លោក​សម រង្ស៊ី​៖ លោក​ហ៊ុន សែន នឹង​រំលាយ​បក្ស​ដទៃទៀត ពេល​បក្ស​នោះ​ខ្លាំង​

ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
លោក​សម រង្ស៊ី​៖ លោក​ហ៊ុន សែន នឹង​រំលាយ​បក្ស​ដទៃទៀត ពេល​បក្ស​នោះ​ខ្លាំង​
09, Jul 2018 , 10:16 am         1536
រូបភាព
ដោយ: ថ្មីៗ
​លោក សម  រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បង្អាប់​គណបក្ស​ទាំង​១៩ ដែល​ចូលរួម​ក្នុងការ​បោះឆ្នោត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​គណបក្ស​អំពិលអំពែក​។ ក្នុង​កែវភ្នែក​របស់លោក សម  រង្ស៊ី គ្មាន​គណបក្ស​ណាមួយ ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ អាចមាន​លទ្ធភាព​ក្លាយជា​គណបក្សប្រឆាំង ដែល​ត្រូវ​ទៅ​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ​។



​លើសពីនេះ លោក ថែមទាំង​និយាយថា នាពេល​អនាគត បើ​គណបក្ស​ដទៃ បាន​រីក​ធំធាត់ ហើយ​ក្លាយជា​គណបក្សប្រឆាំង​ក៏ដោយ ក៏​គង់​តែមាន​វាសនា​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ជាមិនខាន​។ តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ទោះបីជា​១០​ឆ្នាំ​ទៀត គណបក្ស​ណាមួយ ក្នុងចំណោម​គណបក្ស​ទាំង​១៩ អាច​ក្លាយទៅជា​គណបក្ស​ខ្លាំង​គួរសម ដែល​អាច​យកឈ្នះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដោយ ក៏​ពេលនោះ​លោក ហ៊ុន សែន ច្បាស់​ជា​រំលាយ​គណបក្ស​នោះ មិន​ឲ្យ​ឈ្នះ​ទាន់ ដូច​គាត់​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្មីៗ​នេះ អ៊ីចឹង​ដែរ​»​។

​ការវាយប្រហារ​របស់​លោក សម  រង្ស៊ី ទៅលើ​គណបក្ស​ទាំង​១៩ ស្ថិតក្នុង​កាលៈទេសៈ​ដែល​ពួកគេ កំពុង​នាំគ្នា​ឃោសនា​រក​សំឡេងឆ្នោត​រៀងៗ​ខ្លួន​។ លោក បាន​ហៅ​ការសម្រេចចិត្ត​របស់​គ​ណ​បក្ស​ទាំងនោះ ដែល​ចូលរួម​ក្នុងការ​បោះឆ្នោត ថា​គ្រាន់តែ​ជាការ​បង្គ្រប់កិច្ច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ត​កាន់អំណាច​ប៉ុណ្ណោះ​។

​អតីត​ប្រធាន​គណបក្សប្រឆាំង ដែល​មិនបាន​ចូលរួម​ប្រកួត​ក្នុងការ​បោះឆ្នោត បានលើកឡើង​ពី​ក្រៅប្រទេស​មក​បែបនេះ​ថា​៖«​ការបោះឆ្នោត ជា​ឆាកល្ខោន ដើម្បី​កម្ចាត់​គណបក្ស​សង្គ្រោះ​ជាតិ សម្លាប់​លទ្ធិប្រជាធិបតេយ្យ និង​ប្រថាប់ត្រា​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​១០០ ភាគរយ ហើយ​មាន​លេស កាន់អំណាច​តទៅទៀត​»​។

​លោក លោក សម  រង្ស៊ី បន្តថា គណបក្ស​១៩ មិនគួរ​ចូលរួម​ក្នុងការ​បោះឆ្នោត​ឡើយ​។  សារ​ចុងក្រោយ​របស់លោក គឺ​នៅតែ​អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។

​កន្លងមក មាន​ប្រធាន​គណបក្ស​មួយចំនួន ក្នុងចំណោម​គណបក្ស​ទាំង​១៩ ធ្លាប់​ចេញមក​ប្រតិកម្ម​នឹង​លោក សម រង្ស៊ី​។ ពួកគេ រិះគន់​លោក សម  រង្ស៊ី ដែល​យល់ថា មានតែ​ខ្លួន​ទើប​អាច​ធ្វើជា​អ្នកប្រឆាំង​នៅ​កម្ពុជា​។

​ចំណែក​សម្តេច ហ៊ុន សែន ប្រធាន​គណបក្សកាន់អំណាច ក៏​មិន​ពេញចិត្ត​នឹង​ការលើកឡើង​របស់លោក សម  រង្ស៊ី ដែរ​។ ប្រធាន​គណបក្សកាន់អំណាច ធ្លាប់​និយាយថា គណបក្ស​ដទៃ មិនអាច​ទទួលយកបាន​នោះទេ ចំពោះ​ការវាយប្រហារ​បែបនេះ ពី​សំណាក់​លោក សម  រង្ស៊ី​៕ 


Tag:
 បោះឆ្នោត​
  ឃោសនា​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង