អន្តរជាតិ
ហ្វេសប៊ុកសុំទោសវៀតណាមលើករណីដាក់តំបន់ជម្លោះសមុទ្រខាងត្បូងក្នុងផែនទីចិន
× ក្រុមហ៊ុនបណ្តាញសង្គមហ្វេសប៊ុក បានធ្វើកំហុសបច្ចេកទេសមួយ ដោយដាក់ប្រជុំកោះស្ព្រាតលី(Spratly) និង តំបន់ប្រជុំប៉ារ៉ាសែល (Paracel) ជាផ្នែកនៃប្រទេសចិន។ ពលរដ្ឋវៀតណាមខឹងសម្បារយ៉ាងខ្លាំង ហើយក្រោយមក បានថ្លែងការសុំទោសទៅកាន់រដ្ឋាភិបាលវៀតណាមចំពោះកំហុសបច្ចេកទេសរបស់ខ្លួន។
ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនហ្វេសប៊ុក បានបញ្ជាក់ពីកំហុសឆ្គងរបស់ខ្លួនលើការប្រើប្រាស់ផែនទីក្នុងកម្មវិធីផ្សាយពាណិជ្ជកម្ម។ កំហុសនោះគឺថា ក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះ ប្រើប្រាស់កម្មវិធីដោយមិនបានបញ្ចូលទីតំបន់ប្រជុំកោះ ស្ព្រាតលី និងប៉ារ៉ាសែល ជាផ្នែកនៃប្រទេសវៀតណាម ហើយបែរជាដាក់ថា ជាតំបន់របស់ចិនទៅវិញ។
ប្រជុំកោះស្ព្រាតលី ដែលវៀតណាមហៅថា «Truong Sa» និង ប៉ារ៉ាសែល ដែលវៀតណាមហៅថា «Hoang Sa» នោះ គឺជាតំបន់ដ៏ប្រទាញប្រទង់គ្នានៅសមុទ្រចិនខាងត្បូង ដោយរដ្ឋពាក់ព័ន្ធទាំងអស់សុទ្ធតែទាមទារដែនអធិបតេយ្យភាពរៀងៗខ្លួន។
ផែនទីរបស់ហ្វេសប៊ុក បានបង្ហាញថា កោះទាំងនោះ ជាផ្នែកប្រទេសចិន ហើយបានសរសេរពាក្យថា «Sansha» ជំនួសឲ្យសមុទ្រចិនខាងត្បូង ខណៈវៀតណាមហៅថា «សមុទ្រខាងកើត»។ Sansha ជាក្រុងមួយនៅខេត្តហៃណានរបស់ចិន ដែលមានដែនទឹកនៅប្រជុំកោះស្ព្រាតលី និងប៉ារ៉ាសែល។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងរបស់វៀតណាម បានស្នើរទៅក្រុមហ៊ុនហ្វេសប៊ុកឲ្យកែប្រែផែនទីរបស់ខ្លួន ហើយក្រុមហ៊ុនបណ្តាញសង្គមបានឆ្លើយតបតាមសំណើរ ដោយដកពាក្យ «Sansha» ចេញពីផែនទី។
ទោះបីជាយ៉ាងណាក៏ដោយ ហ្វេសប៊ុក ក៏មិនបានដាក់បញ្ចូលទីប្រជុំកោះទាំងពីរថា ស្ថិតនៅក្នុងទឹកដីវៀតណាមនោះដែរ ដោយអះអាងពីអព្យាក្រឹតភាពរបស់ខ្លួន។ ក្រុមហ៊ុនបានអះអាងថា ការកំណត់ផែនទីនោះ ត្រូវបានដោយភាគីទីបីដែលជាដៃគូរបស់ក្រុមហ៊ុនរួមមានដូចជា OpenStreetMap និង HERE Maps ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com