អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង​រិះគន់​អាមេរិក​ដែល​រក្សា​«​ឥរិយាបថ​បងធំ​» ពេល​ចរចា​ជាមួយ​ខ្លួន​រឿង​រំសាយ​នុយក្លេអ៊ែរ​
08, Jul 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ដំណើរ​ចរចា​ឈានទៅ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ទំនងជា​មិន​ដើរទៅ​មុខ​ដោយ​រលូន​ដូច​គ្រប់គ្នា​រំពឹង ក្រោយ​ជំនួប​ប្រវត្តិសាស្ត្រ​ត្រាំ​-​គីម​នៅ​សិង្ហ​បុរី​ខែ​មុន​ឡើយ​។ ចុង​សប្តាហ៍​នេះ កូរ៉េខាងជើង​ស្រាប់តែ​ចេញមុខ​ទិតៀន​អាមេរិក​ឥត​សំចៃមាត់​ទៀត និង​បង្ហាញ​ការសោកស្តាយ​ដែល​អាមេរិក​នៅ​រក្សា​ចរិត​ប​ង​ធំ​ក្នុង​ការចរចា​ជាមួយ​ខ្លួន​។


​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ប្រាប់​អ្នកកាសែត​ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​នា​ថ្ងៃ​សៅរ៍​ទី ៧ ខែកក្កដា​នេះ​ថា កិច្ចពិភាក្សា​រវាង​លោក​ជា​តំណាង​រដ្ឋបាល​អាមេរិក និង​កូរ៉េខាងជើង​ទៅមុខ​យ៉ាង​លូន និង​មាន​ផ្លែផ្កា​ច្រើន​។ ប៉ុន្តែ​គ្រប់យ៉ាង​ហាក់​មិន​ដូច​ការអះអាង​របស់​ប្រមុខ​ការទូត​អាមេរិក​នេះឡើយ​។​
 
​ត្រឹម​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​លោក ប៉ុ​ម ប៉េ​អូ អួតអាង​ពី​ផ្លែផ្កា​នៃ​កិច្ចពិភាក្សា​រឿង​រំសាយ​នុយក្លេអ៊ែរ​នោះ ក្រសួងការបរទេស​កូរ៉េខាងជើង​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ភ្លាមៗ​ដែរ​ដោយ​បង្ហាញ​ការសោកស្តាយ និង​រិះគន់​ឥរិយាបថ​របស់​អាមេរិក​ក្នុង​ការចរចា​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស​កូរ៉េខាងជើង​បានចាត់ទុក​ថា អាមេរិក​កំពុង​ដើរ​ផ្ទុយ​ស្មារតី​នៃ​ជំនួប​កំពូល​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន​នៅក្នុង​ទឹក​សិង្ហ​បុរី​កាលពី​ថ្ងៃ ១២ ខែមិថុនា​។ ផ្ទុយ​នោះ​ត្រង់​ថា អាមេរិក​បង្កើន​សម្ពាធ​ឯកតោភាគី​លើ​កូរ៉េខាងជើង​ដោយ​បង្ខំ​ឲ្យ​ប្រទេស​នេះ​បោះបង់​អាវុធ​នុយក្លេអ៊ែរ​ខ្លួន​។  
 
«​យើង​ខំ​តែ​រំពឹងថា​ភាគី​អាមេរិក​មក​ចរចា​ដោយមាន​គំនិត​យោបល់​និង​ចំណាត់ការ​ល្អប្រសើរ​ដែល​អាច​ជំរុញ​ការកសាង​ទំនុកចិត្ត​ស្របតាម​ស្មារតី​នៃ​ជំនួប​ប្រវត្តិសាស្ត្រ​អាមេរិក និង​កូរ៉េខាងជើង​។ ប៉ុន្តែ​ឥរិយាបថ​របស់​អាមេរិក​ក្នុងជំនួប​ជាន់ខ្ពស់​លើ​ដំបូង​ដែល​រៀបចំ​កាលពី​ថ្ងៃ ៦ ដល់​ថ្ងៃ ៧ ខែកក្កដា​គឺជា​រឿង​គួរ​ឲ្យ​សោកស្តាយ​»​។ កូរ៉េខាងជើង​និយាយ​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​។ 
 
