ជាតិ
បោះឆ្នោត
ប៉ូលិសតាមបណ្តាខេត្ត កំពុងហ្វឹកហ្វឺនដើម្បីត្រៀមទប់ស្កាត់ហេតុការណ៍មិនល្អក្នុងថ្ងៃបោះឆ្នោត
× កម្លាំងនគរបាលតាមបណ្តាខេត្តមួយចំនួន ដូចជា ព្រៃវែង សៀមរាប និង ពោធិ៍សាត់ ជាដើម ចាប់ផ្តើមហ្វឹកហ្វឺន ជាបណ្តើរៗហើយ ដើម្បីត្រៀមលក្ខណទប់ទាល់នឹងបញ្ហាអសន្តិសុខណាមួយ ដែលអាចកើតឡើង ជាយថាហេតុក្នុងអំឡុង និងក្រោយថ្ងៃបោះឆ្នោត។ ជាទូទៅ កម្លាំងសមត្ថកិច្ចទាំងនោះ បានហឺ្វតហាត់ពីយុទ្ធសាស្ត្រទប់ស្កាត់ការធ្វើបាតុកម្ម និងកូដកម្ម។
ចំណែកកងកម្លាំងនៅតាមបណ្តាខេត្តមួយចំនួនទៀត ដូចជា កំពង់ចាម និងប៉ៃលិន បានបើកកិច្ចប្រជុំរៀងៗខ្លួន ដោយផ្តោតសំខាន់លើការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងដំណើរការបោះឆ្នោត។
អគ្គស្នងការនគរបាលជាតិ បានប្រកាសកន្លងមកថា ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នឹងមានកងកម្លាំងជាង៨ម៉ឺននាក់ ដែលត្រូវដាក់ពង្រាយនៅតាមការិយាល័យបោះឆ្នោត។ ការបោះឆ្នោតលើកនេះ មានគណបក្ស២០ ចូលរួមប្រកួតប្រជែង ហើយប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានជាង៨លាន៣សែនាក់។
គណបក្សនានា នឹងចាប់ផ្តើមធ្វើយុទ្ធនាការរកសំឡេងឆ្នោត ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨៕
© រក្សាសិទ្ធិដោយ thmeythmey.com