ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ត្រឹម៣ឆ្នាំ ស៊ុបចង្កាក់ Volcano ពង្រីកខ្លួនពីហាងតូចមួយ ដល់២៣សាខា ឯភ្ញៀវចូលពេញៗ
× ភ្នំពេញ៖ អ្នកស្រី វ៉ាន់ សុគន្ធា បានចាប់ផ្ដើមអាជីវកម្មស៊ុបដំបូងពីហាងតូចមួយ តែរយៈពេលតែ៣ឆ្នាំប៉ុណ្ណោះ ស៊ុបចង្កាក់ Volcano បានក្លាយជាយីហោល្បីមួយ និងបានពង្រីកខ្លួនដល់ទៅ ២៣សាខា។ ពេលបើកហាងស៊ុបដំបូង អ្នកស្រី សុគន្ធា មិនមានបទពិសោធន៍លើផ្នែកនេះឡើយ តែសហគ្រិនរូបនេះជម្នះនឹងនាំយកអ្វីប្លែកចូលទីផ្សារ។
សូមស្ដាប់បទសម្ភាសរវាង លោក ញ៉ុង ហេង នៃសារព័ត៌មាថ្មីៗ និងអ្នកស្រី វ៉ាន់ សុគន្ធា ដូចតទៅនេះ៖
អាជីវកម្មយីហោស៊ុបចង្កាក់ Volcano បានចូលទីផ្សារនៅឆ្នាំ២០១៥ ក្នុងរូបភាពជាហាងតូចល្មមមួយ។ លុះដល់ពាក់កណ្ដាលឆ្នាំ២០១៦ ហាងស៊ុបនេះ បានពង្រីកខ្លួនជាហាងស្ដង់ដារមួយ និងបានពង្រីកសាខា និងលក់សិទ្ធិអាជីវកម្ម (ហ្វ្រេនឆាយ) ជាបន្តបន្ទាប់។ មកទល់ពេលនេះ ស៊ុបចង្កាក់ Volcano មាន ២៣សាខា ដោយ ៥សាខាជាកម្មសិទ្ធិរបស់អ្នកស្រី វ៉ាន់ សុគន្ធា ផ្ទាល់ រីឯសាខាផ្សេងទៀត ជារបស់អ្នកទិញហ្វ្រេនឆាយ។ ក្នុងនោះ១៧សាខា ស្ថិតក្នុងរាជធានីភ្នំពេញ និង៦សាខា នៅតាមបណ្ដាខេត្ត។
អ្នកស្រី វ៉ាន់ សុគន្ធា លើកឡើងថាហាងស៊ុបនេះ ទទួលការពេញនិយម ដោយសារសេវាកម្មល្អ តម្លៃមធ្យម និងគុណភាពមួយបែបប្លែក ទៅលើទឹកស៊ុប និងភាពចម្រុះ សាច់ បន្លែ។
មុខរបរលក់ស៊ុប ឬផ្នែកភោជនីយដ្ឋាន មិនមែនជាជំនាញ និងបទពិសោធន៍ពីមុនមករបស់អ្នកស្រី សុគន្ធា នោះឡើយ ប៉ុន្តែអ្នកស្រីនៅតែអាចធ្វើបាន។ អ្នកស្រីរៀនចប់បរិញ្ញាបត្រច្បាប់ និងចាប់ផ្ដើមអាជីវកម្មលក់ផ្លែឈើបោះដុំ ជាមួយស្វាមី ហើយបន្តសំឡឹងអាជីវកម្មថ្មីមួយទៀត គឺផ្នែកស៊ុបនេះឯង។
អ្នកស្រីថា ស៊ុប ស្ថិតក្នុងចំណោមអាជីវកម្មម្ហូបអាហារផ្សេងទៀត ដែលមានសក្ដានុពល។ ហើយស៊ុបបែបថ្មីមួយនេះ អ្នកស្រី សុគន្ធា ឲ្យដឹងថា វាកើតចេញពីចំណង់ចំណូលចិត្តរបស់ខ្លួនដែលចង់ញាំអ្វីដែលថ្មី ឆ្ងាញ់ ហើយអ្នកស្រីបានបង្កើតវាចូលទៅទីផ្សារ។ សហគ្រិនរូបនេះជឿជាក់ថា អាជីវកម្មរបស់ខ្លួននៅធ្វើដំណើរទៅមុខយ៉ាងល្អ តាមរយៈការបន្ថែមមុខម្ហូបបែបថ្មីៗ ដើម្បីផ្គាប់ចិត្តអតិថិជន។
អ្នកស្រី វ៉ាន់ សុគន្ធា លើកឡើងថា គេនៅតែអាចបង្កើតអាជីវកម្មមួយឲ្យជោគជ័យ ទោះគ្មានជំនាញលើផ្នែកនោះពីមុនមកក៏ដោយ តែសំខាន់បុគ្គលនោះដាក់ចិត្តធ្វើវា ប្រកបដោយចំណង់ចំណូលចិត្ត។ អ្នកស្រីបន្ថែមថា គេអាចចាប់ផ្ដើមពីអាជីវកម្មតូចមួយ ជាមួយមួយដើមទុនតិចតួច ហើយចាំរកឱកាសពង្រីកខ្លួននៅពេលក្រោយ៕
Tag:
startup
វ៉ាន់ សុគន្ធា
ស៊ុបចង្កាក់ Volcano
© រក្សាសិទ្ធិដោយ thmeythmey.com