​កូរ៉េខាងជើង​បន្ថែម​ដូច្នេះ​៖«​អាមេរិក​ខុស​ធ្ងន់ បើសិនជា​គេ​យល់ថា កូរ៉េខាងជើង ព្រម​ទទួលយក​រាល់​ការទាមទារ​ទាំង​បង្ខំ​របស់គេ​ដែលមាន​លក្ខណៈ​ច្រឡោងខាម​ដូច​បងធំ​នោះ​»​។ 
​ក្រៅពី​រិះគន់​ឥរិយាបថ​របស់​អាមេរិក ក្រុង​ព្យុងយ៉ាង​ក៏​បង្ហាញ​ក្តីបារម្ភ​ផងដែរ​ចំពោះ​លទ្ធផល​នៃ​ជំនួប និង​អនាគត​នៃ​ការពិភាក្សា​ដែល​នឹង​អាច​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មានការ​រំសាយ​នុយក្លេអ៊ែរ​នោះ​។ 
 
​ពាក់ព័ន្ធ​នឹង​សេចក្តីថ្លែងការណ៍​របស់​កូរ៉េខាងជើង​នេះ សារព័ត៌មាន CNN ផ្សាយ​ថា អ្នកនាំពាក្យ​សេត​វិមាន​បាន​បដិសេធ​ផ្តល់​ការអត្ថាធិប្បាយ ឬ​ផ្តល់យោបល់​បន្ថែម ខណៈដែល​ក្រសួងការបរទេស​ក៏​មិន​ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន​ដែរ​។ 
 
 
​សូម​រម្លឹក​បន្តិច​ថា លោក ប៉ុ​ម​ប៉េ​អូ បានធ្វើ​ដំណើរ​ទៅកាន់​កូរ៉េខាងជើង​ដើម្បី​ពិភាក្សា​លម្អិត​ជាមួយ​ភាគី​កូរ៉េខាងជើង និង​កំណត់​វិធានការ​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ការរំសាយ​នុយក្លេអ៊ែរ​អនុលោម​តាម​សេចក្តីថ្លែងការណ៍​រួម​សិង្ហ​បុរី​។​
 
​លោក​បាន​ធានាថា ក្នុង​កិច្ចពិភាក្សា​នោះដែរ កូរ៉េខាងជើង​ជាពិសេស​លោក គីម ជុង​អ៊ុន​នៅតែ​ប្តេជ្ញា សម្រេច​ឲ្យ​បាន​នូវ​ការរំសាយ​នុយក្លេអ៊ែរ ហើយ​របប​ដឹកនាំ​នេះ​ក៏​ទទួលស្គាល់ថា​ខ្លួន​បាន​បំផ្លាញ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ និង បានកំណត់​ផ្លូវ​សម្រាប់​ការចរចា​បន្ថែម​ក្នុង​កម្រិត​ការងារ​ដែលមាន​ភាគី​ទាំងសងខាង​ចូលរួម​ដែរ​។ យ៉ាងណាមិញ ទស្សនកិច្ច​លើក​នេះ លោក ប៉ុ​ម​ប៉េ​អូ មិន​ជួប​ជាមួយ​លោក គីម ជុង​អ៊ុន​ឡើយ ប៉ុន្តែ​លោក​ជួប​ជាមួយ​អនុប្រធាន​គណៈកម្មការ​មជ្ឈិមបក្ស​ពលករ​កូរ៉េ​លោក  Kim Yong Chol ៕

Tag:
 ​កូរ៉េខាងជើង​
  រំសាយ​នុយក្លេអ៊ែរ​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com