ទូត​កូរ៉េខាងត្បូង​ផ្តល់​សម្ភារ​កីឡា​មានតម្លៃ​ប្រមាណ​៥​ពាន់​ដុល្លារ ដល់​សហព័ន្ធ​ចំបាប់​កម្ពុជា​

កីឡាជាតិ
ជាតិ
ទូត​កូរ៉េខាងត្បូង​ផ្តល់​សម្ភារ​កីឡា​មានតម្លៃ​ប្រមាណ​៥​ពាន់​ដុល្លារ ដល់​សហព័ន្ធ​ចំបាប់​កម្ពុជា​
08, Jul 2018 , 4:39 pm         775
រូបភាព
លោ​ក អូ ណា​ក់យ៉ុង (ឆ្វេងទី២)ប្រគ​ល់​សម្ភារ​កី​ឡាចំបា​ប់ជូ​ន​​លោ​ក វ៉ាត់ ​ចំរើន (ស្តាំទី៣)នៅ​ទី​ស្នា​ក់ការ NOCC
លោ​ក អូ ណា​ក់យ៉ុង (ឆ្វេងទី២)ប្រគ​ល់​សម្ភារ​កី​ឡាចំបា​ប់ជូ​ន​​លោ​ក វ៉ាត់ ​ចំរើន (ស្តាំទី៣)នៅ​ទី​ស្នា​ក់ការ NOCC
​ស្ថានទូត​កូរ៉េខាងត្បូង បានផ្តល់​សម្ភារ​កីឡា​ចំបាប់ ដែលមាន​តម្លៃ​ប្រមាណ​ជា​៥​ពាន់​ដុល្លារ​អាមេរិក ជូន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​។ ឯកអគ្គរដ្ឋទូត​សា​ធា​រដ្ឋ​កូរ៉េ​លោក អូ ណាក់​យ៉ុង ទន្ទឹមនឹង​ស​សើរ​ពី​ស្នាដៃ​ល្អ ដែល​សម្រេចបាន​កន្លង​មក លោក​រំពឹងថា តាមរយៈ​ភាពជា​ដៃគូ​នេះ នឹង​ជួយ​ឲ្យ​កីឡា​ចំបាប់​ទទួលបាន​ជោគជ័យ​បន្ថែមទៀត ពិសេស​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ល្អប្រសើរ​។​

 
​លោក អូ ណាក់​យ៉ុង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ បាន​យក​សម្ភារ​កីឡា​ចំបាប់​រួមមាន​ឯកសណ្ឋាន និង​ស្បែកជើង​ប្រគល់ជូន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា សម្រាប់​ទ​ទ្រង់​ការហ្វឹកហាត់​របស់​ក្រុម​កីឡាករ​ចំបាប់​ជម្រើសជាតិ​។ ឯកអគ្គរដ្ឋទូត​រូបនេះ បាន​បញ្ចា​ក់ថា សម្ភារ​កីឡា ដែលមាន​តម្លៃ​ប្រមាណ​៥​ពាន់​ដុល្លារ​នេះ ជាការ​ផ្តល់​របស់​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​កូរ៉េ តាមរយៈ​កម្មវិធី​ភាពជា​ដៃគូ​លើ​វិស័យ​កីឡា​។​


 
​ទន្ទឹមនឹង​លើកសរសើរ​ពី​ស្នាដៃ​ល្អៗ ដែល​សម្រេចបាន​ក្នុង​រយៈពេល​៥​ឆ្នាំ ក្រោម​ការ​បង្វឹក​របស់ លោក គីម ស៊ូ​គី​ល គ្រូបង្វឹក​កីឡា​ចំបាប់​ជនជាតិ​កូរ៉េ លោក ណាក់​យ៉ុង រំពឹងថា កីឡា​ចំបាប់​នឹង​ទទួលបាន​ជោគជ័យ​ថ្មី សម្រាប់​ការប្រកួត​កីឡា​អាស៊ី ដែល​រៀបចំ​នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី​នា​អំឡុង​ខែសីហា ខាងមុខនេះ​។ សម្រាប់​ការប្រកួត​កីឡា​អាស៊ី​នៅ​ប្រទេស​ចិន កាលពី​ឆ្នាំ​២០១៤ ចំបាប់​ដណ្តើមបាន​មេដាយមាស​២ ប្រាក់​៣​។     
 
​តាមរយៈ​ភាពជា​ដៃគូ​នេះ ឯកអគ្គរដ្ឋទូត​ខាងលើ​សង្ឃឹមថា នឹង​ជួយ​ពង្រឹង និង​ជំរុញ​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ និង​ជិតស្និទ្ធ​ថែម​មួយកម្រិត​ទៀត​។ នា​ពិធី​ប្រគល់​និង​ទទួល​សម្ភារ ដែល​រៀបចំ​នៅ​ទីស្នាក់ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា កាលពី​ថ្ងៃ​៤ ខែកក្កដា ឆ្នាំ​២០១៨ ក្រោម​វត្តមាន​លោក អូ ណាក់​យ៉ុង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ និង​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​៕ 

Tag:
 ចំបាប់​
  វ៉ា​ត់ ចំរើន​
  អូ ណាក់​យ៉ុង​
  ទូត​កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com