ជាតិ
បោះឆ្នោត
លោក ហង្ស ពុទ្ធា ពន្យល់​ពី​ការប្រើប្រាស់​រថយន្ត​សភា និង​រថយន្ត​រដ្ឋាភិបាល ក្នុងការ​បោះឆ្នោត​
09, Jul 2018 , 11:38 am        
រូបភាព
​ភ្នំពេញ​៖ ខណៈដែល​ការឃោសនាបោះឆ្នោត កំពុងដំណើរការ​នៅ​ទូទាំងប្រទេស​នោះ គេ​ឃើញ​មាន​គណបក្សនយោបាយ​ខ្លះ ត្រូវបាន​ពលរដ្ឋ​រិះគន់​ពី​រឿង​ប្រើប្រាស់​រថយន្ត​រដ្ឋសភា និង​រដ្ឋាភិបាល ដែល​ផ្ទុយ​ពី​ច្បាប់​កំណត់​។ ដើម្បី​កុំ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​មានការ​យល់ច្រឡំ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ពន្យល់ពី ការប្រើប្រាស់​រថយន្ត​សភា​ និង​រថយន្ត​រាជការ ក្នុងការ​ឃោសនាបោះឆ្នោត​។​



​ការប្រើប្រាស់​រថយន្ត​រាជការ​សម្រាប់​ឃោសនាបោះឆ្នោត គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង្ស ពុទ្ធា ដែល​ស្នើ​ឲ្យ​មជ្ឈដ្ឋាន​នានា ប្រមូលយក​ភស្តុតាង ប្ដឹង​មក​គ​.​ជ​.​ប ដើម្បី​ត្រួត​ពិនិត្យមើល​លើ​ករណីនេះ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​គ​.​ជ​.​ប​រូបនេះ បាន​បញ្ជាក់ថា បើ​គណបក្សនយោបាយ​ណា​ប្រើប្រាស់​រថយន្ត​ក្រសួង ,​នគរបាល និង​រថយន្ត​ផ្សេងៗ ដែលជា​របស់​រដ្ឋ​នោះ ពួកគេ​នឹង​ប្រឈម​ផ្លូវច្បាប់ ត្រង់​មាត្រា​១៥៨ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។ «​គ​.​ជ​.​ប អត់​ដើរតួ​ជា​ព្រះរាជអាជ្ញារ​ក្នុងការ​ចោទប្រកាន់​គណ​បក្ស​ណា​ទេ​។ ដូច្នេះ​បើ​មាន​បណ្ដឹង​គ​.​ជ​.​ប នឹង​ពិនិត្យ​តាមដាន​លើ​បញ្ហា​នេះ ដោយ​ហៅ​មក​ព្រមាន​ជា​លាយ​លក្ខ​អក្សរ ហើយ​បើ​មិន​ព្រមស្ដាប់​ទេ យើង​នឹង​ពិន័យ​ជា​ប្រាក់​តាមច្បាប់​កំណត់​។ ប៉ុន្តែ​បើ​គ្មាន​បណ្ដឹង​មក ក៏​គ​.​ជ​.​ប មិនអាច​ចាត់ការ​លើ​ករណីនេះ​ទេ​»​។​

​តែ​យ៉ាង​លោក ហង្ស ពុទ្ធា ក៏​ស្នើ​ឲ្យ​ពលរដ្ឋ​កុំ​ឲ្យ​យល់ច្រឡំ​រវាង​រថយន្ត​សភា និង​រដ្ឋាភិបាល ក្នុងការ​ប្រើប្រាស់​ឃោសនា​នេះ​។ ត្រង់​ន័យ​នេះ លោក ហង្ស ពុទ្ធា ពន្យល់ថា ការប្រើប្រាស់​រថយន្តរ​ដ្ឋ​សភា និង​ព្រឹទ្ធសភា គឺ​គ្មានអ្វី​ខុសច្បាប់​ទេ ដោយសារតែ​ពួកគេ​មាន​អភ័យឯកសិទ្ធិ ជា​តំណាងរាស្ត្រ​។ អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា​៖« ឡាន​រដ្ឋសភា និង​ព្រឹទ្ធសភា អាច​ប្រើប្រាស់​បាន ដោយសារ​មាន​អភ័យឯកសិទ្ធិ ព្រោះ​ច្បាប់​ចែង​មក​យូរហើយ លើកលែងតែ​ឡាន​រាជការ​ទេ​…​។​

