លោក ភារៈ រំពឹង​រកចំណូលបាន​ដល់​១២​ម៉ឺន​ដុល្លារ​ពី​ដំណាំ​ទុរេន​ក្នុងឆ្នាំនេះ​

ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
លោក ភារៈ រំពឹង​រកចំណូលបាន​ដល់​១២​ម៉ឺន​ដុល្លារ​ពី​ដំណាំ​ទុរេន​ក្នុងឆ្នាំនេះ​
08, Jul 2018 , 10:59 pm         992
រូបភាព
​កោះកុង​៖ ដំណាំ​ទុរេន​ចំនួន​៨០០​ដើម ដែលមាន​៧​ប្រភេទ​ពូជ​ផ្សេងគ្នា ត្រូវបាន​លោក ឆ​ម ភារៈ ដាំ​ដុះ​នៅលើ​ដីចម្ការ​របស់ខ្លួន​ជាង​១១​ហិកតា ស្ថិតក្នុង​ឃុំ​តា​ទៃ​លើ ស្រុក​ថ្មបាំង ខេត្តកោះកុង​។ ទុរេន​ចំនួន​៨០០​ដើម កំពុងតែ​ហុច​ផល ឲ្យ​កសិករ​ភារៈ​រាល់ថ្ងៃ​ផងដែរ​។ ដោយសារ​ឆ្នាំនេះ ទិ​ន្ឋ​ផល​ទុរេន​កើន​ជាង​ឆ្នាំមុន លោក ឆ​ម ភារៈ រំពឹងថា​ខ្លួន​អាច​រកចំណូលបាន​ដល់ ១២​ម៉ឺន​ដុល្លារ​ឯណោះ​។​


 
​ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ឆ​ម ភារៈ ម្ចាស់​ចម្ការ ទុរេន​ក្នុងស្រុក​ថ្មបាំង ខេត្តកោះកុង​ដូចតទៅ​៖ 

 

 
​តាម​លោក ឆ​ម ភារៈ មូល​ហេតុដែល​ទិន្នផល​ទុរេន​ក្នុង​ចម្ការ​របស់គាត់ កើន​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ ព្រោះ​ការថែទាំ​បាន​ត្រឹមត្រូវ ខណៈ​ដើម​ទុរេន​កាន់តែ​ធំ មាន​ផ្លែ​កាន់តែច្រើន​ដែរ ហើយ​ដើម​ខ្លះ អាច​ផ្តល់​ចំណូល​ដល់​១០០០​ដុល្លារ​ផង​ក៏មាន​។ ម្ចាស់​ចម្ការ​ទុរេន​ដដែល អះអាង​ទៀតថា គាត់​ដាំ​ទុរេន​តាម​ធម្មជាតិ ដែល​ប្រើ​ជី​លាមក​សត្វ និង​ជីកំប៉ុស​ប៉ុណ្ណោះ​។ លោក ឆ​ម ភារៈ បាន​លើកឡើងថា​៖«​នៅ​ឆ្នាំមុនៗ រកចំណូលបាន​ត្រឹម ១​ម៉ឺន ទៅ​២​ម៉ឺន​ដុល្លារ ប៉ុណ្ណោះ ដោយសារតែ​ចាប់ផ្ដើម​ផ្លែ​ដំបូង​។ ប៉ុន្តែ​ឆ្នាំនេះ ខ្ញុំ​សង្ឃឹមថា បាន​ចំណូល​១២​ម៉ឺន​ដុល្លារ ដោយសារ​ផ្លែ​ទុរេន​កើនឡើង​ជាង​ឆ្នាំមុន​។ ដើម​ខ្លះ មាន​ផ្លែ​រហូតដល់​២០០​ផ្លែ​ឯណោះ​»​។​
 
​បាន​ចំណូល​មែន ប៉ុន្តែ​ការចំណាយ​ក៏​ច្រើន​ដែរ ដូចជា​ការចំណាយ​លើក​ម្មករ​,​ការ​កាត់​ស្មៅ និង​ជី​ជាដើម​។ រីឯ​ការថែទាំ​វិញ គឺ​ចាប់តាំងពី​ពេលចេញ​ផ្កា រហូតដល់​ផ្លែ​ធំ ហើយ​ការប្រើប្រាស់​ទឹក ក៏ត្រូវ​ប្រើ​ឲ្យ​ត្រូវ​ស្ដង់ដា​ដែរ​។ លោក ភារៈ អះអាង​ដូច្នេះ​៕
 





Tag:
 ទុរេន​
 ​ ថ្មបាំង
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង