ជាតិ
បោះឆ្នោត
លោក ហង្ស ពុទ្ធា ពន្យល់ពីការប្រើប្រាស់រថយន្តសភា និងរថយន្តរដ្ឋាភិបាល ក្នុងការបោះឆ្នោត
× ភ្នំពេញ៖ ខណៈដែលការឃោសនាបោះឆ្នោត កំពុងដំណើរការនៅទូទាំងប្រទេសនោះ គេឃើញមានគណបក្សនយោបាយខ្លះ ត្រូវបានពលរដ្ឋរិះគន់ពីរឿងប្រើប្រាស់រថយន្តរដ្ឋសភា និងរដ្ឋាភិបាល ដែលផ្ទុយពីច្បាប់កំណត់។ ដើម្បីកុំឲ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពន្យល់ពី ការប្រើប្រាស់រថយន្តសភា និងរថយន្តរាជការ ក្នុងការឃោសនាបោះឆ្នោត។
ការប្រើប្រាស់រថយន្តរាជការសម្រាប់ឃោសនាបោះឆ្នោត គឺជារឿងមិនត្រឹមត្រូវទេ។ នេះជាការបញ្ជាក់របស់លោក ហង្ស ពុទ្ធា ដែលស្នើឲ្យមជ្ឈដ្ឋាននានា ប្រមូលយកភស្តុតាង ប្ដឹងមកគ.ជ.ប ដើម្បីត្រួតពិនិត្យមើលលើករណីនេះ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យគ.ជ.បរូបនេះ បានបញ្ជាក់ថា បើគណបក្សនយោបាយណាប្រើប្រាស់រថយន្តក្រសួង ,នគរបាល និងរថយន្តផ្សេងៗ ដែលជារបស់រដ្ឋនោះ ពួកគេនឹងប្រឈមផ្លូវច្បាប់ ត្រង់មាត្រា១៥៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ «គ.ជ.ប អត់ដើរតួជាព្រះរាជអាជ្ញារក្នុងការចោទប្រកាន់គណបក្សណាទេ។ ដូច្នេះបើមានបណ្ដឹងគ.ជ.ប នឹងពិនិត្យតាមដានលើបញ្ហានេះ ដោយហៅមកព្រមានជាលាយលក្ខអក្សរ ហើយបើមិនព្រមស្ដាប់ទេ យើងនឹងពិន័យជាប្រាក់តាមច្បាប់កំណត់។ ប៉ុន្តែបើគ្មានបណ្ដឹងមក ក៏គ.ជ.ប មិនអាចចាត់ការលើករណីនេះទេ»។
តែយ៉ាងលោក ហង្ស ពុទ្ធា ក៏ស្នើឲ្យពលរដ្ឋកុំឲ្យយល់ច្រឡំរវាងរថយន្តសភា និងរដ្ឋាភិបាល ក្នុងការប្រើប្រាស់ឃោសនានេះ។ ត្រង់ន័យនេះ លោក ហង្ស ពុទ្ធា ពន្យល់ថា ការប្រើប្រាស់រថយន្តរដ្ឋសភា និងព្រឹទ្ធសភា គឺគ្មានអ្វីខុសច្បាប់ទេ ដោយសារតែពួកគេមានអភ័យឯកសិទ្ធិ ជាតំណាងរាស្ត្រ។ អ្នកនាំពាក្យរូបនេះបន្ថែមថា៖« ឡានរដ្ឋសភា និងព្រឹទ្ធសភា អាចប្រើប្រាស់បាន ដោយសារមានអភ័យឯកសិទ្ធិ ព្រោះច្បាប់ចែងមកយូរហើយ លើកលែងតែឡានរាជការទេ…។
មានការលើកឡើងពីមជ្ឈដ្ឋានទូទៅ ដែលសំដៅទៅលើគណបក្សហ្វ៊ុនស៊ិនប៉ិច ប្រើប្រាស់រថយន្តរដ្ឋសភា ក្នុងការឃោសនាបោះឆ្នោត ខណៈដែលមតិមួយចំនួន ក៏រិះគន់លើគណបក្សប្រជាជនកម្ពុជា លើការប្រើប្រាស់រថយន្តនេះដែរ។ សារព័ត៌មានថ្មីៗ មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យគណបក្សប្រជាជន ពីរឿងប្រើប្រាស់រថយន្ត ឆ្លើយតបនឹងការរិះគន់ឡើយ។
ជុំវិញបញ្ហានេះអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បាននិយាយថា មូលហេតុដែលតំណាងរាស្ត្រមួយចំនួន យករថយន្តទៅប្រើប្រាស់ ដោយសារតែពួកគេកង្វះមធ្យោបាយផ្ទាល់ខ្លួន ដូច្នេះគ្មានអ្វីដែលត្រូវដាក់ពិន័យឡើយ។«បើយករថយន្តរដ្ឋគឺខុសហើយ។ តែបើតំណាងរាស្ត្រយករថយន្តរដ្ឋសភា ប្រើប្រាស់វាមិនមានបញ្ហាអ្វីទេ។ តំណាងរាស្ត្រខ្លះគាត់យករថយន្តប្រើប្រាស់ ស្ថិតនៅក្នុងតួនាទីនៅឡើយ ដែលមិនទាន់ចប់អាណត្តិ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ឡេង ប៉េងឡុង។
កាលពីពេលថ្មីៗនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបញ្ជាណែនាំដល់មន្ត្រីរាជការទាំងអស់ ចៀសឲ្យផុតពីការប្រើប្រាស់តួនាទី ពេលវេលា និងសម្ភាររបស់រដ្ឋបម្រើឲ្យការឃោសនាបោះឆ្នោត។ ថ្នាក់ដឹកនាំគណបក្សប្រជាជនទាំងពីរ ក៏ព្រមានវិធានការពិន័យដល់មន្ត្រីគណបក្សខ្លួនផងដែរ។
មាត្រា១៥៨ ស្តីពីច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានចែងថា ៖«ត្រូវព្រមានជាលាយលក្ខណ៍អក្សរ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះជនណាដែលប្រើប្រាស់សម្ភារ មធ្យោបាយដឹកជញ្ជូន ដែលជាសម្បត្តិរបស់រដ្ឋ ដើម្បីធ្វើសកម្មភាពឃោសនា ឲ្យគណបក្សនយោបាយណាមួយ ឬបេក្ខជនណាមួយ។ ក្នុងករណីដែលមិនគោរពតាមការព្រមានខាងលើ ត្រូវផាកពិន័យជាប្រាក់ពី៥,០០០,០០០រៀល ទៅ១០,០០០,០០០រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។ នេះបើតាមលោក ហង្ស ពុទ្ធា ដែលរំឭកពីច្បាប់បោះឆ្នោត ដោយបានបន្ថែមថា ការបោះឆ្នោតក្នុងរយៈពេល២ថ្ងៃនេះ មិនមានបញ្ហាអ្វីឡើយ។
គួរបញ្ជាក់ថា ការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់២៧ កក្កដា។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដា ដោយមានគណបក្សចំនួន២០ ចូលរួម៕
Tag:
ហង្ស ពុទ្ធា
គ.ជ.ប
រដ្ឋសភា
ព្រឹទ្ធសភា
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com