនេះ។ ទន្ទឹមនឹងប្រកាន់ជំហរមិនបោះបង់ក្នុងការវិនិយោគ អ្នកជំនួញមកពីខេត្តកោះកុងរូបនេះ ហាក់មានជំនឿចិត្តថា វិស័យនេះនឹងអាចផ្តល់ប្រាក់ចំណូលនាអនាគតដ៏ខ្លីខាងមុខ។ តែអ្វីដែលម្ចាស់ក្លិបវ័យ៣៧ឆ្នាំរូបនេះត្រូវគិតគូមុនគេ គឺការសាងសង់ទីលាន ព្រោះបច្ចុប្បន្នក្លិបមិនទាន់មានកីឡដ្ឋានផ្ទាល់ខ្លួននៅឡើយ។
ទោះបីដឹងថា ការវិនិយោគលើវិស័យកីឡាបាល់ទាត់ត្រូវចំណាយថវិកាច្រើន និងមិនបានផ្តល់ប្រាក់ចំណេញក៏ដោយ តែអ្នកស្រី ពុធ ធីតា ប្រធានក្លិបថ្មីរបស់បឹងកេត ហាក់បង្ហាញជំហរឹងមាំចំពោះការវិនិយោគលើវិស័យកីឡាបាល់ទាត់នៅកម្ពុជា។ ម្ចាស់ក្លិបបឹងកេតរូបនេះប្តេជ្ញាថា នឹងមិនបោះបង់ចោលវិស័យមួយនេះឡើយ ទោះបីអាចប្រឈមនឹងការខាតបង់រយៈពេលវែងក៏ដោយ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មី អ្នកស្រី ពុធ ធីតា បានបញ្ជាក់ថា៖«ទោះបីត្រូវខាតបង់ធនធានក្នុងរយៈពេលវែងក៏ដោយ ខ្ញុំនៅតែប្រកាន់ជំហរក្នុងការវិនិយោគលើវិស័យកីឡាបាល់ទាត់។ ពេលយើងធ្វើស្តាតរួចរាល់ ហើយខ្ញុំជាអ្នករកស៊ីស្រាប់ សម្រាប់ការបើកអាជីវកម្មដើម្បីរកប្រាក់ចំណូលមកទ្រទ្រងក្លិប ខ្ញុំនឹងពុះពារធ្វើ»។
បច្ចុប្បន្នការវិនិយោគលើវិស័យកីឡាបាល់ទាត់នៅកម្ពុជាមិនទាន់អាចផ្តល់ប្រាក់ចំណេញនៅឡើយទេ។ ប៉ុន្តែអ្នកជំនួញវ័យ៣៧ឆ្នាំរូបនេះជឿជាក់ថា វិស័យនេះនឹងផ្តល់ប្រាក់ចំណេញត្រឡប់មកវិញក្នុងពេលដ៏ខ្លីខាងមុខ បើសិនក្លិបមានការរៀបចំត្រឹមត្រូវ។ ក្នុងន័យនេះ អ្នកស្រី ពុធ ធីតា ចង់សំដៅលើការសាងសង់ទីលាន ព្រោះបច្ចុប្បន្នក្លិបមិនទាន់មានទីលានផ្ទាល់ខ្លួននៅឡើយទេ។
ការស្រលាញ់ និងចង់ជួយឲ្យវិស័យកីឡាបាល់ទាត់កម្ពុជាមានការរីកចម្រើន ត្រូវបានប្រធានក្លិបបឹងកេតរូបនេះ ចាត់ទុកជាហេតុផល ដែលជំរុញឲ្យខ្លួន មកវិនិយោគលើវិស័យនេះ។ ប្រធានក្លិបមានដើមកំណើតមកពីខេត្តកោះកុងរូបនេះបន្ថែមថា៖«យើងដឹងហើយ ការវិនិយោគលើវិស័យកីឡាបាល់ទាត់នៅកម្ពុជា គឺមិនមានផលចំណេញនោះទេ តែដោយសារការស្រលាញ់។ ប៉ុន្តែខ្ញុំប្តេជ្ញាចិត្តថា នឹងធ្វើឲ្យក្លិបមានចំណូល។ ដូចខ្ញុំបាននិយាយ ដើម្បីឲ្យក្លិបអាចរកចំណូលបាន លុះត្រាក្លិបមានទីលាន ដែលមានទីតាំងអាចប្រកបអាជីវកម្មបាន»។
អ្នកស្រី ពុធ ធីតា មានទស្សនវិស័យថា ក្រោយព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរួច វិស័យកីឡាបាល់ទាត់នៅកម្ពុជានឹងមានភាពល្អប្រសើរជាងមុខ។ ហើយអ្នកស្រីរំពឹងថា ពីរឆ្នាំក្រោយនៃការសាងសង់ទីលាន ក្លិបបឹងកេតនឹងមានចំណូលគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ក្លិប។ ប៉ុន្តែបច្ចុប្បន្ន ក្លិបនេះមិនទាន់រកឃើញទីតាំងក្នុងការសាងសង់ទីលាននៅឡើយទេ។
បើយោងតាមអ្នកស្រី ពុធ ធីតា ក្លិបត្រូវចំណាយថវិកាពី៥០ទៅ៦០ម៉ឺនដុល្លារក្នុងមួយឆ្នាំក្នុងការទ្រទ្រង់ការចំណាយលើកការហូបចុកស្នាក់នៅនិងប្រាក់បៀរវត្សរ៍របស់កីឡាករនិងមន្ត្រី។ ហើយសម្រាប់ការវិនិយោគក្នុងការសាងសង់ទីលានអាចចំណាយជាង១លានដុល្លារសម្រាប់ទីលាននៅតាមខេត្ត និងពី៦ទៅ៧លានដុល្លារសម្រាប់ទីលាននៅភ្នំពេញ៕
Tag:
ពុធ ធីតា
បឹងកេត
Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com