ជាតិ
សេដ្ឋកិច្ច
ហេតុអ្វី​គេ​ត្រូវ​បើកប្រាក់​បៀវត្ស​២​សប្តាហ៍​ម្តង​?
07, Jul 2018 , 4:00 pm        
រូបភាព
ទិដ្ឋភាព ក្នុងផ្សាទួល​ទំពូង
ទិដ្ឋភាព ក្នុងផ្សាទួល​ទំពូង
​បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​រដ្ឋាភិបាល​នា​អាណត្តិ​ទី​៦ សម្តេច ហ៊ុន សែន នឹង​អនុវត្ត​ការបើកប្រាក់​បៀវត្ស​២​សប្តាហ៍​ម្តង​ជូន​កម្មករ និយោជិត និង​មន្ត្រីរាជការ​គ្រប់​ប្រភេទ​។ អ្នកជំនាញ​សេដ្ឋកិច្ច​អធិប្បាយ​ថា ការអនុវត្ត​នេះ​នឹង​ជួយ​សម្រួល​ស្ថានភាព​ហិរញ្ញវត្ថុ​អ្នក​ដែលមាន​ប្រាក់បៀវត្សរ៍​ទាប​។​


 
​អ្នកជំនាញ​សេដ្ឋកិច្ច​បាន​អះអាងថា ការអនុវត្ត​ការបើកប្រាក់​បៀវត្ស​ពី​ចំនួន​មួយខែ​ម្តង មកជា​ពីរ​សប្តាហ៍​ម្តង (១​ខែ​ពីរដង​) នឹង​ជួយ​សម្រួល​ការចាយវាយ​របស់​មន្ត្រីរាជការ និង​ពិសេស អ្នក​ដែលមាន​ប្រាក់ខែ​ទាប​។ លោកសេដ្ឋ​វិទូ ច័ន្ទ សុផល បាន​ផ្តោត​ការយកចិត្តទុកដាក់​ទៅដល់​កម្មករ និយោជិត ដែល​អាចមាន​បំណុល​សម្រាប់​ការចំណាយ​ចាំបាច់ មុននឹង​ទទួលបាន​ប្រាក់បៀវត្ស​នា​ចុងខែ​។​
 
​លោក ច័ន្ទ សុផល ដែលជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​ដែល​នោះបាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​៖«​វា​ជា​ការជួយ​អ្នក​ដែលមាន​ប្រាក់បៀវត្ស​ទាប មិន​ឲ្យ​មាន​សម្ជា​ធ​ច្រើន​។ អ្នកខ្លះ​ត្រូវ​បង្ខំចិត្ត​ខ្ចីប្រាក់ ដោយមាន​ទាំង​ការប្រាក់​ផង ដើម្បី​ការចំណាយ​ចាំបាច់ មុននឹង​ពួកគេ​ទទួលបាន​ប្រាក់បៀវត្ស​។ ដូច្នេះ​បើសិនជា​ពួកគេ​អាច​ទទួលបាន​ប្រាក់បៀវត្ស​ពីរ​សប្តាហ៍​ម្តង ពួកគេ​ពិតជា​អាច​ចំណាយ​ប្រាក់ ដោយ​មិនបាច់​ខាតបង់​ទៅលើ​ការប្រាក់​»​។​
 
​ទោះយ៉ាងណា​ក៏ដោយ លោក ច័ន្ទ សុផល បាន​បញ្ជាក់ថា​ការអនុវត្ត​ការបើកប្រាក់​បៀវត្ស​ពីរ​សប្តាហ៍​ម្តងនេះ ក៏​មិនមាន​ឥទ្ធិពល​ទៅលើ​ក្រុមមនុស្ស​ដែលមាន​ចំណូល ឬ​ប្រាក់បៀវត្ស​ខ្ពស់​នោះទេ​។ ប៉ុន្តែ​លោកសេដ្ឋ​វិទូ​ដដែល​បាន​ទទួលស្គាល់ថា រដ្ឋាភិបាល​ដែល​អាចអនុវត្ត​បើកប្រាក់​បៀវត្ស​ជូន​មន្ត្រីរាជការ​២​សប្តាហ៍​ម្តង​បាន គឺ​បញ្ជាក់ថា​រដ្ឋ​មាន​ថវិកាបម្រុង​គ្រប់គ្រាន់​ហើយ​។ 
 
​មន្ត្រីជាន់ខ្ពស់​មួយរូប​នៃ​ក្រសួង​សេដ្ឋកិច្ច បាន​មានប្រសាសន៍​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា ការបើកប្រាក់​បៀវត្ស​ក្នុង​រយៈពេល​២​សប្តាហ៍​ម្តង មិន​ត្រឹមតែ​ជួយ​សម្រួល​ការចាយវាយ​របស់​ពលរដ្ឋ​នោះទេ ប៉ុន្តែ​វា​ក៏​បន្ថែម​សកម្មភាព​សេដ្ឋកិច្ច​ជារួម​ផងដែរ​។ មន្ត្រី​ដដែល​ពន្យល់​យ៉ាង​ដូច្នេះ​៖«​វា​ជំរុញ​ឲ្យ​ការប្រើប្រាស់ (Consumption) ខ្ពស់​ជាប្រចាំ ដែល​រាល់ដង​គឺមាន​តែ​នៅ​ចុងខែ ដែលជា​ពេលវេលា​បើកប្រាក់​បៀវត្ស​»​។ លោក​បាន​បន្ថែមថា នៅ​ប្រទេស​ជឿនលឿន​ខ្លះ ពលរដ្ឋ​បាន​ចាយប្រាក់​មុន​តាមរយៈ​កាត​ក្រេ​ឌី​ត​ទៀតផង​។​
 
 
​នៅ​ថ្ងៃ​បើក​យុទ្ធ​ការឃោសនា​រក​សំឡេងឆ្នោត សម្តេច ហ៊ុន សែន បាន​សន្យាថា បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ដឹកនាំ​រដ្ឋាភិបាល​នា​អាណត្តិ​ទី​៦​នេះ សម្តេច​នឹង​ជំរុញ​ឲ្យ​មានការ​បើកប្រាក់​បៀវត្ស​ពីរ​សប្តាហ៍​ម្តង​ជូន​កម្មករនិយោជិត និង​មន្ត្រីរាជការ​គ្រប់​ប្រភេទ​ចាប់ពី​ឆ្នាំ​២០១៩​តទៅ​៕

Tag:
 ​ច័ន្ទ សុផល
  បៀវត្ស​
© រក្សាសិទ្ធិដោយ thmeythmey.com