ជាតិ
បោះឆ្នោត
សង្គ្រោះ​ជាតិ​ជា​អាយ៉ង​? សមាជិក​បក្ស​ឆ្លើយ​ទៅ​លោក ពេជ្រ ស្រស់ ថា «​មិនមែន​ទេ​»
09, Jul 2018 , 2:11 pm        
រូបភាព
លោក ពេជ្រ ស្រស់ ផ្តល់បទសម្ភាសដល់អ្នកកាសែត ពេលដង្ហែក្បួនឃោសនារកសំឡេងឆ្នោត
លោក ពេជ្រ ស្រស់ ផ្តល់បទសម្ភាសដល់អ្នកកាសែត ពេលដង្ហែក្បួនឃោសនារកសំឡេងឆ្នោត
ដោយ: ថ្មីៗ
​ខណៈ​កំពុង​ដឹកនាំ​សមាជិក​-​សមាជិកា និង​អ្នកគាំទ្រ ធ្វើ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត នៅតាម​ដងផ្លូវ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ក៏ត្រូវ​បាន​លោក សាន្ត ប៊ុនធឿន ចាងហ្វាង​កាសែត​ស្នេហា​ជាតិ រួមទាំង​អ្នកកាសែត​ផ្សេងទៀត ស្កាត់​សួរ​ពី​គោលនយោបាយ​។



​ក្រៅពី​សួរ​គោលនយោបាយ លោក សាន្ត ប៊ុនធឿន ក៏​ចង់​ឲ្យ​លោក ពេជ្រ ស្រស់ បញ្ជាក់ថា គណបក្ស​របស់លោក ជា​អាយ៉ង​របស់​គណបក្សកាន់អំណាច ដូច​មជ្ឈដ្ឋាន​មួយចំនួន ចោទប្រកាន់ ឬ​មិនមែន​ទេ​។

«​មាន​បងប្អូន​ខ្លះ​ថា​លោក ជា​អាយ៉ង​របស់​គណបក្សកាន់អំណាច​»​។ លោក សាន្ត ប៊ុនធឿន ​និយាយ​បែបនេះ ទៅកាន់​លោក ពេជ្រ ស្រស់ ហើយក៏​ចាប់ផ្តើម​សួរ​បែបនេះ​ថា​៖«​តើ​គណបក្ស​របស់លោក ជា​គណបក្ស​អាយ៉ង​របស់​គណបក្សកាន់អំណាច ដែរ​ទេ​?»​។

​ឮ​សំណួរ​ហើយ លោក ពេជ្រ ស្រស់ ដែល​គេ​នៅចាំ​ថា​ជា​អ្នកជំរុញ​ឲ្យ​ក្រសួងមហាផ្ទៃ ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​ឆ្លើយ​ឲ្យ​ចំ​ភ្លាមៗ​នោះទេ ដោយ​លោក បែរ​ទៅ​និយាយ​ពី​លោក សម រង្ស៊ី ជាមុនសិន​។ លោក លើកឡើងថា ពាក្យ​អាយ៉ង គឺ​កើតចេញពី​លោក សម រង្ស៊ី តាំងពី​ទសវត្សរ៍​៩៨ មកម្ល៉េះ​។ លោក បន្តថា ពាក្យ​អា​យ៉ាងនេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ដើរ​តាម សម រង្ស៊ី ចាំ​ក្នុង​ខ្លួន​តែម្តង​។

​ប្រធាន​គណបក្ស​យុវជន​កម្ពុជា បន្ថែមថា លោក សម រង្ស៊ី ក៏​ធ្លាប់​ចោទ​លោក កឹម សុខា និង​គណបក្ស​សិទ្ធិមនុស្ស ថា​ជា​អាយ៉ង​របស់​អ្នកដទៃ​ដែរ តែ​ចុងក្រោយ​លោក សម រង្ស៊ី និង កឹម សុខា បែរជា​ចាប់ដៃគ្នា​ទៅវិញ​។ និយាយ​ចប់​ត្រង់​កន្លែង​នេះ លោក ពេជ្រ ស្រស់ ក៏​បែរមុខ​ទៅក្រោយ ហើយ​ស្រែកសួរ​ខ្លាំងៗ​ទៅកាន់​សមាជិក​-​សមាជិកា និង​អ្នកគាំទ្រ យ៉ាង​ដូច្នេះ​ថា​៖«​អ៊ីចឹង​គណបក្ស​សង្គ្រោះ​ជាតិ ជា​អាយ៉ង​ទេ បងប្អូន​?»​។

​លោក ពេជ្រ ស្រស់ ហាក់​សង្ឃឹមថា សមាជិក​-​សមាជិកា និង​អ្នកគាំទ្រ នឹង​ស្របតាម​ខ្លួន ដែលថា​គណបក្ស​សង្គ្រោះ​ជាតិ ជា​អាយ៉ង​របស់គេ​។ ខុសពី​ការរំពឹងទុក មន្ត្រី​និង​អ្នកគាំទ្រ​របស់លោក បែរជា​ស្រែក​ត្រឡប់មកវិញ​ថា​៖«​អត់ [​អាយ៉ង​] ទេ​»​។​

​លោក ពេជ្រ ស្រស់ ព្យាយាម​សួរ​ម្តង​ទៀតថា​៖«[​គណបក្ស​សង្គ្រោះ​ជាតិ​] អាយ៉ង​ឬ​អត់​?»​។ ពួកគេ នៅតែ​ឆ្លើយ​អវិជ្ជមាន​ដដែល​ថា «​អត់​»​។ ពេល​ទទួលបាន​ចម្លើយ​ខុសពី​បំណង​ចំនួន​ពីរលើក លោក ពេជ្រ ស្រស់ ក៏​ឈប់​សួរ ហើយក៏​ឆ្លើយ​ខ្លួនឯង​ថា​៖«​ហេ ! អត់ [​អាយ៉ង​] យ៉ាងម៉េច អាយ៉ង​ពេញទំហឹង​តែម្តង​»​។ រំពេច​នោះ សមាជិក​-​សមាជិកា និង​អ្នកគាំទ្រ​របស់លោក ផ្ទុះសំណើច​ឡើង​ទាំងអស់គ្នា​។

​សំឡេង​លោក ពេជ្រ ស្រស់ ដែល​ឆ្លើយ​នឹង​សំណួរ​របស់លោក សាន្ត ប៊ុនធឿន​៖




​បន្តិច​មក លោក ពេជ្រ ស្រស់ ក៏​រិះគន់​លោក សម រង្ស៊ី និង​បក្សពួក ដែល​ពីមុន​ចោទ​លោក កឹម សុខា ថា​ជា​អាយ៉ង ហើយ​ឥឡូវ មក​ចោទ​គណបក្ស​របស់លោក រួមទាំង​គណបក្ស​ដទៃ​ទៀត ថា​ជា​អាយ៉ង​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ លោក បាន​លើក​ហេតុផល​ជាច្រើន ដើម្បី​បញ្ជាក់ថា គណបក្ស​របស់លោក មិនមែនជា​អាយ៉ង​នោះទេ​។

​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លើក​អំណះអំណាង​យ៉ាង​ដូច្នេះ​ថា​៖«​អាយ៉ង​ឬ​មិន​អាយ៉ង សូម​បងប្អូន​មើល​សកម្មភាព​។ ក្នុងចំណោម​គណបក្ស​ទាំង​១៩ តើ​មាន​គណបក្ស​ណាមួយ ហ៊ាន​តតាំង ហ៊ាន​និយាយ​ការពិត ជាមួយ​គណបក្សកាន់អំណាច ដូចជា រឿង​សាំង រឿង​ព្រំដែន និង​រឿង​អន្តោប្រវេសន៍​។ គណបក្ស​យុ​ជនកម្ពុជា ប្តេជ្ញា​យ៉ាង​មុះ​មុត ដើម្បី​សម្អាត​អ្នក​ខុសច្បាប់ រហូត​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ក្តៅស្លឹកត្រចៀក​ជាមួយ​គណបក្ស​យុវជន​កម្ពុជា​»​។ ក្រោយ​ផ្តល់​បទ​សម្ភាស​រួច លោក ពេជ្រ ស្រស់ ក៏​បន្ត​ដង្ហែ​ក្បួន​ឃោសនា​ទៅមុខទៀត​។

​ទោះជា​លោក ពេជ្រ ស្រស់ រួមទាំង​ប្រធាន​គណបក្ស​ដទៃ ប្រឹង​ការពារ​ខ្លួន​ថា មិនមែនជា​អាយ៉ង​របស់​គណបក្សកាន់អំណាច​ក៏ដោយ ក៏​លោក សម រង្ស៊ី និង​អតីត​ក្រុម​អ្នកប្រឆាំង នៅតែ​ចំអក​ឲ្យ​ពួកគេ​ដដែល​។ លោក សម រង្ស៊ី បន្ត​ហៅ​គណបក្ស​ទាំង​១៩ ដែល​យល់ព្រម​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​គណបក្ស​អំពិលអំពែក​។

​អតីត​ប្រធាន​គណបក្សប្រឆាំង ចាត់ទុក​ការសម្រេចចិត្ត​របស់​គ​ណ​បក្ស​ទាំងនោះ ដែល​ចូលរួម​ក្នុងការ​បោះឆ្នោត ថា​គ្រាន់តែ​ជាការ​បង្គ្រប់កិច្ច ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ត​កាន់អំណាច​ប៉ុណ្ណោះ​៕


Tag:
 បោះឆ្នោត​
  ពេជ្រ ស្រស់​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com