ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ត្រឹម​៣​ឆ្នាំ ស៊ុប​ចង្កាក់ Volcano ពង្រីក​ខ្លួន​ពី​ហាង​តូច​មួយ ដល់​២៣​សាខា ឯ​ភ្ញៀវ​ចូល​ពេញៗ​
08, Jul 2018 , 10:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកស្រី វ៉ាន់ សុគន្ធា បានចាប់ផ្ដើម​អាជីវកម្ម​ស៊ុប​ដំបូង​ពី​ហាង​តូច​មួយ តែ​រយៈពេល​តែ​៣​ឆ្នាំ​ប៉ុណ្ណោះ ស៊ុប​ចង្កាក់ Volcano បាន​ក្លាយជា​យីហោ​ល្បី​មួយ និង​បាន​ពង្រីក​ខ្លួន​ដល់​ទៅ ២៣​សាខា​។ ពេល​បើកហាង​ស៊ុប​ដំបូង អ្នកស្រី សុគន្ធា មិនមាន​បទពិសោធន៍​លើ​ផ្នែក​នេះឡើយ តែ​សហគ្រិន​រូបនេះ​ជម្នះ​នឹង​នាំយក​អ្វី​ប្លែក​ចូល​ទីផ្សារ​។



​សូម​ស្ដាប់​បទ​សម្ភាស​រវាង លោក ញ៉ុ​ង ហេង នៃ​សារព័ត៌​មា​ថ្មីៗ និង​អ្នកស្រី វ៉ាន់ សុគន្ធា ដូចតទៅ​នេះ​៖






 
​អាជីវកម្ម​យីហោ​ស៊ុប​ចង្កាក់ Volcano បាន​ចូល​ទីផ្សារ​នៅ​ឆ្នាំ​២០១៥ ក្នុង​រូប​ភាពជា​ហាង​តូច​ល្មម​មួយ​។ លុះដល់​ពាក់កណ្ដាល​ឆ្នាំ​២០១៦ ហាង​ស៊ុប​នេះ បាន​ពង្រីក​ខ្លួន​ជា​ហាង​ស្ដង់ដារ​មួយ និង​បាន​ពង្រីក​សាខា និង​លក់​សិទ្ធិ​អាជីវកម្ម (​ហ្វ្រេ​ន​ឆាយ​) ជា​បន្តបន្ទាប់​។ មកទល់ពេលនេះ ស៊ុប​ចង្កាក់ Volcano មាន ២៣​សាខា ដោយ ៥​សាខា​ជា​កម្មសិទ្ធិ​របស់​អ្នកស្រី វ៉ាន់ សុគន្ធា ផ្ទាល់ រីឯ​សាខា​ផ្សេងទៀត ជា​របស់​អ្នកទិញ​ហ្វ្រេ​ន​ឆាយ​។ ក្នុងនោះ​១៧​សាខា ស្ថិតក្នុង​រាជធានី​ភ្នំពេញ និង​៦​សាខា នៅតាម​បណ្ដា​ខេត្ត​។​
 
​អ្នកស្រី វ៉ាន់ សុគន្ធា លើកឡើងថា​ហាង​ស៊ុប​នេះ ទទួល​ការពេញនិយម ដោយសារ​សេវាកម្ម​ល្អ តម្លៃ​មធ្យម និង​គុណភាព​មួយបែប​ប្លែក ទៅលើ​ទឹក​ស៊ុប និង​ភាព​ចម្រុះ សាច់ បន្លែ​។​
 
​មុខរបរ​លក់​ស៊ុប ឬ​ផ្នែក​ភោជនីយដ្ឋាន មិនមែនជា​ជំនាញ និង​បទពិសោធន៍​ពីមុនមក​របស់​អ្នកស្រី សុគន្ធា នោះឡើយ ប៉ុន្តែ​អ្នកស្រី​នៅតែ​អាច​ធ្វើបាន​។ អ្នកស្រី​រៀន​ចប់​បរិញ្ញាបត្រ​ច្បាប់ និង​ចាប់ផ្ដើម​អាជីវកម្ម​លក់​ផ្លែឈើ​បោះ​ដុំ ជាមួយ​ស្វាមី ហើយ​បន្ត​សំឡឹង​អាជីវកម្ម​ថ្មី​មួយទៀត គឺ​ផ្នែក​ស៊ុប​នេះឯង​។​
 
​អ្នកស្រី​ថា ស៊ុប ស្ថិតក្នុង​ចំណោម​អាជីវកម្ម​ម្ហូបអាហារ​ផ្សេងទៀត ដែលមាន​សក្ដានុពល​។  ហើយ​ស៊ុប​បែប​ថ្មី​មួយ​នេះ អ្នកស្រី សុគន្ធា ឲ្យ​ដឹងថា វា​កើតចេញពី​ចំណង់​ចំណូលចិត្ត​របស់ខ្លួន​ដែល​ចង់​ញាំ​អ្វីដែល​ថ្មី ឆ្ងាញ់ ហើយ​អ្នកស្រី​បាន​បង្កើត​វា​ចូលទៅ​ទីផ្សារ​។ សហគ្រិន​រូបនេះ​ជឿជាក់ថា អាជីវកម្ម​របស់ខ្លួន​នៅ​ធ្វើដំណើរ​ទៅមុខ​យ៉ាង​ល្អ តាមរយៈ​ការបន្ថែម​មុខម្ហូប​បែប​ថ្មីៗ ដើម្បី​ផ្គាប់ចិត្ត​អតិថិជន​។​
 
​អ្នកស្រី វ៉ាន់ សុគន្ធា  លើកឡើងថា គេ​នៅតែ​អាចបង្កើត​អាជីវកម្ម​មួយ​ឲ្យ​ជោគជ័យ ទោះ​គ្មាន​ជំនាញ​លើ​ផ្នែក​នោះ​ពីមុនមក​ក៏ដោយ តែ​សំខាន់​បុគ្គល​នោះ​ដាក់ចិត្ត​ធ្វើ​វា ប្រកបដោយ​ចំណង់​ចំណូលចិត្ត​។ អ្នកស្រី​បន្ថែមថា គេ​អាច​ចាប់ផ្ដើម​ពី​អាជីវកម្ម​តូច​មួយ ជាមួយ​មួយ​ដើមទុន​តិចតួច ហើយ​ចាំ​រក​ឱកាស​ពង្រីក​ខ្លួន​នៅពេល​ក្រោយ​៕

Tag:
 startup
  វ៉ាន់ សុគន្ធា​
  ស៊ុប​ចង្កាក់ Volcano
© រក្សាសិទ្ធិដោយ thmeythmey.com