​មានការ​លើកឡើង​ពី​មជ្ឈដ្ឋាន​ទូទៅ ដែល​សំដៅ​ទៅលើ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប្រើប្រាស់​រថយន្ត​រដ្ឋសភា ក្នុងការ​ឃោសនាបោះឆ្នោត ខណៈដែល​មតិ​មួយចំនួន ក៏​រិះគន់​លើ​គណបក្ស​ប្រជាជន​កម្ពុជា លើ​ការប្រើប្រាស់​រថយន្ត​នេះដែរ​។ សារព័ត៌មាន​ថ្មីៗ មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន ពី​រឿង​ប្រើប្រាស់​រថយន្ត ឆ្លើយតប​នឹង​ការរិះគន់​ឡើយ​។​

​ជុំវិញ​បញ្ហា​នេះ​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​និយាយថា មូល​ហេតុដែល​តំណាងរាស្ត្រ​មួយចំនួន យករថយន្តទៅ​ប្រើប្រាស់​ ដោយសារ​តែ​ពួកគេ​កង្វះមធ្យោបាយ​ផ្ទាល់ខ្លួន ដូច្នេះ​គ្មាន​អ្វីដែល​ត្រូវដាក់​ពិន័យ​ឡើយ​។​«​បើ​យក​រថយន្ត​រដ្ឋ​គឺ​ខុស​ហើយ​។ តែបើ​តំណាងរាស្ត្រ​យក​រថយន្ត​រដ្ឋសភា ប្រើប្រាស់​វា​មិនមាន​បញ្ហា​អ្វី​ទេ​។ តំណាងរាស្ត្រ​ខ្លះ​គាត់​យក​រថយន្ត​ប្រើប្រាស់ ស្ថិតនៅក្នុង​តួនាទី​នៅឡើយ ដែលមិនទាន់​ចប់​អាណត្តិ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ឡេង ប៉េងឡុង​។​

អត្ថបទទាក់ទង


​កាលពីពេល​ថ្មីៗ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​បញ្ជា​ណែនាំ​ដល់​មន្ត្រីរាជការ​ទាំងអស់ ចៀស​ឲ្យ​ផុតពី​ការប្រើប្រាស់​តួនាទី ពេលវេលា និង​សម្ភារ​របស់​រដ្ឋ​បម្រើ​ឲ្យ​ការឃោសនាបោះឆ្នោត​។ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​ទាំងពីរ ក៏​ព្រមាន​វិធានការ​ពិន័យ​ដល់​មន្ត្រី​គណបក្ស​ខ្លួន​ផងដែរ​។​

​មាត្រា​១៥៨ ស្តីពី​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បាន​ចែងថា ៖«​ត្រូវ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ចំពោះ​ជន​ណា​ដែល​ប្រើប្រាស់​សម្ភារ មធ្យោបាយ​ដឹកជញ្ជូន ដែលជា​សម្បត្តិ​របស់រ​ដ្ឋ ដើម្បី​ធ្វើ​សកម្មភាព​ឃោសនា ឲ្យ​គណបក្សនយោបាយ​ណាមួយ ឬ​បេក្ខជន​ណាមួយ​។ ក្នុងករណី​ដែល​មិន​គោរព​តាម​ការព្រមាន​ខាងលើ ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី​៥,០០០,០០០​រៀល ទៅ​១០,០០០,០០០​រៀល ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​»​។ នេះ​បើតាម​លោក ហង្ស ពុទ្ធា ដែល​រំឭក​ពី​ច្បាប់បោះឆ្នោត ដោយបាន​បន្ថែមថា ការបោះឆ្នោត​ក្នុង​រយៈពេល​២​ថ្ងៃនេះ មិនមាន​បញ្ហា​អ្វី​ឡើយ​។​

​គួរ​បញ្ជាក់ថា ការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅ​រយៈពេល​២១​ថ្ងៃ ចាប់ពី​ថ្ងៃទី​៧ ដល់​២៧ កក្កដា​។ ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ កក្កដា ដោយមាន​គណបក្ស​ចំនួន​២០ ចូលរួម​៕


Tag:
 ហង្ស ពុទ្ធា​
  គ​.​ជ​.​ប
 ​រដ្ឋសភា
  ព្រឹទ្ធសភា
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com