STC ជំរុញ​ឲ្យ​អ្នកទេសចរ​គិតពី​ដំណើរ​កម្សាន្ត​នៅ​ស្រុក​ខ្មែរ​មុនគេ បើទោះជា​ខែ​ភ្លៀង​ក្តី​

ជាតិ
STC ជំរុញ​ឲ្យ​អ្នកទេសចរ​គិតពី​ដំណើរ​កម្សាន្ត​នៅ​ស្រុក​ខ្មែរ​មុនគេ បើទោះជា​ខែ​ភ្លៀង​ក្តី​
08, Jul 2018 , 9:59 pm         367
រូបភាព
​សៀមរាប​៖ អស់​រយៈពេល​យូរណាស់​មកហើយ ដែល​ភ្ញៀវ​តែង​ជ្រើសរើស​រដូវប្រាំង ជា​ដំណើរ​កម្សាន្ត​ដ៏​រីករាយ​របស់​ពួកគេ​ទៅកាន់​ប្រទេស​ផ្សេងៗ  ដោយសារ​ពួកគេ​គិតថា រដូវប្រាំង​ងាយស្រួល​ធ្វើដំណើរ និង​មិនមាន​ភ្លៀង​រំខាន ដូច​រដូវវស្សា​។ ការណ៍​នេះ បាន​ជះឥទ្ធិពល​មិនល្អ ដល់​អ្នក​ប្រកប​អាជីវកម្ម​ទេសចរណ៍​មួយចំនួន ពោ្ះ​ឱ្យតែ​ដល់​ខែវស្សា អាជីវកម្ម​របស់​ពួកគេ​ស្ងាត់ បាត់​ភ្ញៀវ ខ្លះ​ខាតបង់​ក៏មាន ដោយសារ​ការចំណាយ​ច្រើនជាង​ចំណូល​។ តើ​គេ​ត្រូវធ្វើ​ដូចម្ដេច ដើម្បី​ផ្លាស់ប្តូរ​ការគិត​របស់​ភ្ញៀវទេសចរ ដែល​តែង​គិតថា ចាប់ពី​ខែ​៥ ដល់​ខែ​១០ ពួកគេ​មិនអាច​ធ្វើដំណើរ​កម្សាន្ដ​មកកាន់​ខេត្តសៀមរាប​បាន​?

 
 ចំណុច​នេះ ជា​អ្វីដែល​ក្លឹប​ប្រតិបត្តិ​ករ​ទេសចរណ៍​សៀមរាប ចង់ឱ្យមាន​ការផ្សព្វផ្សាយ​ទូលំទូលាយ ដើម្បី​ពន្យល់​ដល់​ភ្ញៀវទេសចរ​ថា ខែវស្សា​នៅ​សៀមរាប មាន​ភាពស្រស់​បំព្រង ទាក់ទាញ មិន​ដូច​អ្វីដែល​ពួកគេ​គិតថា ខែ​នេះ​មាន​ភ្លៀង​ជោគជាំ មិនអាច​ដើរទៅ​ណា​មក​ណា​បាន​នោះឡើយ​។ 
 
​លោក ហ្វី​លី​ព កៅ ប្រធាន​ក្លឹប​ប្រតិបត្តិ​ករ​ទេសចរណ៍​សៀមរាប ហៅ​កាត់​ថា STC (Siem Reap Tourism Club) ចង់ឱ្យ​ទេសចរ​បានដឹង និង​ស្គាល់​ពីបទ​ពិសោធន៍​ថ្មី នៃ​ដំណើរ​កម្សាន្ត​ក្នុង​រដូវវស្សា ដែល​លោក​ហៅថា ហ្គ្រី​ន​សេ​សិន (Green Season)​។ ការលើកឡើង​របស់លោក ហ្វី​លី​ព ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន ក្នុង​ពិធី​ជួបជុំ​សមាជិក STC កាលពី​ថ្ងៃទី​២៩ ខែមិថុនា ក្នុង​បំណង​ដើម្បី​ស្ដាប់ ចែករំលែក​ចំណេះដឹង  ព័ត៌មាន​ថ្មីៗ បទពិសោធន៍ និង​ការលំបាក​នានា ដែល​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់ កំពុង​ជួបប្រទះ​។​


 
​ក្នុង​ពិធី​នោះ លោក ហ្វី​លី​ព បាន​លើកឡើងថា​៖« គេ​គួរ​ផ្លាស់ប្ដូរ​ការហៅ Low Season ទៅជា Green Season វិញ ហើយ​យើង​ចង់ឱ្យមាន​ការផ្សព្វផ្សាយ​ព័ត៌មាន​នេះ ឱ្យបាន​ទូលំទូលាយ​។ យើង​បានធ្វើការ​នេះ ជាមួយ ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ហើយ​ដែរ គឺ​សុំឱ្យ​គាត់​ជួយ​នាំ​អ្នកសារព័ត៌មាន​ក្នុង​តំបន់ ឱ្យមក​ខេត្តសៀមរាប ដើម្បីឱ្យ​ពួកគេ​បានដឹង និង​ផ្សព្វផ្សាយ​ពី​រឿងនេះ​។ សារព័ត៌មាន គឺមាន​ឥទ្ធិពល​ខ្លាំង ក្នុងការ​ផ្សព្វផ្សាយ​រឿងនេះ​»​។​
 
​ត្រង់ចំណុច​នេះដែរ កន្លងមក​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​លោក ថោង ខុន ក៏​ធ្លាប់បាន​និយាយថា លោក​ចង់ឱ្យមាន​ការផ្លាស់​ប្ដូរ​ការហៅ Low Season ជា Green Season ព្រោះថា រមណីយដ្ឋាន​អង្គរ ពិតជា​ស្រស់ស្អាត និង​ប្លែក​ភ្នែក​ក្នុង​រដូវវស្សា​៕



© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង