ជាតិ
នយោបាយអន្តរជាតិ
ទូតកម្ពុជា អំពាវនាវឲ្យពលរដ្ឋខ្មែរនៅជប៉ុន រាយការណ៍ទៅទូត ដើម្បីទទួលបានការជួយសង្គ្រោះ រូបពីហ្វេសប៊ុក៖លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន
× ភ្នំពេញ៖ ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អំពាវនាវឲ្យពលរដ្ឋខ្មែរ ដែលរស់នៅទីនោះ មានការប្រុងប្រយ័ត្ន ចំពោះគ្រោះទឹកជំនន់ ដែលកំពុងបង្កគ្រោះថ្នាក់គំរាមកំហែងដល់អាយុជីវិត។ ពលរដ្ឋខ្មែរដែលរស់នៅតំបន់រងគ្រោះទឹកជំនន់ ត្រូវរាយការណ៍ទៅស្ថានទូត ដើម្បីទទួលបានការជួយសង្គ្រោះពីស្ថានទូត។ គិតត្រឹមថ្ងៃចន្ទទី ៩ ខែកក្កដានេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយទឹកជំនន់និងបាក់ដី នៅក្នុងប្រទេសជប៉ុនកើនឡើងជាង៧០នាក់ហើយ ។
គិតមកដល់ពេលនេះ គឺមានរយៈពេល៤ថ្ងៃហើយ ដែលប្រទេសជប៉ុន កំពុងរងគ្រោះមហន្តរាយទឹកជំនន់ យ៉ាងធ្ងន់ធ្ងរ ដែលបង្កការប៉ះពាល់ដល់អាយុជីវិតមនុស្ស៧៥នាក់ ខណៈដែលប្រជាជនមួយចំនួន នៅបន្តបាត់ខ្លួនជាច្រើននាក់ផ្សេងទៀត នៅតំបន់ភាគកណ្តាល និងខាងលិចប្រទេសជប៉ុន។
ដោយសារប្រទេសជប៉ុនកំពុងទទួលរងឥទ្ធិពលទឹកជំនន់ និងបាក់ដីនេះ ស្ថានទូតខ្មែរប្រចាំជប៉ុន អំពាវនាវឲ្យពលរដ្ឋខ្មែរ ដែលកំពុងរស់នៅទីនោះ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាទឹកជំនន់នេះ ដោយរាយការណ៍មកស្ថានទូតជាបន្ទាន់ ដើម្បីបញ្ចៀសគ្រោះថ្នាក់។ «ស្ថានទូតមានក្តីបារម្ភពីសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលកំពុងរស់នៅ សិក្សា ធ្វើការនិងធ្វើកម្មសិក្សានៅតំបន់ទាំងនោះ។ នៅក្នុងន័យនេះ ក្នុងករណីជួបបញ្ហាឬករណីបន្ទាន់ណាមួយនៅក្នុងតំបន់ដែលកំពុងទទួលរងឥទ្ធិពល សូមទាក់ទងស្ថានទូតជាបន្ទាន់ ស្ថានទូតនឹងព្យាយាមដោះស្រាយឲ្យអស់ពីលទ្ធភាព »។ នេះបើតាមហ្វេសប៊ុករបស់ស្ថានទូតខ្មែរ ប្រចាំប្រទេសជប៉ុន។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បាននិយាយថា ក្រសួងមិនទាន់ទទួលបានរបាយការណ៍ពីស្ថានទូតកម្ពុជា ជុំវិញបញ្ហារបស់ពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសជប៉ុននៅឡើយទេ។ ក្រសួងការបរទេស កំពុងតាមដានលើបញ្ហាទឹកជំនន់នៅជប៉ុននេះ ដើម្បីត្រៀមជួយដោះស្រាយបញ្ហាពលរដ្ឋខ្មែរ។
ប្រជាជនជប៉ុនប្រហែល ១,៥ លាននាក់ត្រូវជម្លៀសចេញពីលំនៅដ្ឋាន ខណៈ ៣លាននាក់ផ្សេងទៀតត្រូវអាជ្ញាធរណែនាំឲ្យត្រៀមខ្លួនចាកចេញដូចគ្នា។ ស្ថានភាពកាន់តែដុនដាបបានបង្ខំឲ្យប្រជាជនឡើងទៅលើដំបូលផ្ទះ ដើម្បីគេចផុតពីការកើនឡើងនៃកម្រិតទឹកជំនន់ និងរង់ចាំការជួយសង្គ្រោះពីអាជ្ញាធរផងដែរ។
សូមបញ្ជាក់ថា ចំនួនអ្នកស្លាប់កើនក្នុងគ្រោះមហន្តរាយទឹកជំនន់ និងបាក់ដីលើកនេះកើនឡើងខ្ពស់ជាងគ្រោះមហន្តរាយឆ្នាំ ២០១៤ នៅហ៊ីរ៉ូស៊ីម៉ាដែលអ្នកស្លាប់កាលនោះមានត្រឹម ៧៤ នាក់ប៉ុណ្ណោះ៕
ពលរដ្ឋខ្មែររស់នៅតំបន់ ដែលជួបបញ្ហាគ្រោះទឹកជំនន់ នៅប្រទេសជប៉ុន អាចទាក់ទងតាមរយៈហ្វេសប៊ុករបស់ស្ថានទូត ឬតាមរយៈ៖ ១. លោក តាំង ផេងរិទ្ធី ទីប្រឹក្សាទទួលបន្ទុកពលករ ០៨០ ៣៤៥៩ ៧៨៨៩ ។ ២. លោក ឆេង ចំរើន ០៨០ ៤៦៨៩ ៩៣៧៤ ។ ៣. លោក ឌឿក វណ្ណរិទ្ធិ ០៨០ ៤៤៣៩ ៥៧០៤។
Tag:
ជុំ សន្ទរី
កម្ពុជា
ជប៉ុន
ទឹកជំនន់
គ្រោះធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com