ជាតិ
ដំណើរកម្សាន្ត ទៅសម្អាត និងថែរក្សាបរិស្ថាននៅទឹកធ្លាក់ជ្រាវ
× ភ្នំពេញ៖ ដើម្បីចូលរួមថែរក្សា និងសម្អាតបរិស្ថាននៅក្នុងតំបន់ទឹកធ្លាក់ជ្រាវ (អមលាំង) ខេត្តកំពង់ស្ពឺ Vana Adventure Travel បានរៀបចំដំណើរកម្សាន្តទៅកាន់តំបន់នោះរយៈពេល១ថ្ងៃ នៅថ្ងៃទី ២២ កក្កដាខាងមុខនេះ។ ដំណើរកម្សាន្ត និងសម្អាតបរិស្ថានក្នុងតំបន់ទឹកធ្លាក់ជ្រាវនេះ ជាការលើកកម្អស់សោភ័ណភាពតំបន់ទេសចរណ៍ធម្មជាតិឲ្យកាន់តែមានភាពទាក់ទាញ។
លោក ជា ថុង ជាអ្នកនាំភ្ញៀវទេសចរណ៍ បានឲ្យដឹងថា ជ្រាវជាតំបន់ទេសចរណ៍ធម្មជាតិមួយដែលសំខាន់ក្នុងខេត្តកំពង់ស្ពឺ ដោយមានជួរភ្នំឱរ៉ាល់ ចម្ការដំណាំហូបផ្លែ និងវាលផ្កាចង្រង់ស្វាលឿងស្រង៉ាត់ផងដែរ។ តំបន់ទេសចរណ៍ទឹកធ្លាក់ជ្រាវនេះ ជាសក្ដានុពលទេសចរណ៍របស់ខេត្តកំពង់ស្ពឺផងដែរ ព្រោះតំបន់មានភ្ញៀវទៅកម្សាន្តយ៉ាងច្រើនកុះករ។
បើតាមលោក ជា ថុង សំរាមត្រូវបានចោទជាបញ្ហា ដោយសារតែមិនមានការទុកដាក់ត្រឹមត្រូវ របស់ភ្ញៀវដែលទៅកម្សាន្តនៅទីនោះ ពិសេសអ្នកលក់ដូរ ដែលពួកគាត់មិនបានយល់ដឹងពីទេសចរណ៍ស្អាត និងបរិសុទ្ធ។ អ្នកនាំភ្ញៀវរូបនេះ ចង់ឲ្យតំបន់ទេសចរណ៍ធម្មជាតិមួយនេះ នៅតែមានសោភ័ណភាពស្អាត និងភាពទាក់ទាញដល់ភ្ញៀវទាំងក្នុង និងក្រៅប្រទេស។ បន្ថែមលើនេះ តំបន់ទេចរណ៍មួយនេះ ជាប្រភពចំណូលរបស់ពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា តម្លៃសំបុត្រសម្រាប់ដំណើរកម្សាន្តនេះ ក្នុងម្នាក់ ៧២០០០រៀល សម្រាប់ពលរដ្ឋខ្មែរ និង ១០ម៉ឺនរៀល សម្រាប់ជនបរទេស។ ចាប់ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង តាមលេខទូរសព្ទ ០១២ ៨៨៣ ៨៩៨/ ០៨៧ ៨៨៣ ៨៩៨ ឬ email:
[email protected] ៕
Tag:
កំពង់ស្ពឺ
អមលាំង
ទឹកធ្លាក់ជ្រាវ
បរិស្ថាន
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com